អឺរ៉ុបប្រកាសត្រៀមខ្លួនរួចរាល់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីន

ម៉ានីល៖ ប្រមុខគណៈកម្មការអឺរ៉ុប បានប្រកាសនៅថ្ងៃទី៣១ ខែកក្កដាថា សហភាពអឺរ៉ុបបានត្រៀមខ្លួនជាស្រេចហើយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីន ជាពិសេសបញ្ហាសន្តិសុខដែនសមុទ្រ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនដឺ លីយែន បានប្រើដំណើរទស្សនកិច្ចមកកាន់ប្រទេសហ្វីលីពីន ដើម្បីសង្កត់ធ្ងន់អំពីសារសំខាន់ នៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហ។

លោកស្រី វ៉ុនដឺ លីយែន បានថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស យ៉ាងដូច្នេះថា យើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីន ជុំវិញបញ្ហាសន្តិសុខដែនសមុទ្រនៅក្នុងតំបន់ តាមរយៈការចែករំលែកព័ត៌មាន, ការវាយតម្លៃលើការគំរាមកំហែង និងការកសាងសមត្ថភាពនៃឆ្មាំសមុទ្ររបស់ហ្វីលីពីន។

ក្រៅពីរបៀបវារៈខាងលើនេះ មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាផងដែរ អំពីការចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឡើងវិញ ដែលត្រូវបានជាប់គាំងតាំងពីឆ្នាំ ២០១៧។ ការចរចានេះត្រូវបានចាប់ផ្តើមកាលពីឆ្នាំ ២០១៥ ក្នុងគោលបំណងបញ្ចប់កិច្ចព្រមព្រៀងដែលគ្របដណ្តប់លើពន្ធគយ, របាំងមិនមែនពន្ធសម្រាប់ពាណិជ្ជកម្ម និងកម្មសិទ្ធិបញ្ញាក្នុងចំណោមបញ្ហាដទៃទៀត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ads banner