ក្រសួងឧស្សាហកម្មសម្រេចផ្អាកមិនឱ្យដំណើរការជាបណ្តោះអាសន្ន ចំពោះរោងចក្រចិនមួយកន្លែង ក្នុងខេត្តបាត់ដំបង ដែលធ្វើឲ្យលេចធ្លាយសារធាតុរាវ និងបង្ហូរទឹកកខ្វក់ ចូលទៅក្នុងស្ទឹងសង្កែ
(ខេត្តបាត់ដំបង) ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្រេចធ្វើការផ្អាកមិនឲ្យរោងចក្រចិនមួយកន្លែង ដែលមានឈ្មោះ Phoenix Industrial CO.,LTD.ស្ថិតក្នុងភូមិសាស្ត្រស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយកំណត់ឲ្យផ្អាកដំណើរការជាបណ្តោះអាសន្ន នូវរាល់សកម្មភាពផលិតកម្ម របស់រោងចក្រ ក្រោយពីបានរកឃើញថា៖រោងចក្រនេះបានបង្កធ្វើឲ្យលេចធ្លាយនូវសំណល់រាវ (ទឹកកខ្វក់) បង្ហូរហូរចូលទៅក្នុងទឹកស្ទឹងសង្កែ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ។

បើយោងតាមលិខិតរបស់ក្រសួងឧស្សាហកម្ម ចុះថ្ងៃទី៤ខែសីហា ឆ្នាំ២០២៣ ក៏បានឱ្យដឹងដែរថា៖ក្រុមហ៊ុនហ្វីនិក អ៊ិនដាស្រ្ទៀល(ឯ.ក) បានធ្វើឱ្យលេចធ្លាយនូវសំណល់រាវ(ទឹកកខ្វក់)ហូរចូលទៅក្នុងស្ទឹងសង្កែ ថែមទាំងបណ្ដាលឱ្យទឹកស្ទឹងសង្កែ ប្រែជាពណ៌ខ្មៅខុសប្រក្រតី និងមានសារធាតុបំពុល ធ្វើឱ្យងាប់ត្រីមួយចំនួន ហើយនេះក៏ជាលើកទី៣ ដែលបង្កឱ្យមានផលប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរទៀតផង ។

ក្នុងខ្លឹមសារនៃលិខិត ក៏បានសង្កត់ធ្ងន់ទៀតថា”ក្នុងករណីនេះ ក្រសួងឧស្សាហកម្ម គឺតម្រូវឱ្យក្រុមហ៊ុនផ្អាកដំណើរការទាំងស្រុងនូវរាល់សកម្មភាពផលិតកម្មជាបណ្ដោះអាសន្ន”ក្នុងរយៈពេល២សប្ដាហ៍ដោយតម្រូវឲ្យរក្សាបៀវត្សរ៍ បុគ្គលិក កម្មករជាធម្មតា (គិតចាប់ ពីថ្ងៃទី៤ខែសីហាដល់ថ្ងៃទី១៨ ខែសីហាឆ្នាំ២០២៣) និងដើម្បីតម្រូវឲ្យរោងចក្រ ធ្វើការកែសម្រួលឡើងវិញនូវរាល់កំហុសឆ្គងរបស់ខ្លួន ដើម្បីឲ្យប្រសើរឡើងវិញ។

សូមបញ្ជាក់បន្ថែមឲ្យដឹងផងដែរថាបច្ចុប្បន្ននេះ៖ ទឹកស្ទឹងសង្កែបានវិលត្រឡប់ មកសភាពដើមជាធម្មតាឡើងវិញហើយ។ ខណៈដែលទឹកស្អាតដែលត្រូវផលិតដើម្បីធ្វើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ប្រើប្រាស់ក្នុងក្រុង-ខេត្តបាត់ដំបង នៅតែបន្តរក្សាបានពីគុណភាពស្តង់ដារល្អជាធម្មតាដោយអនុលោម ទៅតាមស្ដង់ដារគុណភាពទឹកស្អាត និងមិនមានប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់នោះឡើយ៕


អត្ថបទ-រូបភាព៖ អ៊ុក សំអាន