មេបញ្ជាការកងទ័ពជើងគោក ជំរុញឲ្យកងទ័ពខិតខំពង្រឹងសមត្ថភាពបំពេញភារកិច្ច ដើម្បីបម្រើជាតិមាតុភូមិ

អត្ថបទដោយ៖
Kien Sereyvuth

មេបញ្ជាការកងទ័ពជើងគោក បានជំរុញឲ្យកងទ័ពខិតខំពង្រឹងសមត្ថភាពបំពេញភារកិច្ច ដើម្បីបម្រើជាតិមាតុភូមិ។ ប្រសាសន៍ជំរុញរបស់អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសជួសជុលអាវុធគ្រាប់រំសេវគ្រឿងចក្រ គ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៩ នៅសាលាពលទាហានទី២ ខេត្តត្បូងឃ្មុំ នៅថ្ងៃសទី១សីហាម្សិលមិញ។

លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងថា កងយោធពលខេមរភូមិន្ទនៅតែចាត់ទុកវិស័យហ្វឹកហ្វឺនគឺជាការងារដ៏មានសារសំខាន់ ដែលត្រូវដំណើរការជាប់ជាប្រចាំ ដើម្បីអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈយោធិន និងកសាងជួរកងកម្លាំងបន្តវេន ឆ្លើយតបទៅនឹងការបន្តអនុវត្តផែនការកែទម្រង់កងយោទ្ធពលខេមរៈភូមិន្ទ។ លោកបានបន្តថា ការគ្រប់គ្រងកម្លាំងបានហ្មត់ចត់ គឺមានសារសំខាន់ណាស់ មិនមែនគ្រប់គ្រងតែមនុស្សទេ គឺគ្រប់គ្រងទាំងស្មារតី សតិអារម្មណ៏ ឆន្ទៈឲ្យបានច្បាស់លាស់ និងគ្រប់គ្រងបំពាក់បំប៉ននូវសមត្ថភាពដើម្បីបំពេញភារកិច្ច។

លោកឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ការងារហ្វឹកហ្វឺនជាការងារសំខាន់ក្នុងការធានារនិរន្តភាព និងសមត្ថភាពកងទ័ព និងសមត្ថភាពឥទ្ធិពលរបស់ប្រទេសជាតិទាំងមូល បើកងទ័ពខ្សោយ នោះកិត្យានុភាពជាតិក៏ខ្សោយដែរ។ កងទ័ពត្រូវតែខ្លាំងទាំងការបំពាក់សម្ភារ ទាំងឆន្ទៈសមត្ថភាពហើយ ការកសាងធនធានមនុស្ស គឺសំខាន់ណាស់ដែលការកសាងធនធានមនុស្សគឺផ្អែកលើកត្តា៣ គឺកត្តាសាលា កត្តាកម្មវិធីសិក្សា ឯកសារសម្ភារ និងកត្តាយោធាចារ្យ ព្រមទាំងកត្តាលើកទឹកចិត្តផ្សេងៗ។

លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានជំរុញឲ្យកងទ័ពត្រូវខិតខំពង្រឹងសមត្ថភាពបំពេញភារកិច្ច ដើម្បីបម្រើជាតិមាតុភូមិ ក៏ដូចជាការពង្រឹងស្មារតីសតិអារម្មណ៍ច្បាស់លាស់នៅក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសនៅក្នុងដំណាក់កាលនៃការអូសទាញពីមជ្ឈដ្ឋានមួយចំនួន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner