លោក ដូណាល់ ត្រាំ ៖ លោកគឺជាមនុស្សតែម្នាក់គត់ ដែលអាចទប់ស្កាត់សង្គ្រាមលោកលើកទី៣

ញូវយ៉ក៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា រូបលោកគឺជាមនុស្សតែម្នាក់គត់ ដែលមានសមត្ថភាពអាចទប់ស្កាត់សង្គ្រាមលោកលើកទី៣។

ថ្លែងនៅឯព្រឹត្តិការណ៍រៃអង្គាសថវិការបស់គណបក្សសាធារណរដ្ឋនៅរដ្ឋ South Carolina អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយយ៉ាងដូច្នេះថា ខ្ញុំនឹងការពារសង្គ្រាមលោកលើកទី៣ ហើយថា សព្វាវុធដ៏មានថាមពលខ្លាំងនាពេលបច្ចុប្បន្ននេះ អាចបំផ្លាញពិភពលោកបាន តែខ្ញុំនឹងធ្វើឱ្យប្រាកដថា វានឹងមិនកើតឡើងទេ។

លោក ត្រាំ ក៏បានទទូចដែរថា ប្រសិនបើគាត់ជាប់ឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ រូបលោកនឹងសម្រេចឱ្យបាននូវដំណោះស្រាយសន្តិភាពមួយក្នុងជម្លោះនៅអ៊ុយក្រែន មុនពេលទៅបំពេញការងារនៅការិយាល័យប្រធានាធិបតី។ លោក ត្រាំ បាននិយាយយ៉ាងដូច្នេះថា យើងនឹងដោះស្រាយភ្លាមៗ ហើយដោះស្រាយដោយយុត្តិធម៌… មិនលម្អៀងលើភាគីម្ខាងណាមួយឡើយ… យើងនឹងដោះស្រាយដោយយុត្តិធម៌។

នាពេលថ្មីៗនេះ លោក ត្រាំ បាននិយាយម្តងហើយម្តងទៀតថា មេដឹកនាំអាមេរិកដែលកំពុងកាន់អំណាច លោក ចូ បៃដិន បានជំរុញមនុស្សជាតិទៅកាន់សង្គ្រាមលោកលើកទី៣ ជាមួយនឹងសកម្មភាពរបស់គាត់។ លោក ត្រាំ ក៏បានអះអាងដែរថា គាត់នឹងដោះស្រាយស្ថានការណ៍នៅអ៊ុយក្រែនក្នុងពេលមួយថ្ងៃ ប្រសិនបើរូបលោកឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិកសាជាថ្មីនៅខែវិច្ឆិកា ឆ្នាំ២០២៤៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner