គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះផ្អាកសំណង់អត់ច្បាប់មួយកន្លែង មិនឲ្យសាងសង់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក បាង លីដា អភិបាលរងខណ្ឌ បានចុះផ្អាកការសាងសង់សំណង់សាលារៀនឯកជនមួយកន្លែង ស្ថិតនៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលអាជ្ញាធររកឃើញថា គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ។ សំណង់នេះ ត្រូវកម្លាំងចុះផ្អាកម្ដងរួចមកហើយ កាលពី១អាទិត្យមុន និងបានឲ្យម្ចាស់ទៅសុំច្បាប់សិនមុននឹងសាងសង់បន្ត ប៉ុន្តែម្ចាស់សំណង់ខាងលើមិនព្រមស្ដាប់នៅតែបន្តការសាងសង់ទាំងអត់ច្បាប់ដដែល។
គេមិនដឹងថាម្ចាស់សំណង់ខាងលើមានខ្នងបង្អែកក្រាស់ប៉ុណ្ណានោះទេ ទើបមានការរឹងទទឹងមិនគោរពច្បាប់ ហើយនៅពេលកម្លាំងអាជ្ញាធរចុះទៅធ្វើការ ក៏មិនបានចូលរួមសហការដឹងឮនៅលើកំណត់ហេតុអ្វីទាំងអស់។ ដោយសារតែធ្លាប់ចុះឃាត់ និងណែនាំឲ្យសុំច្បាប់មិនព្រមទើបនៅលើកទី២នេះ ក្រៅពីផ្អាកការសាងសង់កម្លាំងអាជ្ញាធរបានធ្វើការរឹបអូសដកហូតយកសម្ភារសំណង់មួយចំនួនផងដែរ រួមមាន៖ ស៊ីម៉ង់ត៍ចំនួន២០បាវ ប៉ុស្តិ៍ផ្សា១ ម៉ូទ័រកាត់ដែក១ និងម៉ូទ័របុក១ យកទៅរក្សាទុកនៅសាលាខណ្ឌដើម្បីឲ្យម្ចាស់ចូលខ្លួនទៅដោះស្រាយ និងសុំច្បាប់។
លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យបានថ្លែងថា សំណង់មួយនេះ បានដំណើការសាងសង់ដោយគ្មានច្បាប់អនុញ្ញាតឡើយ ហើយដែលកាលពី១អាទិត្យមុនកម្លាំងបានចុះទៅឃាត់ម្ដងរួចមកហើយ ដោយឲ្យម្ចាស់ទៅសុំច្បាប់សាងសង់ឲ្យបានត្រឹមត្រូវសិន ដើម្បីឲ្យអាជ្ញាធរងាយស្រួលក្នុងការគ្រប់គ្រង ប៉ុន្តែគាត់មិនបានអនុវត្តន៍តាមនោះទេ នៅតែបន្តការសាងសង់ទាំងបំពាន។ ម្យ៉ាងទៀត សំណង់នេះស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ដែលជាផ្លូវអាទិភាពមានភ្ញៀវជាតិ-អន្តរជាតិចេញចូលច្រើនផង ដូច្នេះដើម្បីសុវត្ថិភាពទូទៅ សំខាន់ខ្លាំងណាស់តម្រូវឲ្យសំណង់គ្រប់ប្រភេទត្រូវតែមានច្បាប់ជាចាំបាច់។
លោកអភិបាលរងបាន បន្តថា បន្ទាប់ពីម្ចាស់សំណង់ខាងលើមិនស្ដាប់ទើបពេលនេះលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចាត់ឲ្យលោកផ្ទាល់ ដឹកនាំកម្លាំងគណៈកម្មការចុះទៅផ្អាកដំណើរការសាងសង់ជាថ្មី ដោយបានធ្វើការដកហូតយកសម្ភារសំណង់ខាងលើ ព្រោះបើមិនពង្រឹងឲ្យមានច្បាប់ទេមិនបានឡើយ ពេលមានគ្រោះថ្នាក់អ្វីមួយកើតឡើង អាជ្ញាធរមិនបានដឹងទេ ដូចជាករណីបាក់រលំអាគារនៅខេត្តព្រះសីហនុជាដើម។ លោកអភិបាលរងបានបន្តទៀតថា ចំពោះសំណង់មួយនេះអត់ពិបាកទេ មិនមាននរណាហាមឃាត់មិនឲ្យសាងសង់ឡើយ ម្ចាស់គ្រាន់តែទៅសុំច្បាប់ឲ្យបានត្រឹមត្រូវទៅ នឹងអាចសាងសង់បន្តទៀតបានហើយ៕ធ.ដ