ក្រុមហ៊ុនចំនួន៦ ចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០១៩ របស់ខណ្ឌចំការមន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០១៩ ដែលមាន ០៥គម្រោង ត្រូវបានរដ្ឋបាលខណ្ឌចំការមន ដាក់ឲ្យដេញថ្លៃ នៅក្នុងបរិវេណវត្តទួលទំពូង កាលពីរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ក្រោមវត្តមានឯកឧត្តម ស៊ុយ សេរិទ្ឋ អភិបាលរងរាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលខណ្ឌចំការមន លោក គឹម ចាន់ឌីណា ប្រធានមន្ទីរផែនការរាជធានី និងលោក ម៉េត មាសភក្តី ប្រធានការិយាល័យវិនិយោគ និងផែនការ ព្រមទាំងលោក លោកស្រីជាអភិបាលរងខណ្ឌ និងចៅសង្កាត់ទាំង៥ និងមានប្រជាពលរដ្ឋ ចូលរួមជាច្រើននាក់។

លោក ថេង សុថុល បានឱ្យដឹងថា ឆ្នាំនេះជាឆ្នាំទី១ របស់ក្រុមប្រឹក្សាសង្កត់អាណត្តិទី៥ បានលើកផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ខ្លួន តាមគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ ដោយក្រុមប្រឹក្សាសង្កាត់នីមួយៗ មានគណនេយ្យភាពជាមួយប្រជាពលរដ្ឋ និងក្រុមប្រឹក្សារាជធានីភ្នំពេញ មានការណែនាំពីទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិ ថ្នាក់រាជធានីភ្នំពេញ មន្ទីរផែនការ ទីចាត់ការផែនការ និងវិនិយោគរាជធានី ព្រមទាំងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។ លោកអភិបាលខណ្ឌ បន្តថា ក្នុងឆ្នាំនេះ យើងបានដំណើរការដេញថ្លៃគម្រោងរបស់សង្កាត់ទាំង៥ បានខិតខំកែលម្អសោភណ្ឌភាព កសាងហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្ត ដូចជាការជួសជុលផ្លូវបេតុង គ្មានសរសៃដែក ជីកដាក់លូរំដោះទឹក ជួសជុលផ្លូវអ៊ុតកៅស៊ូ ជាដើម។

លោក ថេង សុថុល បានបញ្ជាក់ថា សង្កាត់ទាំង៥នៃរដ្ឋបាលខណ្ឌចំការ ក្នុងនោះមានសង្កាត់ទន្លេបាសាក់ ដេញថ្លៃគម្រោងផ្លូវបេតុងគ្មានសសៃដែក និងជីកដាក់លូមូលរំដោះទឹក នៅភូមិ៧, ១២, ១៦ ។ សង្កាត់បឹងត្របែក ដេញថ្លៃគម្រោងជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រវែង០,១៣៨គីឡូម៉ែត្រ ទទឹង៧,២ម៉ែត្រ កម្រាស់ ៥០ម.ម និងប្រវែង ០,១៤៣ម៉ែត្រ ទទឹង ៦,២ម៉ែត្រ កំរាស់ ៥០ម.ម និងស្លាកសញ្ញាគម្រោង១កន្លែង។ សង្កាត់ទួលទំពូង១ ដេញថ្លៃគម្រោងជួសជុលផ្លូវបេតុងអាមេ ប្រវែង១៨៤ម៉ទែត្រ ទទឹង៧ម៉ែត្រ។ សង្កាត់ទួលទំពូងទី២ ដេញថ្លៃគម្រោងដាក់លូមូល៤៧៥ម៉ែត្រ ទំហំ ៦តឹក និងស្លាកសញ្ញាគម្រោង១កន្លែង។

សង្កាត់ផ្សារដើមថ្កូវ ដេញថ្លៃលើគម្រោងដាក់លូរំដោះទឹកប្រវែង៩៤៧ម៉ែត្រ មុខកាត់ ៥តឹក និងអណ្តូងលូ ៦៣កន្លែង តាមផ្លូវ៤៣០ ,១០៣ និងស្លាកសញ្ញាគម្រោង១កន្លែង។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌចំការមន បានស្នើឲ្យគណៈកម្មការលទ្ធកម្មសង្កាត់នីមួយៗ ត្រូវពិនិត្យឲ្យបានហ្មត់ចត់ ចំពោះក្រុមហ៊ុនដែលបានដេញថ្លៃឈ្នះ ក្នុងតម្លៃទាបត្រូវធានាតាមលក្ខណៈបច្ចេកទេស ធានាគុណភាព ត្រូវធ្វើការតាមដានគំរោងជាប្រចាំ និងត្រួតពិនិត្យវាយតម្លៃ តាមដំណាក់កាលនីមួយៗ សហការជាមួយប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសត្រូវរៀបចំកិច្ចសន្យា គម្រោង សូមគិតតែពីប្រាក់ចំណេញពេក ដែលអាចគ្មានគុណភាពក្នុងការអនុវត្តគម្រោង។

ក្នុងឱកាសនេះដែរ ឯកឧត្តម ស៊ុយ សេរិទ្ឋ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ក្រុមហ៊ុនត្រូវមានក្រមសីលធម៌ មានបទពិសោធន៍កន្លងមក មានក្រុមហ៊ុនទទួលការបានចូលរួមក្នុងកិច្ចលទ្ធកម្មនេះ ជាច្រើន ក្នុងនោះមានក្រុមហ៊ុនមួយចំនួនតូច ហ៊ានដេញថ្លៃទាប ខ្លាំងជាងតម្លៃប៉ាន់ស្មាន ក៏ប៉ុន្តែដល់ពេលអនុវត្តន៍គម្រោង គឺមានភាពរយីករយាក យឺតពេល គ្មានសោភណ្ឌភាព គ្មានសុវត្ថិភាព គ្មានគុណភាព និងមិនអាចទទួលយកបាន ពោលក្រុមហ៊ុននោះ ចូលមកបំផ្លាញគម្រោងរបស់សង្កាត់តែម្តង។

តែទន្ទឹមនឹងនោះ ក៏មានអ្នកទទួលការមួយចំនួនធំ មានការទទួលខុសត្រូវ នឹងអនុវត្តបានល្អ រហូតទទួលបាននូវប័ណ្ណសរសើរ ពីសាលារាជធានីភ្នំពេញទៀតផង។ ឯកឧត្តមក៏បានណែនាំ ដល់ក្រុមហ៊ុនចូលរួមដេញថ្ងៃទាំងអស់ ត្រូវពិចារណាអោយបានច្បាស់លាស់ពីតម្លៃ និងស្ថានភាពទីតាំងគម្រោង ហើយត្រូវគោរពនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងកិច្ចសន្យា គោលការណ៍សំខាន់ៗ អំពីការដេញថ្ងៃ។ កុំឲ្យមានការដេញបែបបំផើមចោល បានន័យថា ក្រុមហ៊ុនដេញថ្លៃបានហើយ បែរជាអនុវត្តន៍មិនបាន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner