អេបផល ប្រឈម​នឹង​ការ​ប្តឹង​ទាមទារ​សំណង​ចំនួន មួយពាន់​លាន​ដុល្លារពីសំណាក់ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី​នៅ​ចក្រភព​អង់គ្លេស

អាមេរិក៖ នៅថ្ងៃទី២៥ ខែកក្កដា​នេះ ក្រុមហ៊ុន អេបផល(Apple) ​បានប្រកាសថា​ ក្រុមហ៊ុននេះ​ ​បានក្លាយ​ជាគោលដៅ​នៃការ​ ប្តឹងទាមទារសំណងរហូតទៅដល់ ៧៨៥ លានផោន (មួយពាន់លានដុល្លារ) ពីសំណាក់​ក្រុមអ្នកអភិវឌ្ឍន៍​កម្មវិធីប្រមាណ ១ ៥០០ នៅចក្រភពអង់គ្លេសជុំវិញការគិតថ្លៃសេវា App Store របស់ខ្លួន។​

សេវាកម្មរបស់ក្រុមហ៊ុន Apple ដែលរាប់បញ្ចូលទាំង App Store មានប្រាក់​ចំណូល​កើន​ឡើង​ក្នុង​ល្បឿន​យ៉ាង​លឿនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយសម្រាប់ពេលនេះត្រឹមមួយត្រីមាស ក្រុមហ៊ុន Apple អាចរកចំណូលបាន ២០ពាន់លានដុល្លារពីកម្មវិធីទាំងនោះ។​

ក្រុមហ៊ុន Apple ខ្លួនឯងធ្លាប់បានលើកឡើងថា ៨៥ភាគរយនៃអ្នកអភិវឌ្ឍន៍កម្មវិធីនៅលើ App Store មិនតម្រូវ​ឱ្យបង់កម្រៃជើងសារណាមួយឡើយ ដោយគោលដៅនេះ គឺដើម្បី​ជួយអ្នកអភិវឌ្ឍន៍កម្មវិធី​នៅអឺរ៉ុប​ក្នុងការ​ចូលទៅកាន់​ទីផ្សារ និងពង្រីកខ្លួនឱ្យ​ដល់ដៃអតិថិជនដែលមាន​ ១៧៥ ប្រទេសជុំវិញពិភព​លោកតាម​រយៈ App Store។​

ទោះជាយ៉ាងណាក៏ដោយថ្មីៗនេះ កម្រៃជើងសារដែល Apple បានដាក់ក្នុងរង្វង់ ១៥ភាគរយ ទៅ ៣០ភាគរយ ទៅលើអ្នក​អភិវឌ្ឍន៍កម្មវិធីមួយចំនួនសម្រាប់ការដាក់កម្មវិធីរបស់ពួកគេលើ Apple Store កំពុង​រងការរិះគន់​ដោយអ្នកអភិវឌ្ឍន៍កម្មវិធីផ្ទាល់ ហើយការណ៍នោះក៏ត្រូវបានគេចាត់​ទុកថាជា​ការរំលោភ​បំពានទំនុកចិត្ត នៅក្នុងប្រទេស​មួយចំនួនដែរ​។​

បណ្តឹងកើតមានឡើងពីសំណាក់ចក្រភព​អង់គ្លេស​នៅ​សាលា​ឧទ្ធរណ៍ដែលតំណាង​ឱ្យអ្នកអភិវឌ្ឍន៍​កម្មវិធីចំនួន ១ ៥៦៦​នាក់។ បណ្តឹងនេះត្រូវ​បានប្តឹង​ដោយលោក Sean Ennis ជាអតីតសេដ្ឋវិទូនៅ OECD និងជាសាស្ត្រាចារ្យនៃ​មជ្ឈមណ្ឌលគោលនយោបាយ​ប្រកួតប្រជែងនៅសាកលវិទ្យាល័យ East Anglia។​

លោក Ennis បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «ការគិតថ្លៃរបស់ Apple ទៅលើអ្នកបង្កើ​តក​ម្មវិធីគឺហួសហេតុ ហើយអាចធ្វើទៅ​បានដោយសារ​តែការផ្តាច់មុខរបស់​ខ្លួនលើការចែកចាយ​កម្មវិធីទៅកាន់ iPhone និង iPads»។

លោកបាន​បន្តថា ការចោទប្រកាន់នេះគឺអយុត្តិធម៌ និងបំពានតម្លៃ ទៅលើក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីទាំងអស់ ហើយកត្តានេះក៏ធ្វើឱ្យប៉ះពាល់ដល់អ្នកបង្កើតកម្មវិធី និងអ្នកទិញកម្មវិធីនោះផងដែរ៕​

ប្រែសម្រួល៖ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភព៖ Apple faces $1 bln UK lawsuit by apps developers over app store fees

https://www.reuters.com/technology/apple-faces-1-bln-uk-lawsuit-by-apps-developers-over-app-store-fees-2023-07-24/

ads banner