ប្រទេសមួយចំនួនប្រាប់ឱ្យពលរដ្ឋខ្លួនបង្កើនការប្រុងប្រយ័ត្ន ឬចាកចេញតែម្តង ក្រោយភាព​វឹកវរ​នៅ​ប្រទេសលីបង់

ភ្នំពេញ៖ ការប៉ះទង្គិចគ្នារវាងគ្នារបស់បក្សពួកប៉ាឡេស្ទីន នៅក្នុងជំរុំជនភៀសខ្លួនដ៏ធំបំផុតក្នុងប្រទេសលីបង់ បានធ្វើឱ្យ​ប្រទេសមួយចំនួនក្រើនរំលឹកពលរដ្ឋខ្លួនដែលរស់នៅទីនោះឱ្យប្រុងប្រយ័ត្ន ឬចាកចេញ។

ស្ថានទូត​​អារ៉ាប៊ីសាអូឌីត​ប្រចាំនៅលីបង់បានចេញសេចក្តីថ្លែងការណ៍មួយដែលបាន​​បង្ហោះ​​​នៅ​លើកម្មវិធី X ដែលពីមុនត្រូវបានគេស្គាល់ថាជា ធ្វីតធ័រ(Twitter) អំពាវនាវឱ្យពលរដ្ឋរ​បស់​ខ្លួនចាកចេញពីទឹកដី​លីបង់​ជាបន្ទា​ន់ ហើយជៀសវាងការចូលទៅជិតតំបន់ដែលមានការប៉ះទង្គិចគ្នា​ដោយប្រដាប់អាវុធ។​

ស្ថានទូតបានសង្កត់ធ្ងន់បន្ថែម តាមរយៈសេចក្តីថ្លែងការណ៍នោះថា ត្រូវប្រុងប្រយ័ត្ន និង​ហាមឃាត់ដាច់ខា​ត ធ្វើដំណើរពីអារ៉ាប៊ីសាអូឌីតទៅកាន់ប្រទេសលីបង់នាពេលនេះ។​

ជាមួយគ្នានេះ ប្រទេសកូវ៉ែតក៏បានចេញសេចក្តីណែនាំមួយកាលពីព្រឹកថ្ងៃសៅរ៍ ដោយអំពាវនាវ​ឱ្យជនជា​តិកូវ៉ែត​នៅក្នុងប្រទេសលីបង់ រក្សាការប្រុងប្រយ័ត្ន និងជៀសវាង តំបន់ដែលមានកា​រ​ប៉ះទង្គិច​ប្រដាប់អាវុធ។ ទោះយ៉ាងណា កូវ៉ែត មិនជំរុញឱ្យពលរដ្ឋខ្លួនចាកចេញពីប្រទេសលីបង់តែម្តងនោះ នេះបើយោ​ង​តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូវ៉ែតដែលបានបង្ហោះនៅលើកម្មវិធី X។​

ដោយឡែកកាលពីថ្ងៃទី​១ ខែសីហា កន្លងទៅថ្មីៗនេះ ចក្រភពអង់គ្លេសក៏​បានធ្វើការណែនាំ​ដល់អ្នកដំ​ណើ​រ​របស់ខ្លួនដែលនៅកាន់ប្រទេសលីបង់ ដោយផ្តល់ដំបូន្មានថា មិនគួរធ្វើដំណើរ​ទៅកាន់ផ្នែក​ខ្លះនៃភាគខា​ងត្បូងនៃប្រទេសលីបង់ ក្បែរជំរំប៉ាឡេស្ទីន Ain el-Hilweh ទេលើកលែង​ករណីចាំបាច់។​

សូម​ជម្រាបថា ចាប់តាំងពីថ្ងៃទី ២៩ ខែកក្កដា មនុស្សយ៉ាងហោចណាស់ ១៣ នាក់ត្រូវបានសម្លាប់ និងជា​ង ៦០ នាក់បានរងរបួស ជុំវិញការប៉ះទង្គិចគ្នារវាងក្រុម Fatah និងក្រុមរឹងរូសនៅក្នុងជំរុំ​ជនភាសខ្លួន។

បើយោងតាមទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិបានឱ្យដឹងថាជំរុំ Ain el-Hilweh គឺជាជំរុំដ៏ធំបំផុតក្នុងចំណោមជំរុំជនភាសខ្លួនប៉ាឡេស្ទីនចំនួន ១២ នៅក្នុងប្រទេសលីបង់ ដែលមាន​ជនភៀស​​ខ្លួនប៉ាឡេស្ទីនប្រហែល ៨ ម៉ឺននាក់ ក្នុងចំណោមជនភៀសខ្លួនប៉ាឡេស្ទីនចំនួន ២៥ ម៉ឺន នាក់នៅទូទាំងប្រទេសនេះ ។

មូលហេតុនៃការប៉ះទង្គិចគ្នានេះគឺកើតឡើងពីការចោទប្រកាន់គ្នារវាងក្រុម Fatah ដោយ​ចោទ​ប្រកាន់ក្រុម​ប្រ​ដាប់អាវុធ Jund al-Sham និង al-Shabab al-Muslim ថាបានបាញ់សម្លាប់ឧត្តមសេនីយ៍យោធា Fatah Abu Ashraf al-Armoushi នៅក្នុងជំរំ។​

ទោះ​បី​ជា​យ៉ាង​ណា មកទល់ពេលនេះការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ​នៅ​តែ​បន្ត​កើត​ឡើងក្នុងចំណោម​បក្ស​ពួកប៉ាឡេស្ទីន បើទោះបីជាមានការគំរាមបញ្ជូន​កងទ័ព​លីបង់​ទៅអន្តគមន៍នៅ​ជំរំ​ជនភៀសខ្លួន​យ៉ាងណាក្តី៕​

ប្រែសម្រួល៖ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភព៖ Saudi Arabia urges its citizens to quickly leave Lebanon

https://www.reuters.com/world/middle-east/saudi-arabia-calls-its-citizens-quickly-leave-lebanese-territory-statement-2023-08-04/

ads banner