មន្ត្រីនៅកោះរ៉ុងចំនួន៥នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាត់ការនោះ នឹងត្រូវបង្កកទ្រព្យ និងរឹបអូសទុកជាទ្រព្យសម្បត្តិរដ្ឋទាំងអស់
មន្ត្រីនៅកោះរ៉ុងចំនួន៥នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាត់ការនោះ នឹងត្រូវបង្កកទ្រព្យ និងរឹបអូសទុកជាទ្រព្យសម្បត្តិរដ្ឋទាំងអស់។ នេះបើយោងតាមប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយក្នុងឱកាសនៃពិធីផ្សព្វផ្សាយ«ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ» និងច្បាប់ស្តីពីវិសោធនកម្ម «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ជូនដល់ថ្នាក់ដឹកនាំខេត្ត ក្រុងស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពនានានៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ១ ខែសីហាឆ្នាំ ២០១៩។
ដោយឡែក ឯកសារដីដែលបានលក់ឲ្យគេ ហើយកំពុងចរន្តការឯកសារនៅសុរិយោដី និងពន្ធដារ ឯកឧត្តម ឱម យិនទៀង ថាក៏ត្រូវផ្អាកជាបន្ទាន់ដែរ។ ករណីនេះចៅហ្វាយខេត្ត ត្រូវធ្វើការងារនេះដោយអត់មាននៅស្ទាក់ស្ទើរនោះទេ។ ចំណែកប្រជាជន៤២គ្រួសារ នៅកោះរ៉ុងនេះ ឯកឧត្តម ឱម យិនទៀង បញ្ជាក់ថាមិនមានការចាប់ខ្លួននោះទេ ប៉ុន្តែប្រសិនបើពួកគាត់មិនពេញចិត្តអាចធ្វើការតវ៉ាបាន។
ជាមួយគ្នានេះ ឯកឧត្ដម គួច ចំរើន និយាយថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ បានសម្តែងការសាទរ និងធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ប្រកាន់ខ្ជាប់នូវអភិក្រមរបស់សម្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ និងបាវចនាពីរ គឺ កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ដោយស្មារតីឯករាជ្យ។
តាមរយៈការផ្សព្វផ្សាយច្បាប់ប្រឆាំងអំពើពុករលួយនេះឯកឧត្តម គួច ចំរើន និយាយថា នឹងបានជួយបង្កើនយល់ដឹងបន្ថែមទៀតដល់មន្ត្រីរាជការនៅក្នុងខេត្តព្រះសីហនុ ដើម្បីធានាបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាព ស្អាតស្អំជូនសាធារណជន។ ឯកឧត្តមក៏បានរំលឹកឲ្យមន្ត្រីរាជការដែលបានចូលរួមក្នុងពិធីនេះ ត្រូវយកចិត្តទុកដាក់ស្វែងកយល់ឲ្យបានទូលំទូលាយបន្ថែមទៀត៕ធ.ដ
ដោយៈ សាវ៉ុន