៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣០០ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសអាស៊ាន កាន់តែធ្លាក់ចុះ។ ប្រទេសកម្ពុជា ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ក៏បានរកឃើញអ្នកឆ្លងថ្មី ២នាក់។ យោងតាមក្រសួងសុខាភិបាលកម្ពុជា ការឆ្លងថ្មី២ករណី ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ គឺបានកើតឡើងនៅថ្ងៃសៅរ៍ ១ករណី និងថ្ងៃអាទិត្យ១ករណី។

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៣៤៧ករណី ដែលជាតួលេខឆ្លងបន្តថយចុះថែមទៀតច្រើនដល់ ៩៧៧ករណី បើប្រៀបធៀបការឆ្លងបីថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។

ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៧ នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, ឥណ្ឌូនេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា, ប្រុយណេ និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេស ដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១៥៤ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានការឆ្លងចំនួន ២ករណី។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី និងប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មាន ១៨នាក់ ដែលជាពលរដ្ឋនៃប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣១ម៉ឺន ១ពាន់ ៤២៤ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៧០៥នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩២ លានករណី, និងការស្លាប់មានជាង ៦លាន ៩០ម៉ឺននាក់៕

ads banner