អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ច្រានចោលព័ត៌មានថា ជំងឺអេដស៍មានការផ្ទុះឡើងជាងមួយពាន់នាក់
ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានធ្វើការបដិសេធ និងច្រានចោលនូវខ្លឹមសារដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកមួយដោយបានសរសេរថា ជំងឺអេដស៍មានការផ្ទុះឡើងជាងមួយពាន់នាក់ហើយ ខណៈមន្រ្តីថា ក្នុងមួយថ្ងៃមានអ្នកឆ្លងជំងឺអេដស៍ចំនួនបួននាក់ប៉ុណ្ណោះ។
យោងតាមគណនីយហ្វេសប៊ុកដែលមានឈ្មោះថា «NX Vanlyda» បានសរសេរកាលពីថ្ងៃទី២៨ ខែកក្កដាថា ៖ «ជំងឺអេដស៍ថ្ងៃនេះផ្ទុះឡើងមួយពាន់នាក់ជាងហើយ។ ឱ ជីវិតប្រពន្ធកូននៅផ្ទះទៅជាយ៉ាងណា បើប្តីលួចមានដៃគូច្រើន»។
លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានប្រាប់ឱ្យដឹងនៅថ្ងៃទី៦ ខែសីហាថា តាមរយៈការសិក្សារបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងឆ្នាំ២០២២ ស្ថានភាពអ្នកផ្ទុកជំងឺអេដស៍នៅកម្ពុជាមានប្រមាណ ៧៦ ០០០នាក់ ។ក្នុងនោះអ្នកឆ្លងថ្មីមានចំនួន ១ ៤០០នាក់ បើគិតក្នុងមួយថ្ងៃមានអ្នកឆ្លងជំងឺអេដស៍ចំនួនបួននាក់។
លោកបន្តថា ដូច្នេះស្ថានភាពអ្នកឆ្លងជំងឺអេដស៍នៅកម្ពុជា មានលក្ខណៈបែបនេះក្នុងមួយថ្ងៃមានអ្នកឆ្លងតែ ៤នាក់នោះទេ។ ហេតុនេះវាមិនដូចការផ្សព្វផ្សាយព័ត៌មានរបស់បណ្ដាញសង្គមមួយចំនួន ដែលថាក្នុងមួយថ្ងៃកម្ពុជា មានអ្នកឆ្លងជំងឺអេដស៍ជាងមួយពាន់នាក់នោះឡើយ។
លោកបន្តថា ការរកឃើញអ្នកឆ្លងជំងឺអេដស៍ក្នុងមួយថ្ងៃចំនួនបួននាក់នេះ ភាគីច្រើនកើតឡើងទៅលើក្រុមប្រជាជនគន្លឹះដូចជា ក្រុមបុរសរួមភេទជាមួយបុរស, ក្រុមបំប្លែងភេទ, ក្រុមអ្នកប្រើប្រាស់ និងចាក់គ្រឿងញៀន, ក្រុមស្ត្រីបម្រើការងារក្នុងគ្រឹះស្ថានកម្សាន្តសប្បាយ និងក្រុមយុវវ័យទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
ដោយសារពួកគាត់ជាក្រុមដែលប្រឈមហានិភ័យខ្ពស់ ដូច្នេះទាំងក្រសួងសុខាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កំពុងធ្វើកិច្ចអន្តរាគមន៍ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់បានទទួលព័ត៌មាន និងចូលរួមទប់ស្កាត់លើខ្លួនរបស់ពួកគាត់បន្តទៀតសម្រាប់កុំឱ្យឆ្លង។ នេះបើតាមលោក ឈឹម ឃិនដារ៉េត។
លោកក៏បានបញ្ជាក់ដែរថា កន្លងមក អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏មានវិធានការជាច្រើនក្នុងការទប់ស្កាត់ការឆ្លងជំងឺអេដស៍ដែរ ប៉ុន្តែថ្មីៗនេះ អាជ្ញាធរបានជំរុញឱ្យរាជធានីខេត្ត ដែលជាគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ រួមទាំងឃុំ-សង្កាត់ និងក្រសួងសុខាភិបាល ត្រូវចូលរួមទាំងអស់គ្នាជាកម្លាំងតែមួយ ដើម្បីផ្សព្វផ្សាយ និងប្រើគ្រប់មធ្យោបាយទាំងអស់។ក្នុងនោះរួមមាន ទាំងការផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសង្គម និងការប្រើប្រាស់ថ្នាំសម្រាប់បង្ការដល់ប្រជាពលរដ្ឋទូទៅផង និងពិសេសក្រុមប្រជាជនគន្លឹះ ខណៈដែលក្រុមប្រជាជនទាំងនេះមានការពិបាក ក្នុងការដែលអាជ្ញាធរត្រូវជួបពួកគាត់ក៏ដោយ។
លោក ឈឹម ឃិនដារ៉េត បន្ថែមថា ៖ «ខ្ញុំសូមបញ្ជាក់ថា ទាំងការធ្វើតេស្ដរកមេរោគអេដស៍ និងទាំងការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍នៅកម្ពុជាយើង គឺអត់មានគិតប្រាក់នោះទេ រាជរដ្ឋាភិបាលយើងបានព្យាបាលជូនដោយមិនគិតថ្លៃ ហើយជាពិសេសរាជរដ្ឋាភិបាលយើង ក៏បានផ្ដល់នូវសមធម៌បន្ថែមទៀត ទៅដល់អ្នកដែលមានផ្ទុកជំងឺអេដស៍»។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នារបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល និងការិយាល័យពហុប្រទេសនៃអង្គការ UNAIDS នៃប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ីកាលពីខែមេសា ឆ្នាំ ២០២៣ បានឱ្យដឹងថា នៅចុងឆ្នាំ២០២២ មនុស្សប្រមាណ ៧៦ ០០០ នាក់ កំពុងផ្ទុកមេរោគអេដស៍។
សេចក្តីប្រកាសព័ត៌មាន បន្តថា ក្នុងនោះ ៧៤ ០០០ ជាមនុស្សពេញវ័យដែលមានអាយុចាប់ ពី ១៥ ឆ្នាំឡើងទៅ និងប្រហែល ២ ០០០នាក់ ជាកុមារពី០-១៤ឆ្នាំ។ ៨៦ភាគរយ នៃ អ្នកផ្ទុកមេរោគអេដស៍ទាំងអស់បានដឹងពីស្ថានភាពមេរោគអេដស៍របស់ពួកគេ ហើយបានប៉ាន់ស្មានថា មនុស្ស ១១ ០០០ នាក់ មិនដឹងថាពួកគេកំពុងផ្ទុកមេរោគអេដស៍នៅឡើយ៕ ដោយ៖ ជា សុខនី