ឯកឧត្តម ហ៊ុន ម៉ានី ចង់ឱ្យមជ្ឈមមណ្ឌលកម្ពុជា៤.០ ក្លាយជាជាស្ថាប័នឈានមុខគេលើការយល់ដឹងឌីជីថលនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមមណ្ឌលកម្ពុជា ៤.០ បានលើកឡើងពីគោលដៅដោយចង់ប្រែក្លាយមជ្ឈមណ្ឌលនេះទៅជាស្ថាប័នឈានមុខគេមួយ លើការលើកកម្ពស់ការយល់ដឹងផ្នែកឌីជីថលនៅកម្ពុជា ខណៈកន្លងមកបានបណ្តុះការយល់ដឹងពីវិស័យឌីជីថលនេះតាមរយៈសកម្មភាពជាច្រើនដល់បណ្តាយុវជន ជាពិសេសសិស្ស និស្សិត និងក្នុងចំណោមសហគ្រិន។
ការបង្ហាញពីគោលដៅនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលនៃមជ្ឈមមណ្ឌលកម្ពុជា ៤.០ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ដើម្បីតាមដានវឌ្ឍនភាពការងារ និងដាក់ចេញនូវទិសដៅបន្ទាប់របស់មជ្ឈមណ្ឌលនេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ កន្លងមក ។ឯកឧត្តមបានលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំលើការងារនានាបន្តផ្អែកតាមស្ថានភាពជាក់ស្តែង ជាពិសេសជំរុញដល់ការសិក្សាពី LMS ( Learning Management System) ដែលនឹងជួយសម្រួលដល់វគ្គបណ្តុះបណ្តាលផ្សេងៗដល់សិក្ខាកាមទូទៅ។
ឯកឧត្តមបានបញ្ជាក់ថា ៖ «ក្នុងរយៈកាលកន្លងទៅ មជ្ឈមណ្ឌលកម្ពុជា ៤.០ បានបំពេញសកម្មភាពរបស់ខ្លួន ស្របតាមលក្ខន្តិកៈ ដែលមានដូចជា ការរៀបចំវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថល សម្រាប់សាធារណជនទូទៅ ការអនុវត្តគម្រោងកម្មវិធីទីផ្សារបច្ចេកវិទ្យាខ្មែរ និងសកម្មភាពជាច្រើនដែលបានផ្តល់ឱកាសដល់យុវជន ជាពិសេសសិស្ស និស្សិត និយោជិត និងសហគ្រិនបានស្វែងយល់រៀនសូត្រពីបំណិនក្នុងវិស័យឌីជីថល»។
ជាមួយគ្នានោះឯកឧត្តមបានលើកទឹកចិត្តបន្ថែមដល់ក្រុមការងារឱ្យខំខិតធ្វើយ៉ាងណាកែប្រែមជ្ឈមណ្ឌល ៤.០ នេះឱ្យក្លាយជាស្ថាប័ននាំមុខគេមួយលើការអប់រំ និងបណ្តុះបណ្តាលផ្នែកឌីជីថលនៅកម្ពុជា។
ជុំវិញបញ្ហានេះដែរ លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) បានប្រាប់ឱ្យដឹងថា ការពង្រឹងលើការយល់ដឹងផ្នែកឌីជីថល មានភាពចាំបាច់ខ្លាំងណាស់ដើម្បីឱ្យកម្ពុជាមានធនធានមនុស្សប្រកបដោយសក្តានុពលឆ្លើយតបនឹងស្ថានការណ៍នៃការវិវត្តឥតឈប់ឈរនៃនិន្នាការពិភពលោកជាមួយបរិបទសេដ្ឋកិច្ចឌីជីថលនេះ។

លោក ហេង គឹមហុង យល់ថា ៖ «រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគួរពង្រីកកញ្ចប់ថវិកា ឬមូលនិធិដើម្បីជួយសម្រួលក្នុងកិច្ចការបង្កើតព្រឹត្តិការណ៍ធំៗ ដើម្បីផ្តល់លទ្ធភាពឱ្យយុវជនអាចផ្សារភ្ជាប់ខ្លួន ទាំងការបណ្តុះបណ្តាល ការប្រកួតប្រជែងផ្សេងៗក្នុងក្របខ័ណ្ឌថ្នាក់ជាតិ ក៏ដូចជាក្នុងកម្រិតផ្ទៃក្នុងតួយ៉ាងរវាងសាលារៀន និងសាលារៀន ជាដើមក្នុងទេពកោសល្យឌីជីថល ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សកម្ពុជា»។
ចំណែក លោក ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងឱ្យដឹងដែរថា កម្ពុជាកំពុងឈានជើងក្នុងដំណើរយឺតៗនៃដំណើរការឌីជីថលទៅហើយ ប៉ុន្តែនៅចោទជាបញ្ហានៅត្រង់យុវជន សិស្សនិស្សិត និងមនុស្សមួយចំនួនមិនទាន់បានត្រៀមខ្លួនបានរួចរាល់ច្រើននៅឡើយ ដែលត្រូវការការអភិវឌ្ឍ និងពង្រឹងសមត្ថភាពបន្ថែម ដើម្បីដើរឱ្យទាន់សភាពការណ៍ពិភពលោក តែត្រូវទាមទារពេលវេលាយូរ។
សូមជម្រាបដែរថា កាលពីខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ផងនោះ បានលើកឡើងពីការសិក្សាដើម្បីសាងសង់មជ្ឈមណ្ឌលបដិវត្ដន៍ឧស្សាហកម្ម ៤.០ ឈ្មោះថា «មជ្ឈមណ្ឌលកម្ពុជា ៤.០» ដែលជាកន្លែងមួយអាចឱ្យស្វែងយល់អំពីឧស្សាហកម្ម ៤.០ ក្នុងសិក្ខាសាលាស្ដីពី «វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យាបច្ចុប្បន្ន សម្រាប់ជីវិតអនាគត» ដែលរៀបចំធ្វើឡើង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។
មជ្ឈមណ្ឌលកម្ពុជា ៤.០ ត្រូវបានបង្កើតឡើងក្នុងការកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាល និងតម្រង់ទិសផ្នែកជំនាញឌីជីថល និងធុរកិច្ចថ្មី (Startups) ផ្អែកលើថ្នាលបច្ចេកវិទ្យា ការផ្សារភ្ជាប់បណ្តាញការងារ ការសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍ និងពិគ្រោះយោបល់លើសហគ្រិនភាពផ្នែកជំនាញឌីជីថល និងបណ្តុះស្មារតីស្រឡាញ់ការសិក្សា និងស្រាវជ្រាវផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ទេពកោសល្យ គំនិតឆ្នៃប្រឌិត និងការបង្កើតថ្មី៕ ដោយ៖ សំបាន ច័ន្ទដារ៉ា