លោកជំទាវ ជា សិរី ត្រូវបានតែងតាំងជាអគ្គទេសាភិបាលធនាគារជាតិជំនួសឯកឧត្តម ជា ចាន់តូ
ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាថ្មី ជំនួសឯកឧត្តម ជា ចាន់តូ គឺលោកជំទាវ ជា សិរី និងបានតែងតាំងអគ្គទេសាភិបាលរងបីរូបថ្មីផងដែរ។
តាមរយៈព្រះរាជក្រឹត្យដែលបានឡាយព្រះហត្ដលេខាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ដោយបានតែងតាំង លោកជំទាវ ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ជំនួសឯកឧត្តម ជា ចាន់តូ ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី។
ជាមួយគ្នានេះ ព្រះមហាក្សត្រក៏បានចេញរាជក្រឹត្យបត្រាស់បង្គាប់តែងតាំងអគ្គទេសាភិបាលរងធនាគារជាតិចំនួនបី រូបផងដែរ ដែលមានឋានៈស្មើរដ្ឋមន្ត្រី ក្នុងនោះរួមមាន ឯកឧត្តម រ័ត្ន សុវណ្ណនរៈ, លោកជំទាវ សាយ សំអាត និងឯកឧត្តម យឹម លាត។
សូមបញ្ជាក់ដែរថា លោកជំទាវ ជា សិរី ធ្លាប់បម្រើការជាអគ្គទេសាភិបាលរងរបស់ធនាគារជាតិ ដែលត្រូវបានព្រះរាជក្រឹត្យតែងតាំងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ហើយមុនតំណែងនេះលោកជំទាវមាននាទីជាអគ្គនាយកបច្ចេកទេស និងជាឧបការីអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហនេះដែរ សម្រាប់បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់លើលោកជំទាវ ជា សិរី ដែលលោកថា ទោះបីលោកជំទាវជាកូនស្រីរបស់អគ្គទេសាភិបាលចាស់ក៏ពិតមែន ប៉ុន្តែលោកជំទាវមានសមត្ថភាពច្បាស់លាស់ និងបទពិសោធន៍ជោកជាំលើវិស័យហិរញ្ញវត្ថុ និងធ្លាប់មានស្នាដៃធ្វើឱ្យវិស័យធនាគារនៅកម្ពុជាប្រសើរឡើង។
លោក អ៊ិន ចាន់នី បានប្រាប់នៅថ្ងៃទី៣០ ខែកក្កដា ដោយលោកលើកឡើងនូវបួនចំណុចពិសេសរបស់លោកជំទាវ ជា សិរី ក្នុងនោះ លោកស្រីបានបញ្ចប់ការសិក្សាកម្រិតខ្ពស់ពីក្រៅប្រទេសស្តង់ដារអន្តរជាតិ, ជាមាតានៃឥណទានកម្ពុជា ដោយលោកស្រីបានជួយសម្រួលដល់ការផ្តល់កម្ចីហិរញ្ញប្បទានថ្នាក់ជាតិឱ្យសមាមាត្រ។លោកជំទាវ ជាស្ថាបនិកប្រព័ន្ធបាគង ដែលជាប្រព័ន្ធមធ្យោបាយទូទាត់ហិរញ្ញវត្ថុក្នុងសម័យឌីជីថលបង្កើតភាពងាយស្រួលដល់អាជីវកម្មនិងការទូទាត់ និងចុងក្រោយ លោកជំទាវជាថ្នាក់ដឹកនាំស្ត្រីគំរូ មានសមត្ថភាពធ្វើទំនាក់ទំនងក្នុងឆាកអន្តរជាតិក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុនេះ។
បណ្ឌិត អ៊ិន ចាន់នី សង្កត់ធ្ងន់ថា ៖ «ខ្ញុំយល់ថា លោកស្រីមានសមត្ថភាពស័ក្ដិសមនឹងតួនាទីថ្មីនេះ មិនមែនដោយសារគាត់ជាកូនស្រីមន្ត្រីជាន់ខ្ពស់ទេ ប៉ុន្តែគាត់មានចំណេះ ជំនាញខ្លួនឯង ដោយខ្ញុំសង្កេតឃើញថាក្នុងចំណោមមន្ត្រីនៅធនាគារជាតិ គាត់ជាមនុស្សលេចធ្លោជាងគេ។ គាត់មានវ័យក្មេងមែន ប៉ុន្តែមានសមត្ថភាពពេញលេញ ដើម្បីជំរុញការរីកចម្រើនវិស័យហិរញ្ញវត្ថុទៅកម្រិតអន្តរជាតិ»។
ចំណែកលោក សុខ វឿន នាយកប្រតិបត្តិក្រុមហ៊ុន LOLC Cambodia និងជាអតីតប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) អាណត្តិឆ្នាំ២០២២-២០២៣ សម្តែងក្តីអបអរសម្រាប់លោកស្រី ជា សិរី ។លោកអះអាងថា លោកជំទាវជាមនុស្សមានសមត្ថភាព និងទេពកោសល្យក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនេះ។ ជាពិសេសក្នុងភាពជាអ្នកដឹកនាំដឹក ដែលស្តែងឡើងតាមរយៈតួនាទីរបស់លោកជំទាវជាអគ្គនាយកបច្ចេកទេស និងជាឧបការីអគ្គទេសាភិបាលធនាគារជាតិ កន្លងមក។
លោក សុខ វឿន បង្ហាញសុទិដ្ឋិនិយមថា ៖ «នៅពេលលោកស្រីត្រូវបានតែងតាំងជាអគ្គទេសាភិបាលធនាគារជាតិ ខ្ញុំនៅតែមានជំនឿជឿទុកចិត្តពីទេពកោសល្យ ចំណេះជំនាញរបស់គាត់នឹងអាចកាន់តួនាទីនេះបានល្អ ហើយគាត់ត់ក៏ជាមនុស្សជំនាន់ថ្មីដែលអាចជួយជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនេះកាន់តែល្អប្រសើរ»។
លោកបង្ហាញចំណាប់អារម្មណ៍ចំពោះការវាយតម្លៃរបស់រដ្ឋាភិបាលដែលសម្រេចច្បិចយកស្ត្រីជាថ្នាក់ដឹកនាំកំពូលៗរបស់ស្ថាប័នរដ្ឋ ដែលជាចំណែកចលករក្នុងសមភាពយេនឌ័រផង ហើយដើម្បីជាការលើកកម្ពស់ស្រ្តីនៅក្នុងវិស័យហិរញ្ញវត្ថុ ។
លោកសន្និដ្ឋានជារួមថា ៖ «មិនថាស្ត្រី ឬបុរសនោះទេ គឺសុទ្ធតែមានសមត្ថភាព ហើយខ្ញុំក៏សង្ឃឹមដែរថា អគ្គទេសាភិបាលធនាជាតិថ្មីដែលជាស្ត្រី នឹងជំរុញតួនាទីស្ត្រីកាន់តែប្រសើរនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ»។
សូមជម្រាបដែរថា លោកជំទាវ ជា សិរី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Victoria ប្រទេសញូវសេឡិន នៅឆ្នាំ២០០២។ នៅឆ្នាំ២០១០ លោកស្រីបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកធនាគារពីសាកលវិទ្យាល័យ SOAS នៃទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស និងឆ្នាំ២០១៩ បានបញ្ចប់សញ្ញាបត្រអនុបណ្ឌិតមួយទៀតនៅសាលាគោលនយោបាយ លី ក្វាន់យូ សិង្ហបុរី។នៅឆ្នាំ២០២១ លោកស្រីបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យAdelaide ប្រទេសអូស្ត្រាលី។
នៅក្នុងវិស័យការងារ មុនក្លាយជាជាអគ្គទេសាភិបាលនិងអគ្គទេសាភិបាលរងរបស់ធនាគារជាតិនៃកម្ពុជាលោកជំទាវបានចូលបម្រើការងារនៅស្ថាប័ននេះតាំងពីឆ្នាំ១៩៩៩មក ហើយនៅឆ្នាំ២០០២ ក្រោយបញ្ចប់បរិញ្ញាបត្រលោកជំទាវបានបម្រើការងារនៅនាយកដ្ឋានត្រួតពិនិត្យធនាគារ ហើយក្រោយមកត្រូវបានតែងតាំងជាអគ្គនាយករងបច្ចេកទេស,បន្ទាប់មកក្លាយជាអគ្គនាយកបច្ចេកទេសនិងជាឧបការីអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។រហូតនៅខែមីនាឆ្នាំ២០២៣លោកជំទាវត្រូវបានតែងតាំងជាអគ្គទេសាភិបាលរងធនាគារជាតិកម្ពុជា៕
ដោយ៖សំបាន ច័ន្ទដារ៉ា