រុស្ស៊ីអះអាងពីការស្ទាក់មុខដ្រូនអាមេរិកដែលរំលោភដែនដីរបស់ខ្លួននៅលើសមុទ្រខ្មៅ

មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងកាលពីថ្ងៃសៅរ៍ថា យោធារុស្ស៊ីបានបញ្ចេញយន្តហោះចម្បាំង Su-30 ដើម្បីស្ទាក់មុខដ្រូនរបស់អាមេរិក US Reaper MQ-9 កុំឱ្យ «រំលោភលើព្រំដែនរដ្ឋរុស្ស៊ី» នៅលើសមុទ្រខ្មៅ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ។

ក្រសួងនិយាយថាយ៉ាងដូច្នេះថា ៖ «ពេលដែលយន្តហោះចម្បាំងរុស្ស៊ីទៅជិត ដ្រូនចារកម្មបរទេសបានហោះបកក្រោយចេញពីព្រំដែនវិញ»។ ក្រសួងថា ដ្រូននោះគឺជាដ្រូនរបស់កងទ័ពអាកាសអាមេរិក។

ក្រោយការណ៍នេះ យន្តហោះចម្បាំងរបស់រុស្ស៊ីបានត្រឡប់ចូលមូលដ្ឋានវិញ ហើយដ្រូនរបស់អាមេរិកក៏មិនបានរំលោភលើព្រំដែនរដ្ឋរុស្ស៊ីនោះដែរ។

គួរបញ្ជាក់ថា បញ្ហាដែលពាក់ព័ន្ធនឹងប្រតិបត្តិការយន្តហោះចម្បាំងរុស្ស៊ី និងលោកខាងលិចលើសមុទ្រខ្មៅ និងសមុទ្របាល់ទិក បានកើនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈទីក្រុងមូស្គូបន្តការវាយលុករបស់ខ្លួននៅអ៊ុយក្រែន។

ភាពតានតឹងបានកើនឡើងរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន នៅពេលដែលដ្រូន Reaper របស់សហរដ្ឋអាមេរិកមួយផ្សេងទៀត បានធ្លាក់ បន្ទាប់ពីបានបុកជាមួយយន្តហោះចម្បាំងរុស្ស៊ីនៅលើសមុទ្រខ្មៅកាលពីពាក់កណ្តាលខែមីនា។

ជាមួយគ្នានោះ ទីក្រុងមូស្គូបាននិយាយកាលពីខែឧសភាថា ខ្លួនបានស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកចំនួនបួនគ្រឿង នៅពីលើសមុទ្របាល់ទិក ក្នុងព្រឹត្តិការណ៍២ផ្សេងគ្នា។

ក្រៅពីនេះរុស្ស៊ីក៏ធ្លាប់បានអះអាងពីការស្ទាក់យន្តហោះចម្បាំងរបស់បារាំង អាល្លឺម៉ង់ ប៉ូឡូញ និងអង់គ្លេស ដែលជារដ្ឋណាតូគាំទ្រអ៊ុយក្រែនផងដែរ៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner