របរចិញ្ចឹមកង្កែបបានជួយផ្លាស់ប្តូរ២នាក់ប្តីប្រពន្ធពីដើរស៊ីឈ្នួលគេមកមានជីវភាពល្អប្រសើរ
(ពោធិ៍សាត់)៖ ត្រឹមរយៈពេលជិតមួយឆ្នាំដែលធ្លាប់តែដើរស៊ីឈ្នួលគេ រកប្រាក់សម្រាប់ចិញ្ចឹមគ្រួសារជួបការលំបាក ទីបំផុតប្តីប្រពន្ធមួយគ្រួសារបានសម្រេចចិត្តផ្លាស់ប្តូរមកចាប់មុខរបរចិញ្ចឹមកង្កែបវិញ បានជួយឱ្យជីវភាពគ្រួសារ អាចរកចំណូលជាប់ជាប្រចាំថ្ងៃ,មិនចាំបាច់ដើរស៊ីឈ្នួលគេ និងមិនចំណាកស្រុក។
លោក ហ៊ុន សិលា រស់នៅ ភូមិឆាយលូក ឃុំ អូរសោម ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ដែលបានជ្រើសរើសមុខរបរថ្មីមកចិញ្ចឹមកង្កែបប្រាប់ឱ្យដឹងថា៖មុននេះលោកជាអ្នកស៊ីឈ្នួលដើរកាត់ស្មៅតាមចំការ ឱ្យគេដែលប្រាក់ឈ្នួលចាយមិនគ្រប់សម្រាប់គ្រួសារ ប៉ុន្តែចាប់ពីចុងឆ្នាំ ២០២២មក លោកបានចាប់ផ្តើមចិញ្ចឹមកង្កែបដែលមានអ្នកជំនាញគម្រោងអភិវឌ្ឃន៍សហគមន៍អង្គការសម្ព័ន្ធមិត្តសត្វព្រៃមកជួយជ្រោមជ្រែង ពេលនេះបានហុចលទ្ធផលរកស្មានមិនដល់។

ក្នុងការចិញ្ចឹមកង្កែប ពិសេសការបង្កាត់ពូជកូនកង្កែបដែលមានអ្នកជំនាញជួយជ្រោមជ្រែងធ្វើឱ្យគ្រួសារលោក ហ៊ុន សិលា អាចរកចំណូលពីការលក់កូនកង្កែប និងលក់កង្កែបធំយកសាច់បានថវិការអាចជួយឱ្យសេដ្ឋកិច្ចគ្រួសារល្អប្រសើរជាងមុនឆ្ងាយណាស់។
បុរសវ័យ ២៩ឆ្នាំរូបនេះបានប្រាប់ថា”ការចិញ្ចឹមកង្កែបត្រឹមរយៈពេល៣ខែបានលក់ហើយ ដោយក្នុងនេះកង្កែបធំលក់បានក្នុងមួយគីឡូក្រាម ១៥.០០០ ដល់ ២០.០០០រៀល ។ មួយថ្ងៃខ្ញុំអាចលក់កូនកង្កែប និង កង្កែបធំតិចបំផុត ៣ម៉ឺនរៀល” ។
អ្នកស្រី សួង ស្រីណែត ជាភរិយាបានប្រាប់ថា៖គ្រួសាររបស់ខ្លួនកន្លងមកជួបការលំបាកដោយសារចេញទៅស៊ីឈ្នួលកាត់ស្មៅឱ្យគេបានត្រឹមមួយថ្ងៃ៣ម៉ឺនរៀល ហើយជួនមានការងារ និងជួនថ្ងៃខ្លះទៀតគ្មានការងារ។ក្នុងរយៈពេលប៉ុន្មានខែមកនេះក្រោយចាប់មុខរបរចិញ្ចឹមកង្កែបលក់ មិនត្រឹមតែជួយដោះស្រាយថវិការប្រចាំថ្ងៃបានងាយស្រួលទេ ថែមទាំងមានពេលវេលាច្រើននៅផ្ទះសម្បែងក្នុងការថែទាំកូនចៅបានថែមទៀត។

អ្នកនាង ផេង សោភា ប្រធានដឹកនាំគម្រោង ជីវភាព សហគមន៍នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹងថាអង្គការអ្នកនាងតែងផ្តល់បច្ចេកទេសក្នុងការធ្វើអាងចិញ្ចឹមកង្កែប ធ្វើទ្រុងចិញ្ចឹមមាន់ និងពិសេសការចាក់ថ្នាំបង្កាមេរោគ និងការព្យាបាលរោគជំងឺនៅពេលសត្វឈឺដល់ប្រជាសហគមន៍ដែលមានបញ្ហាកើតឡើង។

ដោយឡែក លោក សុន បូរា ប្រធានការិយាល័យ ជីវភាពសហគមន៍នៃអគ្គនាយដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថានបានបញ្ជាក់ថា៖ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ជាទិសដៅដ៏សំខាន់សម្រាប់ថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ។យើងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានមុខរបរ ជំនាញ ចំណូល និងមានជម្រើស ជៀសវាងការពឹងផ្អែកលើធនធានធម្មជាតិ។

គួរបញ្ជាក់ថាគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង បានជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិឆាយលូក ឃុំ អូរសោម ស្រុក វាលវែង ខេត្ត ពោធិ៍សាត់ ដោយក្នុងនេះបានជួយឱ្យពួកគាត់មានលទ្ធភាពក្នុងការចិញ្ចឹមមាន់ ចិញ្ចឹមកង្កែបសម្រាប់ផ្គត់ផ្គង់ជីវភាពដោយរបរកសិកម្ម មិនធ្វើចំណាកស្រុក៕

ដោយ ៖ ម៉ាដេប៉ូ