ពិនិត្យទឹកនោមឃើញមានប្រើប្រាស់គ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវ២០១១ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ សៀ តុលា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរព្រូឡាន ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងឈ្មោះ សំអាន សំនៀង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិទូលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួន កម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យទាំងពីរកំពុងជិះម៉ូតូឌុបគ្នា ដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យ រួចក៏នាំខ្លួនទៅសាកសួរ និងត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃើញថាជនសង្ស័យទាំងពីរមានប្រើប្រាស់សារធាតុញៀន ក៏ឃាត់ខ្លួនតែម្តង៕ម.ន