មេដឹកនាំយោធានីហ្សេ ស្នើសុំជំនួយយោធាពីក្រុមទាហានស៊ីឈ្នួលរុស្ស៊ីវ៉ាក់ណែ
នីហ្សេ៖ ក្រុមមេដឹកនាំយោធានៃប្រទេសនីហ្សេ ដែលទើបធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលកាលពីប៉ុន្មានថ្ងៃមុននេះ បានស្នើសុំជំនួយយោធាពីក្រុមទាហានស៊ីឈ្នួលរុស្ស៊ីវ៉ាក់ណែ ខណៈប្លុកនៃបណ្ដាប្រទេសអាហ្វ្រិកក្នុងតំបន់ព្រមានពីការអន្តរាគមន៍យោធា ប្រសិនបើក្រុមយោធាមិនដោះលែងមេដឹកនាំជាប់ឃុំទេនោះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោក Wassim Nasr ដែលជាអ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌល Soufan បានប្រាប់ AP ថា សំណើរបស់ក្រុមយោធានីហ្សេ ធ្វើឡើងក្នុងកំលុងដំណើរទស្សនកិច្ចរបស់មេដឹកនាំរដ្ឋប្រហារមួយរូប គឺលោកឧត្តមសេនីយ៍ Salifou Mody ទៅកាន់ប្រទេសជិតខាងម៉ាលី ជាកន្លែងដែលមន្រ្តីរូបនេះបានទាក់ទងមនុស្សពីក្រុមវ៉ាក់ណែ។
លោក Nasr បានបន្ថែមថា ប្រភពពីប្រទេសម៉ាលីចំនួនបីរូប និងអ្នកការទូតបារាំង បានបញ្ជាក់ពីជំនួបនោះ។ លោកបន្តថា៖ «ពួកគេត្រូវការ (ក្រុមវ៉ាក់ណែ) ពីព្រោះក្រុមនេះនឹងធានាការកាន់អំណាចរបស់ពួកគេ» ហើយបន្ថែមថា ក្រុមវ៉ាក់ណែកំពុងពិចារណាលើសំណើនេះ។
គួរកត់សម្គាល់ថា សំណើដដែលធ្វើឡើង ខណៈសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច( ECOWAS) ដាក់ថ្ងៃកំណត់ត្រឹមថ្ងៃអាទិត្យនេះ ឱ្យក្រុមយោធានីហ្សេដោះលែង និងប្រគល់អំណាចវិញទៅឱ្យប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ លោក Mohamed Bazoum ដែលក្រុមយោធាចាប់ខ្លួនក្នុងរដ្ឋប្រហារ។
បើតាម AP ប្រមុខការពារជាតិមកពីសមាជិក ECOWAS បានពិនិត្យមើល និងបញ្ចប់ផែនការអន្តរាគមន៍យោធាកាលពីថ្ងៃសុក្រ ហើយបានជំរុញឱ្យយោធារបស់ប្លុករៀបចំធនធាន បន្ទាប់ពីក្រុមអ្នកចរចារបស់ប្លុក រងការរាំងផ្លូវមិនឱ្យចូលទៅប្រទេសនីហ្សេ ឬជាមួយជួបជាមួយមេដឹកនាំរដ្ឋាភិបាលយោធា លោកឧត្តមសេនីយ៍ Abdourahmane Tchiani ។
ទូរទស្សន៍រដ្ឋនីហ្សេ បានរាយការណ៍ថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ក្រុមយោធាទៅម៉ាលី ដែលគ្រប់គ្រងដោយក្រុមយោធារដ្ឋប្រហារដូចគ្នា លោក Mody បានព្រមានប្រឆាំងនឹងអន្តរាគមន៍យោធារបស់ ECOWAS ដោយសន្យាថា នីហ្សេនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីកុំឱ្យប្រទេសនេះ ក្លាយខ្លួនជា «លីប៊ីថ្មី»។
គួរគូសបញ្ជាក់ថា នីហ្សេត្រូវបានគេមើលឃើញថា ជាដៃគូប្រឆាំងភេរវកម្មដែលអាចទុកចិត្តបានចុងក្រោយរបស់បស្ចិមប្រទេស នៅក្នុងតំបន់អាហ្វ្រិកខាងលិច ដែលរដ្ឋប្រហារកើតមានញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មេដឹកនាំយោធារដ្ឋប្រហារទាំងនោះ បានងាកចេញពីអតីតអាណានិគមបារាំង ហើយងាកទៅរករុស្ស៊ី តាមរយៈការជំរុញវត្តមានកងកម្លាំងវ៉ាក់ណែជាដើម។
ក្រុមវ៉ាក់ណែ ធ្វើប្រតិបត្តិការនៅក្នុងប្រទេសមួយចំនួនតូចនៃទ្វីបអាហ្រ្វិក រួមទាំងនៅប្រទេសម៉ាលី ដែលរងការចោទប្រកាន់ពីក្រុងសិទ្ធិមនុស្សថា ក្រុមវ៉ាក់ណែបានប្រព្រឹត្តការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ៕ ប្រែសម្រួល៖ ហួន ឌីណា