រុស្ស៊ីចោទសហរដ្ឋអាមេរិក និងអង់គ្លេសកំពុងលើកទឹកចិត្តឱ្យអ៊ុយក្រែនបើកការវាយប្រហារភេវរកម្មឆ្លងព្រំដែន
ភ្នំពេញ៖ ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជាបានចោទប្រកាន់សហរដ្ឋអាមេរិក និងអង់គ្លេសថា កំពុងលើកទឹកចិត្តឱ្យអ៊ុយក្រែនបើកការវាយប្រហារភេរវកម្មឆ្លងព្រំដែន ខណៈរុស្ស៊ីបានចោទប្រកាន់ជាយូរមកលើលោកខាងលិច ជុំវិញការរៀបចំសង្រ្គាមប្រូកស៊ីប្រឆាំងនឹងទីក្រុងមូស្គូ ដោយផ្ដល់ការគាំទ្រដល់ទីក្រុងកៀវ ជាមួយនឹងជំនួយយោធា និងហិរញ្ញវត្ថុក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់។

លោក Rafael Iangareev មន្ត្រីផ្នែកព័ត៌មានរបស់ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ប៉ុន្មានសប្តាហ៍កន្លងមកនេះ យើងឃើញរដ្ឋាភិបាលអ៊ុយក្រែន ប្តូរទៅជាសកម្មភាពវាយប្រហារភេរវកម្ម សំដៅលើជនស៊ីវិល បន្ទាប់ពីបរាជ័យជាក់ស្តែងនៃការវាយលុករបស់ខ្លួន។ រុស្ស៊ីក៏បានចោទប្រកាន់អ៊ុយក្រែនដែរថា បានរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ ១៩៤៩ បន្ទាប់ពីអ្នកបាញ់ស៊ីបអ៊ុយក្រែនបានដាក់គោលដៅចម្បងលើពេទ្យទាហាន និងបុគ្គលិកពេទ្យផ្សេងទៀតរបស់រុស្ស៊ី។

នាឱកាសនោះដែរ លោក Vitaly Luchshev អនុព័ន្ធយោធាអាកាស និងក្រសួងការពារជាតិរុស្ស៊ីប្រចាំកម្ពុជា បាននិយាយថា យើងដឹងហើយថា គ្រាប់បែកចង្កោមមិនត្រូវបានអង្គការសហប្រជាជាតិអនុញ្ញាតឱ្យប្រើប្រាស់ទេ ប៉ុន្តែអាមេរិកនៅតែប្រកាសឱ្យវាទៅកាន់អ៊ុយក្រែន។ អាមេរិកក៏ធ្លាប់បានប្រើប្រាស់គ្រាប់បែកប្រភេទនេះ មកលើទឹកដីកម្ពុជា និងឡាវផងដែរ ហើយការប្រគល់គ្រាប់បែកប្រភេទនេះទៅកាន់អ៊ុយក្រែន រុស្ស៊ីចាត់ទុកថា ជាការគំរាមកំហែងរបស់អាមេរិកមកលើរុស្ស៊ី។

ហើយចេតនាអាមេរិកបញ្ជូនគ្រាប់បែកចង្កោមឱ្យអ៊ុយក្រែននេះ អាមេរិកកំពុងតែយកអ៊ុយក្រែនសាកគ្រាប់បែកចង្កោម ដូចដែលអាមេរិកធ្លាប់ទម្លាក់មកលើកម្ពុជាអីចឹង។
ទោះបីជាយ៉ាងណា លោក Iangareev បានអះអាងឡើងវិញថា រដ្ឋាភិបាលរុស្ស៊ីបើកចំហសម្រាប់កិច្ចពិភាក្សា ប្រសិនបើលោកខាងលិចបញ្ឈប់ការផ្គត់ផ្គង់អាវុធទៅឱ្យអ៊ុយក្រែន៕ អត្ថបទ៖ ឈឹម ទីណា