ក្រសួងសុខាភិបាល បិទមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 Beauty ចំនួន ១១ទីតាំង និងកំពុងរៀបចំបញ្ជូនសំណុំរឿងទៅតុលាការ
ភ្នំពេញ៖ ក្រសួងសុខាភិបាល សហការជាមួយរដ្ឋបាលធានី-ខេត្ត ចុះបិទទីតាំងសាខាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 Beauty ចំនួន ១១ទីតាំង និងកំពុងបន្តស្រាវជ្រាវរកទីតាំងដទៃទៀត ។ស្ថាប័នជំនាញក៏នឹងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការស្របតាមច្បាប់ជាធរមាន។
វិធានការផ្លូវច្បាប់នេះ បន្ទាប់ពីក្រសួងសុខាភិបាល រកឃើញថា មណ្ឌលថែរក្សាសម្ផស្សនេះបានលួចបើកសាខាដោយគ្មានច្បាប់អនុញ្ញាត។ជាពិសេសបានបង្កឱ្យមានជនរងគ្រោះធ្ងន់ធ្ងរតាមរយៈសេវាកម្មថែសម្ផ ស្សរបស់ខ្លួនដោយគ្មានបច្ចេកទេសត្រឹមត្រូវ។
សេចក្តីជូនព័ត៌មានស្តីពីការចាត់វិធានការ ចុះថ្ងៃទី៥ ខែសីហា បានឱ្យដឹងថា កន្លងមកក្រសួងសុខាភិបាលបានចេញសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌលថែរក្សាសម្ផស្ស (S88 BEAUTY) តែមួយគត់ ស្របតាមបែបបទ និងលក្ខខណ្ឌក្នុងការសុំបើក ឬបិទ ឬប្តូរទីតាំង គឺមជ្ឈមណ្ឌលថែរក្សាសម្ផស្ស (S88 BEAUTY) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ A៣៧ ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រសួងបានបន្តថា ៖ «ម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សនេះ មិនបានគោរពត្រឹមត្រូវតាមលក្ខខណ្ឌ បច្ចេកទេស ហើយបានរំលោភប្រកាសលេខ ០០៨ អបស.មព ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១០ ស្ដីពី បែបបទ និងលក្ខខណ្ឌបច្ចេកទេសក្នុងការសុំបើក ឬបិទ ឬប្តូរទីតាំង នៃមជ្ឈមណ្ឌលកែសម្ពស្ស និងមជ្ឈមណ្ឌលថែរក្សាសម្ពស្ស ដោយបានលួចបើកសាខាមជ្ឈមណ្ឌលថែរក្សាសម្ផស្សជាច្រើនកន្លែងផ្សេងទៀត ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល»។
ដោយពិនិត្យឃើញថា មជ្ឈមណ្ឌលថែរក្សាសម្ផស្ស S8 Beauty ស្ថិតនៅផ្ទះលេខ ១១០ ផ្លូវលេខ៥៣ ភូមិ៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបើកដោយគ្មានច្បាប់អនុញ្ញាត និងបានផ្តល់សេវាថែរក្សាសម្ផស្សមិនស្របតាមលក្ខខណ្ឌបច្ចេកទេស ដោយបានធ្វើការផ្តល់សេវាកម្មដាក់សេរ៉ូមឱ្យសាច់ស បណ្ដាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អតិថិជននិងបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
សេចក្តីប្រកាសបានបន្តថា ៖ «នៅចំពោះមុខ ក្រសួងសុខាភិបាលបានធ្វើការស្រាវជ្រាវ និងកំពុងចាត់វិធានការជាបន្តបន្ទាប់ ដោយបានបិទ និងដកហូត សេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌលថែរក្សាសម្ផស្សនេះ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ A៣៧ ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ»។
បន្ថែមពីនេះ ក្រសួងបានសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ចុះបិទទីតាំងសាខាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 Beauty បានចំនួន ១១ទីតាំង នៅរាជធានីភ្នំពេញចំនួនប្រាំមួយទីតាំង និងនៅតាមបណ្តាខេត្តចំនួនប្រាំ រួមមាននៅខេត្តបាត់ដំបង ព្រះសីហនុង សៀមរាប ខេត្តកំពត និងខេត្តកំពង់ចាម។
ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី-ខេត្ត កំពុងបន្តស្រាវជ្រាវរកទីតាំងដទៃទៀត ហើយនឹងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការស្រមាលភាពប្រជាជនពីគ្រោះថ្នាក់នានាក្នុងការទទួលសេវាកម្ម កែសម្ផស្ស និងថែរក្សាសម្ផស្ស ក្រសួងសុខាភិបាលបានបតាមច្បាប់ជាធរមាន។
ពាក់ព័ន្ធករណីនេះ ភរិយារបស់តារាកំប្លែងលោក ពាក់ មី ដែលជាជនរងគ្រោះនៅមជ្ឈមណ្ឌលថែរក្សាសម្ផស្សសាខាសង្កាត់ផ្សារថ្មីទី៣ និងបានសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ប្រមាណបីថ្ងៃ នៅឯមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា ដំបូងឡើយរូបគាត់ទៅរកសេវាម៉ាស្សាមុខធម្មតា និងការព្យួរសេរ៉ូមឱ្យសាច់ស។
អ្នកស្រីបន្តថា ៖ «ពេលព្យួរសេរ៉ូសាច់សអស់ពាក់កណ្តាល ខ្ញុំមានអាការៈចាប់ផ្តើមឈឺក្បាល និងចុកទ្រូង»។
អ្នកស្រីបន្តថា អាការៈមិនស្រួលខ្លួននោះចាប់ផ្តើមតាំងពីនៅ S88 រហូតដល់ផ្ទះ និងបានខលទៅកាន់ S88 ប៉ុន្តែគ្មានអ្នកលើកទូរស័ព្ទ។ ជាមួយគ្នានេះអ្នកស្រី អំពាវនាវដល់ក្រសួង ក៏ដូចជាសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ថា ៖ «ខ្ញុំសូមឱ្យសមត្ថកិច្ចជួយដោះស្រាយ រកម្ចាស់ដែលបើកសាខានេះ ដើម្បីជួយរកយុត្តិធម៌ផង»។
គិតត្រឹមថ្ងៃទី ៦ ខែសីហា អ្នកសារព័ត៌មានមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 Beauty បាននៅឡើយទេ ខណៈមិនមានអ្នកណាទទួលទូរស័ព្ទ។
សូមជម្រាបថា ដើម្បីការពារសុខុមាលភាពប្រជាជនពីគ្រោះថ្នាក់នានាក្នុងការទទួលសេវាកម្មកែសម្ផស្ស ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានចុះខែមករា ឆ្នាំ ២០២០ ដែលណែនាំឱ្យម្ចាស់សេវាកម្មកែសម្ផស្ស និងថែរក្សាសម្ផស្សទាំងអស់ត្រូវមកសុំច្បាប់អនុញ្ញាតពីក្រសួង សុខាភិបាល ដោយគោរពតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ និងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដើម្បីរក្សានូវគុណភាព ប្រសិទ្ធភាពនិងសុវត្ថិភាពនៃការផ្តល់សេវាសុខភាព៕ ដោយ៖ សុខ រក្សា