ទំនិញកសិផលធ្លាក់ចុះរយៈពេល៧ខែដើមឆ្នាំ (Video Inside)
ទំនិញកសិផលនាំចេញទៅក្រៅប្រទេសក្នុងរយៈពេល៧ខែដើមឆ្នាំនេះ ត្រូវគេរាយការណ៍ថា មានការធ្លាក់ចុះ។ យោងតាមក្រសួងកសិកម្ម, ចំណូលបានមកពីការនាំចេញទំនិញកសិកម្ម រវាងពីខែមករាដល់ខែកក្កដា មានទឹកប្រាក់ជាង២ពាន់៦០០លានដុល្លារ ដែលធ្លាក់ចុះ ១៩.២០ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។
មិនមានសេចក្តីរាយការណ៍បញ្ជាក់នូវផលប៉ះពាល់ ដែលនាំឱ្យទំនិញកសិផលបានធ្លាក់ចុះក្នុងការនាំចេញទៅក្រៅប្រទេសនេះឡើយ ខណៈដែលពិភពលោកបានរងនឹងវិបត្តិសេដ្ឋកិច្ចនេះដូចគ្នា ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។
អ្នកនាំពាក្យក្រសួងកសិកម្ម ការលោកស្រី អ៊ឹម រចនា បានថ្លែងថា «ថ្វីត្បិតតែការនាំចេញកសិផលទៅទីផ្សារក្រៅប្រទេស មាននិន្នាការថយចុះបន្តិចមែន ប៉ុន្តែបើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៣ ឃើញថាមានកំណើនចំនួន ៣.៣២% ដែលនេះជាសញ្ញាណវិជ្ជមាន ឈានទៅរកការកើនឡើងនៅពេលវេលាខាងមុខ»។
លោកស្រីបានថ្លែងថាការកើនឡើងនេះ គឺដោយសារតែប្រទេសឥណ្ឌាបច្ចុប្បន្ន បានប្រកាសបិទការនាំចេញអង្ករ ដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសរបស់ខ្លួន»។ លោកស្រីបានបន្តថាតម្លៃអង្ករលើទីផ្សារអន្តរជាតិ បាននិងកំពុងតែហក់ឡើង។ លោកស្រីបន្តថា កម្ពុជាកំពុងតែសិក្សាអំពីយុទ្ធសាស្ត្រ ដែលអាចទាញយកផលប្រយោជន៍ខាងសេដ្ឋកិច្ចពីព្រឹត្តិការណ៍នេះ តាមរយៈការបង្កើនសមត្ថភាព ឱ្យរោងម៉ាស៊ីនក្នុងស្រុកប្រមូលទិញស្តុកទុក, បង្កើនការកែច្នៃ និងនាំចេញផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ៕