ហ្វីលីពីនបញ្ជាឱ្យពលរដ្ឋជម្លៀសខ្លួនចេញ មុនពេលព្យុះទីហ្វុងបោកបក់មកដល់
ម៉ានីល៖យោងតាមទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសហ្វីលីពីនបានឱ្យដឹងថា នៅព្រឹកថ្ងៃអង្គារនេះ ព្យុះទីហ្វុងដ៏ខ្លាំងមួយបានបោកបក់ឆ្ពោះទៅភាគខាងជើងប្រទេសហ្វ៊ីលីពីន បង្កឱ្យមានការជម្លៀសសហគមន៍នៅតាមឆ្នេរសមុទ្រចេញទៅរកកន្លែងមានសុវត្ថិភាព ដោយសារតែសហគមន៍ទាំងនោះអាចនឹងទទួលរងនូវឥទ្ធិពលព្យុះដ៏ខ្លាំងមួយនេះ។
ទីភ្នាក់ងារដដែលនេះបានលើកឡើងថា ព្យុះទីហ្វុងដុកស៊ូរី (Doksuri) កំពុងធ្វើដំណើរក្នុងកម្លាំងខ្យល់អតិបរមា ១៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបានបោកបក់ឆ្ពោះទៅកាន់កោះចំនួនបីដែលមានប្រជាជនមួយចំនួនកំពុងរស់នៅ។
យោងតាមព្រឹត្តិបត្រចុងក្រោយបង្អស់ពីទីភ្នាក់ងារនេះបានឱ្យដឹងថា ព្យុះនេះមានឈ្មោះជាភាសាហ្វីលីពីនថា អ៊ីហ្គេ (Egay)។ ព្យុះនេះត្រូវបានគេព្យាករណ៍ថានឹងបោកបក់ឆ្លងកាត់កោះ បាប៊ូយ៉ាន (Babuyan) ឬខេត្តខាហ្កាយ៉ាន (Cagayan) ភាគឦសានត្រឹមរសៀលថ្ងៃពុធស្អែកនេះ។
បន្ទាប់មក វានឹងវាយលុកទៅកាន់កោះតៃវ៉ាន់ និងភាគខាងកើតប្រទេសចិនបន្តទៀត។ ព្យុះនេះត្រូវបានគេព្យាករណ៍ថា នឹងនាំមកនូវទឹកភ្លៀងលើសពី ២០០ មីលីម៉ែត្រទៅកាន់បណ្ដាកោះមួយចំនួន និងតំបន់ភាគខាងជើងនៃខេត្តខាហ្កាយ៉ាន ខេត្តអាប៉ាយ៉ៅ (Apayao) និងខេត្តអ៊ីឡូខូស (Ilocos Norte) នៅថ្ងៃអង្គារនេះ។
គួរដឹងដែរថា ក្រុមកោះបាប៊ូយ៉ានចំនួនបី កោះក្នុងចំណោមកោះទាំងប្រាំ មានប្រជាជនរស់នៅប្រហែលជាពីរម៉ឺននាក់។
មន្ត្រីផ្នែកគ្រោះមហន្តរាយក្នុងតំបន់ លោក ឆាល កាស្ទីឡេចូស (Charles Castillejos) បាននិយាយថា ៖ «អាជ្ញាធរបានបញ្ជាឱ្យសហគមន៍ឆ្នេរសមុទ្រនៅលើកោះទាំងនោះ ចាកចេញពីផ្ទះរបស់ពួកគេ ខណៈដែលអ្នកនេសាទត្រូវយកទូករបស់ពួកគេចេញពីទឹក»។
លោក កាស្ទីឡេចូស បានប្រាប់ទៅកាន់សារព័ត៌មាន AFP ថា ៖ «យើងបានបញ្ជូនក្រុមប៉ូលិស ទៅបញ្ចុះបញ្ចូលអ្នកដែលក្បាលរឹង មិនព្រមជម្លៀសចេញពីតំបន់នោះហើយ»។ ទីភ្នាក់ងារអាកាសធាតុបានព្រមានទៀតថា ខ្យល់ព្យុះដែលមានរយៈកម្ពស់លើសពី ៣ ម៉ែត្រនេះ អាចវាយប្រហារទៅកាន់តំបន់ទំនាបមួយចំនួនបាន។
ទីភ្នាក់ងារដដែលបានបន្ថែមថា ខេត្តភាគខាងជើងនៅតំបន់ភ្នំនឹងមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ និងមានការបាក់ដីថែមទៀតផង។ គួរដឹងដែរថា ប្រទេសហ្វីលីពីនតែងតែទទួលរងការវាយប្រហារដោយព្យុះធំៗជាមធ្យមចំនួន ២០ ដងជារៀងរាល់ឆ្នាំ និងបានសម្លាប់មនុស្សរាប់រយនាក់ ជាពិសេស បានបន្សល់ទុកនូវពលរដ្ឋហ្វីលីពីនជាច្រើននាក់ ឱ្យរស់នៅក្នុងភាពក្រីក្រ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកវិទ្យាសាស្ត្របានព្រមានទៀតថា ព្យុះដែលអាចសម្លាប់សត្វពាហនៈ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងអស់នោះ នឹងកាន់តែមានឥទ្ធិពលខ្លាំងឡើងៗ ព្រោះពិភពលោកកាន់តែក្តៅដោយសារតែការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ធា សុណា
ប្រភព៖ Channel NewsAsia
Philippines orders evacuations ahead of super typhoon Doksuri