សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ បន្ទាប់ពីបែកថ្នាំដើរគំរាម និងអុកឡុកប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន
ភ្នំពេញ៖ យុវជនម្នាក់ប្រើប្រាស់ថ្នាំញៀនហួសកម្រិតរហូតដល់បែក ប្រដាប់ដោយពូថៅ កាំបិត ដើរគំរាម អុកឡុកប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមផ្លូវ បង្កឲ្យភ្ញាក់ផ្អើលពលរដ្ឋភ័យខ្លាច ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច អាជ្ញាធរ កម្លាំងសន្តិសុខ កាលពីម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ កម្លាំងរួមជាមួយបងប្អូនប្រជាពលរដ្ឋ លួងលោមអស់ចិត្ត មិនបានសម្រេច រហូតដល់កម្លាំងរួមគ្នាដេញតាមតាំងពីចំណុច ភូមិត្រថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រហូតភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទើបចាប់ខ្លួនបាន។
យុវជនខាងលើឈ្មោះ សង សានម៉ៅ អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិត្រពាំងជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។ តាមប្រជាពលរដ្ឋបានឲ្យដឹងថា គេឃើញយុវជនរូបនេះ មានវត្តមានក្នុងភូមិសាស្ត្រ សង្កាត់ចោមចៅ១ បាន២ថ្ងៃមកហើយ ទើបតែនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ ស្រាប់តែឃើញជនខាងលើ ប្រដាប់ដោយពូថៅមួយ កាំបិតមួយ នៅនឹងដៃ ដើរគំរាមអុកឡុកក្នុងមូលដ្ឋាន បង្កឲ្យភ័យព្រួយ ដើរវាយ របស់របរ ប្រជាពលរដ្ឋ តាមចាប់ឃាត់ដល់ផ្ទះឡ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ យុវជនខាងលើ កាប់ក្បាល កាប់ដៃខ្លួនឯង ហូរឈាមកក្លាក់ ទម្រាំចាប់បាន សមត្ថកិច្ចប្រើបំពង់ពន្លត់អគ្គិភ័យមកបាញ់ផ្សែង ឲ្យហុយងងឹត ដើម្បីចាប់ឃាត់ខ្លួន នាំយកទៅសាលាសង្កាត់ចោមចៅ១ រង់ចាំប្រគល់ឲ្យមន្ទីរសង្គមកិច្ច។
បុរសម្នាក់ ឈ្មោះ ឆាត ផារ៉ា អាយុ៥៧ឆ្នាំ មុខរបរ កម្មករសំណង់ ត្រូវជាឪពុករបស់យុវជនខាងលើ នៅសង្កាត់ចោមចៅ១ បានឲ្យដឹងថា គាត់មានប្រពន្ធឈ្មោះ ចេក នួន អាយុ៦០ឆ្នាំ មុខរបរកម្មករសំណង់ ដូចគ្នា មានកូនចំនួន៦នាក់ ប្រុស៤នាក់ ស្រី២នាក់ កូនបែកថ្នាំជាកូនទី៦។ គាត់បានឲ្យដឹងថា កូនប្រុសគាត់ប្រើប្រាស់ថ្នាំញៀនច្រើនខែឆ្នាំមកហើយ រហូតដល់មេការសំណង់ បញ្ឈប់ពីការងារ ក៏ដើរគ្មានគោលដៅ ទោះជាកន្លងមក ចាប់នាំខ្លួនទៅ ដាក់នៅមណ្ឌបន្សាបគ្រឿងញៀន ចេញមកវិញ ក៏នៅតែប្រើគ្រឿងញៀនលើសដើម។
តាមស្ត្រីឈ្មោះ ទីត ស្រីល័ក្ខ អាយុ២៨ឆ្នាំ មខរបរកម្មការនីរោងចក្រ ត្រូវជាបងថ្លៃ ស្នាក់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ បានឲ្យដឹងថា យុវជនជាប្អូនថ្លៃ បានមកសុំលុយតាំងពីថ្ងៃម្សិលមិញម្ល៉េះ នៅព្រឹកថ្ងៃទី០១ ខែសីហា នេះ គាត់បានឲ្យលុយ២ម៉ឺនរៀល អ្នកជិតខាងឲ្យ២ម៉ឺនរៀលទៀត បាន៤ម៉ឺនរៀល ប្រាប់ឲ្យវិលត្រឡប់ទៅស្រុកវិញ រួចក៏ដើរចេញបាត់ ស្រាប់តែមួយសន្ទុះក្រោយមក មិនដឹងថា យ៉ាងដូចម្តេច បែរជា ស្រែកឡូឡា ដើរកាន់ពូថៅ តាមផ្លូវ ក្នុងភូមិ ផ្អើលប្រជាពលរដ្ឋសមត្ថកិច្ច។ តាមសម្តីឪពុក របស់យុវជនបែកថ្នាំ រៀបរាប់ដោយ ស្នើសុំឲ្យសមត្ថកិច្ច អាជ្ញាធរ ជួយដល់ក្រុមគ្រួសារគាត់ ចាប់ឃាត់កូនប្រុសគាត់ ដើម្បីប្រគល់ខ្លួនទៅមន្ទីរសង្គមកិច្ច ដើម្បីសុវត្តិភាពផ្ទាល់ខ្លួនជនខាងលើ និងអ្នកដទៃ៕ធ.ដ