ព្រះមហាក្សត្រ ចេញព្រះរាជក្រិត្យចាត់តាំងបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រិត្យចាត់តាំងបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ។ នេះបើយោងតាមព្រះរាជក្រឹត្យ ស្តីពីការចាត់តាំងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលឡាយព្រះហស្ដិលេខាដោយព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ។

ការចេញព្រះរាជក្រឹត្យចាត់តាំងបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បន្ទាប់ពីមានសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ខណៈឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត គឺជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ នៃគណបក្សប្រជាជនកម្ពុជា និងជាវរជនដែលមានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយគត់ ។

ក្នុងព្រះរាជក្រឹត្យ បានបញ្ជាក់ថា ត្រាស់បង្គាប់៖ មាត្រា១/ចាត់តាំងឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ។ មាត្រា២/នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការចាត់តាំងខាងលើ មានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំសេចក្ដីអនុម័តទុកចិត្តពីរដ្ឋសភា។ មាត្រា៣/ព្រះរាជក្រឹត្យនេះ ចូលជាធរមានចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

សម្ដេចតេជោ ហ៊ុន សែន តាមរយៈសារសម្លេងពិសេសផ្ញើជូនជនរួមជាតិនាពេលថ្ងៃៗនេះ បានបញ្ជាក់ថា បេក្ខភាពនាយករដ្ឋមន្ត្រីរបស់បណ្ឌិត ហ៊ុន ម៉ាណែត គឺស្របទៅតាមគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា រួមមាន៖ ១- បណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានការបោះឆ្នោតគាំទ្រជ្រើសតាំងដោយគណបក្សប្រជាជនកម្ពុជា, ២-បានជាប់ជាអ្នកតំណាងរាស្ត្រគណបក្សឈ្នះឆ្នោត មណ្ឌលរាជធានីភ្នំពេញ, ៣-ទទួលបានការឧទ្ទេសនាម ទូលថ្វាយព្រះមហាក្សត្រ ដើម្បីចេញព្រះរាជក្រឹត្យទទួលស្គាល់ជាបេក្ខជននាយករដ្ឋមន្ត្រី និងរៀបចំសមាសភាពគណៈរដ្ឋមន្ត្រី ដាក់ឆ្លងសុំសេចក្ដីទុកចិត្តពីរដ្ឋសភា ។

សូមរំលឹកថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្រកាសលទ្ធផលផ្លូវការនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី៥សីហា ថា មានតែគណបក្សពីរប៉ុណ្ណោះ បានទទួលអាសនៈក្នុងរដ្ឋសភា ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ១២០អាសនៈ និងគណបក្ស ហ្វ៊ុនស៊ិនប៉ិចទទួលបាន ៥អាសនៈ។

ជុំវិញឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី ក្រុមអ្នកវិភាគនៅក្នុងប្រទេសកម្ពុជា បង្ហាញសុទិដ្ឋិនិយម និងគាំទ្រ ចំពោះរដ្ឋាភិបាលថ្មីរបស់កម្ពុជានេះ ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា និងជាអ្នកវិភាគបញ្ហាសង្គមនយោបាយ មើលឃើញថា ការបន្តវេនរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាការផ្ទេរដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនៃប្រទេសកម្ពុជា នាសតវត្សរ៍ទី២១។ លោក បន្តថា ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦កក្កដា បានបង្កើតនូវភាពច្បាស់លាស់មួយនៃផែនការបន្តវេនដែលរៀបចំឡើងយ៉ាងល្អឥតខ្ចោះរបស់គណបក្សប្រជាជនកម្ពុជា ដោយគោរពទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងគោលការណ៍ច្បាប់នៃកម្ពុជា ព្រមទាំងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យផងដែរ។

ចំណែកលោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគសង្គមនយោបាយ បានគាំទ្រការបន្តវេនថ្នាក់ដឹកនាំ ដែលបានជ្រើសរើសឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីនៅក្នុងអាណត្តិថ្មីនេះ។ លោកថា ប្រទេសកម្ពុជា ពោរពេញទៅដោយធនធានមនុស្សវ័យក្មេង ដូច្នេះការរៀបចំរដ្ឋាភិបាលមួយដែលមានថ្នាក់ដឹកនាំវ័យក្មេង គឺជាបង្ហាញតុល្យភាពជាមួយប្រជាពលដ្ឋរបស់ខ្លួន ។

ដោយឡែកអ្នកវិភាគឯករាជ្យ លោក ឡៅ ម៉ុងហៃ បានលើកឡើងថា បើគិតថា ទំពាំងស្នងឬស្សីនោះ ប្រទេសកម្ពុជានឹងទទួលបានឬស្សីមកទៀត ដែលនេះបង្ហាញថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អាចដឹកនាំប្រទេសកម្ពុជា មិនចាញ់សម្ដេចតេជោ ហ៊ុន សែន ដែរ ៕អត្ថបទ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner