សម្ដេចតេជោ បញ្ជាក់ពីការបន្តបើកឱកាសសម្រាប់គណបក្សដទៃទៀត ក្នុងការចូលរួមជា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការបន្តបើកឱកាសសម្រាប់គណបក្សដទៃទៀត ក្នុងការចូលរួមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២សីហានេះ នៅវិមានសន្ដិភាពរាជធានីភ្នំពេញ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់លោកថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានតែយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទេ ដែលមានសុពលភាព ក្នុងការកោះហៅ ក្រសួង ស្ថាប័នរដ្ឋមកសាកសួរតែប៉ុណ្ណោះ ក្រៅពីសភា ហើយយន្តការនោះ នៅតែបើកចំហសម្រាប់គណបក្សដទៃទៀត ក្នុងការចូលរួមជាសមាជិកតាមរយៈការស្នើសុំជាសមាជិក។
សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវគេរាយការណ៍ថា ជាយន្តការពិគ្រោះ និងផ្តល់យោបល់ ជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។ ឧត្តមក្រុមប្រឹក្សានោះ ត្រូវគេឃើញថា បានកោះហៅក្រសួង ស្ថាប័នពាក់ពន្ធ័មួយចំនួនទៅសាកសួរ ឆ្លើយបំភ្លឺ និងចុះសិក្សាស្រាវជ្រាវបញ្ហាមួយចំនួនទៀត នៅតាមមូលដ្ឋានផងដែរ៕ធ.ដ