​គ្រោះ​រញ្ជួយ​ដី​​​នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន​ ​បំផ្លាញ​ផ្ទះជាង​១០០​​​ខ្នង​ និង​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​នាក់​របួស​

​​ប៉េកាំង៖ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​ចិន​បាន​រាយការណ៍​ថា​ ​គ្រោះ​រញ្ជួយ​ដី​បាន​វាយ​ប្រហារ​នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន​ នា​​​ទាប​ភ្លឺ​​​ថ្ងៃ​អាទិត្យ​នេះ​ ដោយ​បាន​បំផ្លាញ​ផ្ទះ​សម្បែង​ច្រើន​ជាង​ ១០០ ខ្នង​ និង​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ ២១​ បាន​រង​របួស​ ប៉ុន្តែ​មិន​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​នោះ​ទេ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​​បន្ត​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។  ​

យោង​តាម​មជ្ឈ​មណ្ឌល​បណ្តាញ​រញ្ជួយ​ដី​ចិន​ (CENC) ​ការ​រញ្ជួយ​ដី​កម្រិត​ ៥,៥ ​រ៉ិចទ័រ ​បាន​កើត​ឡើង​នៅសង្កាត់​ Pingyuan នៅ​​ជិត​ទីក្រុង​ Dezhou នៃ​ខេត្ត ​Shandong ​​ចម្ងាយ​ប្រហែលជាង​​ ៣០០​ គីឡូម៉ែត្រ​ ពី​ភាគ​ខាង​ត្បូង​​នៃ​ទីក្រុង​ប៉េកាំង ​នៅ​ម៉ោង​ប្រហែល​ ២ កន្លះ​ព្រឹក។​ ​​ CENC បាន​ឱ្យ​ដឹង​ទៀត​ថា​ ការ​រញ្ជួយ​បាន​កើត​ឡើង​នៅ​ជម្រៅ​ ១០ គីឡូម៉ែត្រ​ពី​ផ្ទៃ​ផែន​ដី​។

​ទូរទស្សន៍មជ្ឈិមចិន​របស់​​​​រដ្ឋាភិបាល​ និង​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ផ្សេង​​​ទៀត​ បាន​រាយការណ៍​ថា​ ​ការ​រញ្ជួយ​ដី​នេះ​ បាន​បណ្តាល​ឱ្យ​ផ្ទះ​ចំនួន​ ១២៦​ ខ្នង​ ដួល​រលំ​ និង​មនុស្ស​យ៉ាង​ហោច​ណាស់​ ២១ នាក់​ បាន​រង​របួស​។  ​

​ការ​រញ្ជួយ​​ក៏​ធ្វើ​ឱ្យ​មាន​ការ​រំញ័រ​នៅ​​ក្នុង​តំបន់​ជាច្រើន​ទៀត​ នា​ភាគ​ខាង​ជើង​ប្រទេស​ចិន ​រួម​ទាំង​នៅ​ទីក្រុង​ប៉េកាំង ​និង​ធានជីន​ និង​ខេត្ត​ហឺណាន ​និង​ហឺប៉ី​។​

យោង​តាម​ខ្សែ​វីដេអូ​ដែល​គេ​​បង្ហោះ​តាម​អ៊ីនធឺណិត​ ​ការ​​រញ្ជួយ​ដី​​បាន​​អង្រួន​គ្រឿង​សង្ហារិម​នៅ​ក្នុង​ផ្ទះ​ ហើយ​បង្ខំ​ឱ្យ​ប្រជាជន​រត់​ចេញ​ពី​ផ្ទះ​ទៅ​នៅទីវាល​​ខាង​ក្រៅ​ ដើម្បី​សុវ​ត្ថិភាព​។ គិត​ត្រឹម​ម៉ោង​ ៨ ព្រឹក​ថ្ងៃ​អាទិត្យ​ ការ​រញ្ជួយ​តូច​ក្រោយ​ការ​រញ្ជួយ​ធំ​ (Aftershocks) បាន​កើត​ឡើង​ប្រមាណ​ ៥៦​ ដង​។

លោក​ Liu Xiqiang ​នាយក​រង​នៃ​ទីភ្នាក់ងារ​រញ្ជួយ​ដី​ខេត្ត​ Shandong ​បាន​និយាយ​ថា​ វា​ជា​លើក​ទី​១​ហើយ​ ដែល​ការ​រញ្ជួយ​ដី​កម្រិត​ ៥ រ៉ិច​ទ័រ​ ឬ​ខ្ពស់​ជាង​នេះ​ បាន​វាយ​​ប្រហារ​នៅ​សង្កាត់​ Pingyuan។

​អាជ្ញាធរ​នៅ​ក្នុង​ខេត្ត​ Shandong អាជ្ញាធរ​បាន​ចាប់​ផ្តើម​ការ​ឆ្លើយ​តប​ជា​បន្ទាន់​មួយ​ និង​បង្កើត​ការ​បញ្ជា​រួម​គ្នា​មួយ​ជា​មួយ​រដ្ឋាភិបាល​ក្នុង​តំបន់​ ដើម្បី​ទទួល​បន្ទុក​ជំនួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​។​ ​ទីស្នាក់ការ​កណ្តាល​សង្គ្រោះ​គ្រោះរ​ញ្ជួយដី​របស់​ក្រុម​ប្រឹក្សា​រដ្ឋ​ និង​ក្រសួង​គ្រប់​គ្រង​គ្រា​អាសន្ន​ ក៏​បាន​បញ្ជូន​កង​កម្លាំង​របស់​ខ្លួន​ចុះ​ទៅ​កន្លែង​រញ្ជួយដី​ផង​ដែរ​។​

គួរ​គូស​បញ្ជាក់​ថា​ រញ្ជួយ​ដី​នា​ពេល​នេះ​ កើត​ឡើង​ចំ​ពេល​ដែល​តំបន់​ភាគ​ខាង​កើត​ ជើង​ និង​ខាង​ត្បូង​ចិន​ បាន​រង​ការ​វាយ​ប្រហារ​ដោយ​ព្យុះ​ទីហ្វុង​ចំនួន​៣​ផ្ទួន​ជាប់​ៗ​គ្នា​ ដែល​បង្ក​ជា​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​៕​

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ Earthquake in eastern China knocks down houses and injures at least 21, but no deaths reported  https://apnews.com/article/54-magnitude-earthquake-china-f5d30cdc2feb04f6b4774cfc036c39ae

ads banner