ឯកឧត្តម ព្រុំ សុខា៖ ការគាំទ្រពីប្រជាជនមកលើគណបក្សប្រជាជនកម្ពុជា គឺជាសក្ខីភាពបង្ហាញ ពីការជឿជាក់ ចំពោះ សម្តេចតេជោ ហ៊ុន សែន
ខេត្តព្រៃវែង៖ ឯកឧត្តម ព្រុំ សុខា បានលើកឡើថា ការគាំទ្រយ៉ាងរឹងមាំ និងដោយឥតងាករេសាជាថ្មីម្តងទៀតរបស់ប្រជាជននៅទូទាំងប្រទេសចំពោះគណបក្សប្រជាជនកម្ពុជា គឺជាសក្ខីភាពបង្ហាញពីការជឿជាក់ឥតងាករេរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជានាពេលឆាប់ៗនេះ ។
ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យដកពិសោធន៍ការងារបោះឆ្នោតជាតិឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា ស្រុកបាភ្នំ កាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សស្រុកបាភ្នំ ។
ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ក៏បានថ្លែងមតិក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាកោតសរសើរ វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ស្នាដៃ និងថ្លែងអំណរគុណដល់កម្លាំងសរុបរបស់ក្រុមការងារនៅគ្រប់លំដាប់ថ្នាក់ ដែលបាននិងកំពុងខិតខំបំពេញការងារយ៉ាងសកម្មនៅតាមមូលដ្ឋានរៀងៗខ្លួន ខិតខំដណ្តើមជ័យជំនះគ្រប់មុខសញ្ញា។ ប្រការនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយកម្លាំងទូទាំងប្រទេសជួយឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ថ្មីៗនេះ ។
ដើម្បីបន្តរក្សាប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជាយើង និងដណ្តើមបានបេះដូងរបស់ប្រជាជនជារៀងរហូត ឯកឧត្តម បានជំរុញលើកទឹកចិត្តឱ្យសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពុះពារបំពេញសម្រេចឱ្យបានល្អនូវភារកិច្ចនយោបាយរបស់ខ្លួនតាមគ្រប់មុខសញ្ញា គ្រប់ពេលវេលា គ្រប់ទីកន្លែងដោយត្រូវចុះជាប់មូលដ្ឋានជាប្រចាំផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជន សំដៅពង្រឹងសុខសុវត្ថិភាពសហគមន៍មូលដ្ឋាន ដែលជាចំណែកសំខាន់ដល់ការថែរក្សាសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពសម្រាប់កម្ពុជា៕
ដោយ ង៉ាន់ ទិត្យ




