លួចម៉ូតូគេចខ្លួនបានជិត១០ម៉ោង ត្រូវសមត្ថិកច្ចស្រាវជ្រាវចាប់បានម្នាក់ គេចខ្លួនម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ក្រោយធ្វើសកម្មភាពលួចម៉ូតូរបស់និស្សិតម្នាក់បានសម្រេច ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កែវ សុភក្ត្រ័ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះតាមផ្លូវ២៧១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ចំណែកបក្ខពួកដែលគេចខ្លួនឈ្មោះ ង៉ោល ភេទប្រុស អាយុប្រហែល១៩ឆ្នាំ មុខរបរមិនពិតប្រាកដ។ ដោយឡែកជនរងគ្រោះមានឈ្មោះ ម៉ៅ ផល្លី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជានិស្សិត ស្នាក់នៅផ្ទះជួល ផ្លូវ២៧១ ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ មិត្តភក្កិបានខ្ចីម៉ូតូរបស់ខ្លួនម៉ាកហុងដាឌ្រីម១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1FV-8392 ជិះទៅទិញម្ហូបនៅក្បែរសាលាវិទ្យាល័យជាស៊ីមសាមគ្គី ពេលដែលត្រឡប់មកវិញក៏ទុកម៉ូតូនៅក្នុងបន្ទប់កន្លែង អ្នកជួលទុកម៉ូតូ ដោយពុំបានចាក់សោ.កទេ និងចាក់សោទ្វារបន្ទប់កន្លែងដាក់ម៉ូតូ រួចក៏ចូលទៅសម្រាក។

លុះដល់ម៉ោង៦ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ទើបជនរងគ្រោះភ្ញាក់ពីដំណេកចេញពីបន្ទប់បម្រុងយកម៉ូតូទៅរៀន ស្រាប់តែបាត់ម៉ូតូតែម្តង ក៏ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចុះមកធ្វើការពិនិត្យ និងបានឆែកកាមេរ៉ាសុវត្ថិភាព ឃើញភិនភាគជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះហើយជិះគេចខ្លួន។ លុះដល់ម៉ោង៦ល្ងាច សមត្ថកិច្ចក៏ចុះល្បាតក្នុងមូលដ្ឋានបានឃើញក៏ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចខាងក្រោមស្ពានអាកាសស្ទឹងមានជ័យតែម្តង។ ចំណែកបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់។

ក្នុងនោះ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FV-8392 របស់ជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner