ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ត្រូវបានពង្រីកទំហំផ្ទៃដីដល់ជាង ១៥៦ពាន់ហិកតា គ្រប់ដណ្ដប់លើខេត្តចំនួនបី
ភ្នំពេញ៖ ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ត្រូវបានពង្រីកទំហំផ្ទៃដីដល់ជាង ១៥៦ពាន់ហិកតា ដោយគ្រប់ដណ្ដប់លើខេត្តចំនួនបី ។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ១៦២ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការកែប្រែឧទ្យានជាតិព្រះមុនីវង្ស បូកគោ ។
បើតាមអនុក្រឹត្យដែលទទួលបាននៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ត្រូវបានកែប្រែពីផ្ទៃដីទំហំ ១៥៤ ៤៥៨ហិកតា មកផ្ទៃដីទំហំ ១៥៦ ១១៦ហិតកា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។
ផ្ទៃដីឧទ្យានជាតិព្រះមុនីវង្ស«បូកគោ»ខាងលើ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ ១៥៤ ៤៥៨ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ១៧១ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការកំណត់តំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ហើយនិងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ១ ៦៥៨ (មួយពាន់ប្រាំមួយ រយហាសិបប្រាំបី)ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើត របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ។
នៅក្នុងមាត្រា២ នៃអនុក្រឹត្យនេះ មានគោលបំណងដូចតទៅ៖
- ធានាការថែរក្សា ការពារសោភណភាពធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ សម្រាប់ វិទ្យាសាស្ត្រ ការអប់រំ ការសិក្សាស្រាវជ្រាវ និងការកម្សាន្ត។
- លើកកម្ពស់តួនាទី សក្តានុពល និងកិត្យានុភាពនៃប្រព័ន្ធអេកូឡូស៊ី ឆ្លើយតបទៅនឹងគោលដៅ អភិវឌ្ឍន៍ដោយចីរភាព។
- រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ។
- ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព។
-ជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ច គាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព ។
- លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។
ក្នុងអនុក្រឹត្យនេះបានបញ្ជាក់ថា ក្រសួងបរិស្ថាន មានសមត្ថកិច្ចរៀបចំកែប្រែ និងគ្រប់គ្រងតំបន់ឧទ្យានជាតិព្រះមុនីវង្ស«បូកគោ» ដោយ សហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលខេត្តកំពត រដ្ឋបាលខេត្តកំពង់ស្ពឺ និងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និង ការរស់នៅដោយចីរភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ៕ដោយ វណ្ណលុក




