អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ត្រូវបានចាប់ខ្លួនជាលើកទី២
អ៊ីស្លាម៉ាបាដ៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីមរ៉ាន់ ខាន់ ត្រូវបានចាប់ខ្លួនជាលើកទីពីរក្នុងរយៈពេលត្រឹម តែបួន ខែប៉ុណ្ណោះ។ បើតាមសារព័ត៌មាន រ៉យទ័រ ថា ក្រុមប៉ូលិស និងទាហានប៉ារ៉ាបានចូលចាប់ខ្លួនដល់ក្នុងផ្ទះរបស់លោកនៅ ឡាហូ (Lahore) ទីក្រុងធំទី២របស់ប៉ាគីស្ថានកាលពីថ្ងៃទី៥ ខែសីហាកន្លងមកនេះ។
ការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាននាពេលនេះជាឧបសគ្គកាន់តែធំសម្រាប់លោកក្នុងការចូលរួមនៅក្នុងការបោះឆ្នោតសភាប៉ាគីស្ថាន ដែលនឹងរៀបចំឡើងនៅកំលុងខែវិច្ឆិកាចុងឆ្នាំ ២០២៣ខាងមុខ។
ជាមួយគ្នានេះនៅក្នុងសារវីដេអូដែលលោកថតទុក នៅមុនការចាប់ខ្លួនកាលពីថ្ងៃទី ៥ ខែសីហា លោក អ៊ីមរ៉ាន់ ខាន់ បានរិះគន់ការសម្រេចរបស់តុលាការដែលមានលក្ខណៈនយោបាយ ប៉ុន្តែក៏បានអំពាវនាវឱ្យអ្នកគាំទ្ររបស់លោករក្សាភាពស្ងប់ស្ងាត់ និងកុំឱ្យមានការប្រែប្រួលណាមួយ។
លោក អ៊ីមរ៉ាន់ ខាន់ ដែលមានអាយុ ៧០ ឆ្នាំគឺជាមេដឹកនាំដ៏ពេញនិយមបំផុតរបស់ប្រទេសអាស៊ីខាងត្បូងនេះបើយោងតាមការស្ទង់មតិ ហើយការចាប់ខ្លួនមួយរយៈខ្លីកាលពីខែឧសភា កន្លងទៅ គឺធ្វើឡើងក្រោមបទចោទប្រកាន់ពុករលួយ បានបង្កឱ្យមានចលាចលយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេស ចំពេលដែលប្រទេសកំពុងមានវិបត្តិសេដ្ឋកិច្ច។
សម្រាប់អតីតនាយករដ្ឋមន្ត្រីរូបនេះ លោកបានបដិសេធចំពោះការប្រព្រឹត្តខុសទាំងនោះ និងដោយលោកនិយាយថាជាការចោទប្រកាន់របស់របបយោធាដែលជារបរដ៏មានអំណាច តាមរយៈការគ្រប់គ្រងប្រទេសប៉ាគីស្ថានចាប់តាំងពីឆ្នាំ ១៩៤៧មក។
គួររំលឹកថា លោក អ៊ីមរ៉ាន់ ខាន់ បានក្លាយជាអ្នកនយោបាយប្រឆាំងដ៏សំខាន់បន្ទាប់ពីត្រូវបានសភាបោះឆ្នោតដកទំនុកចិត្ត ដែលធ្វើឱ្យលោកបាត់បង់តំណែងនាយករដ្ឋមន្រ្តីកាលពីខែមេសា ឆ្នាំ ២០២២។ ពេលជាមួយគ្នានោះ សាធារណៈជនមានការខកចិត្តជាខ្លាំងចំពោះអតិផរណាដ៏ខ្ពស់ ឱនភាពសេដ្ឋកិច្ច និងអំពើពុករលួយដែលលោកបានសន្យាថានឹងដោះស្រាយនៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោក។
នៅក្រោយការបណ្តេញចេញពីតំណែងនាយករដ្ឋមន្រ្តី លោកអ៊ីមរ៉ាន់ ខាន់ ត្រូវប្រឈមនឹងការស៊ើបអង្កេតជាង ១៥០ ករណីរបស់តុលាការប៉ាគីស្ថាន ជាពិសេសសំណុំរឿងប្រព្រឹត្តអំពើពុករលួយ។ បើតាមក្រុមអ្នកប្រឆាំង លោកអ៊ីមរ៉ាន់ ខាន់ និងភរិយាបានទទួលសំណូក អំណោយជាវត្ថុមានតម្លៃជាច្រើនលានដុល្លារនៅក្នុងពេលធ្វើទស្សនកិច្ចនៅបរទេស។
គួរបញ្ជាក់ថា លោក អ៊ីមរ៉ាន់ ខាន់ ត្រូវបានគេស្គាល់ថាជាវីរបុរសកីឡា cricket ដែលបានប្រមូលផ្ដុំ អ្នកគាំទ្រវ័យក្មេងប៉ាគីស្ថាន ដែលសុទ្ធសឹងជាអ្នកជួបប្រទះ អំពើពុករលួយជាសកល កង្វះអគ្គិសនីរ៉ាំរ៉ៃ និងវិបត្តិក្នុងវិស័យអប់រំ និងភាពអត់ការងារធ្វើជាដើម ឱ្យចូលមកគាំទ្រគោលនយោបាយបក្ស របស់លោក។
ពីមួយឆ្នាំទៅមួយឆ្នាំ សន្ទុះនៃការគាំទ្របានកើនឡើងកាន់តែខ្លាំង ដោយសូម្បីតែជនបរទេសដែលរស់នៅប៉ាគីស្ថានសុខចិត្តចាកចេញពីការងាររបស់ពួកគេដើម្បីទៅចូលរួមយុទ្ធនាការបក្សរបស់លោក ទៀតផង។
កាលពីឆ្នាំ ២០១៨ លោកបាននិយាយទៅកាន់អ្នកគាំទ្ររបស់លោកថា គោលដៅរបស់លោកគឺ បង្វែរប្រទេសប៉ាគីស្ថានពីប្រទេសដែលមាន «ក្រុមតូចមួយនៃអ្នកមាន និងសមុទ្រនៃអ្នកក្រ» ទៅជា «គំរូសម្រាប់ប្រព័ន្ធមនុស្សធម៌ ប្រព័ន្ធយុត្តិធម៌ សម្រាប់ពិភពលោក និងសម្រាប់រដ្ឋឥស្លាមដែលមាន សុខមាលភាព»៕ ប្រែសម្រួល៖ កែវ បុស្បា