លិចកាណូតបាឡាស្មាច់មួយគ្រឿងនៅខាងកើតកោះចាប ស្រុកកំពង់លែង បាត់ខ្លួនមនុស្សពីរនាក់
កំពង់ឆ្នាំង៖ កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ មានភ្លៀង មួយមេយ៉ាងធំ លាយឡំនឹងខ្យល់កន្រ្តាក់ បណ្តាលឱ្យ ក្រឡាប់លិច កាណូតបាឡាស្មាច់មួយគ្រឿងដែលជិះគ្នា នៅចំណុចខាងកើត កោះចាប ក្នុងភូមិសាស្ត្រឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ប្រភពអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថាក្នុងហេតុការណ៍នេះ បណ្តាលឱ្យ បាត់ខ្លួនមនុស្សពីរនាក់ និងម្នាក់ទៀតហែលរួចផុតពីគ្រោះថ្នាក់ ។គិតត្រឹមព្រឹកថ្ងៃទី២៦ខែកក្កដានេះជនរងគ្រោះដែលបាត់ខ្លួនរកពុំទាន់ឃើញនៅឡើយ។ ជនរងគ្រោះទាំងបីនាក់មាន៖ ១.ឈ្មោះ រ៉េន រឹទ្ធ ភេទ ប្រុស អាយុ ៣០ឆ្នាំ ត្រូវជាប្ដី(បាត់ខ្លួន)។ ២.ឈ្មោះ អេង យីម ភេទស្រី អាយុ ៤៤ឆ្នាំ ត្រូវជាប្រពន្ធ(បាត់ខ្លួន ) និង៣.ឈ្មោះ ប៉ុន ភារម្យ ភេទ ប្រុស អាយុ១៦ ឆ្នាំ ត្រូវជាកូន បានហែលរួច ។
ជនរងគ្រោះមានទីលំនៅ ក្នុងភូមិដំណាក់កកោះ ឃុំពោធិ ស្រុកកំពង់លែង ។សមត្ថកិច្ចកំពុងខ្នះខ្នែងស្វែងរកអ្នកដែលបាត់ខ្លួន ៕ ដោយ៖ ង៉ាន់ ទិត្យ
ប្រភពមន្ទីរព័ត៍មានខេត្តកំពង់ឆ្នាំង

