ប្លីងកិន៖ អាមេរិកនឹងដាក់សម្ពាធរបបយោធានីហ្សេ ឱ្យទទួលខុសត្រូវចំពោះសុវត្ថិភាពមេដឹកនាំដែលត្រូវបានឃុំខ្លួន
អាមេរិក៖ យោងតាមរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីងកិន (Antony Blinken) បានបញ្ជាក់កាលពីថ្ងៃទី១០ ខែសីហាថា សហរដ្ឋអាមេរិកនឹងជំរុញឱ្យរបបយោធាដែលកំពុងកាន់អំណាចនៅក្នុងប្រទេសនីហ្សេ ទទួលខុសត្រូវចំពោះសុវត្ថិភាពប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ លោក ម៉ូហាំ បាហ្សោម (Mohamed Bazoum) និងក្រុមគ្រួសាររបស់លោក ព្រមទាំងសមាជិករដ្ឋាភិបាលដែលត្រូវបានឃុំខ្លួនទាំងអស់។
លោក ប្លីងកិន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិកថា «សហរដ្ឋអាមេរិកសូមចូលរួមជាមួយសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វ៊ិកខាងលិច ឬហៅកាត់ថា ECOWAS ក្នុងដំណើរការអំពាវនាវឱ្យមានការស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញឡើងវិញនៅក្នុងប្រទេសនីហ្សេ»។
ថ្មីៗនេះ សហរដ្ឋអាមេរិកបានផ្អាកកម្មវិធីជំនួយបរទេសមួយចំនួនទៅកាន់ប្រទេសនីហ្សេ បន្ទាប់ពីរបបយោធាបានធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។
កាលពីថ្ងៃព្រហស្បតិ៍ សហគមន៍សេដ្ឋកិច្ច ECOWAS នៅតំបន់អាហ្រ្វ៊ិកខាងលិចនេះ បានបញ្ជាឱ្យដាក់ពង្រាយកងកម្លាំងតាមព្រំដែន ក្នុងគោលបំណងប្រឆាំងនឹងរបបយោធាដែលបានដណ្ដើមអំណាចនៅក្នុងប្រទេសនីហ្សេកាលពីខែកក្កដា។ សហគមន៍នេះបាននិយាយថា ពួកគេចង់ស្ដារលទ្ធិបែបប្រជាធិបតេយ្យឱ្យបានប្រសើរឡើងវិញដោយសន្តិវិធី ប៉ុន្តែពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់កម្លាំងក្នុងករណីចាំបាច់។
លោក ប្លីងកិន បានសង្កត់ធ្ងន់ថា «សហរដ្ឋអាមេរិកសូមកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ សហគមន៍ ECOWAS ដែលបានខិតខំស្វែងរកគ្រប់វិធីទាំងអស់ដើម្បីដោះស្រាយវិបត្តិនេះដោយសន្តិវិធី»។
គួរកត់សម្គាល់ថា គេមិនទាន់ឃើញមានការគំរាមកំហែងវាយប្រហារណាមួយច្បាស់លាស់នោះទេ ប៉ុន្តែភាពតានតឹងហាក់កំពុងកើនឡើងកាន់តែខ្លាំងនៅក្នុងប្រទេសនីហ្សេ និងនៅក្នុងបណ្ដាប្រទេសជុំវិញតំបន់នេះ។ មុនពេលរដ្ឋប្រហារ នីហ្សេគឺជាសម្ព័ន្ធមិត្តលោកខាងលិចដ៏សំខាន់មួយដែលតែងតែប្រឆាំងនឹងពួកបះបោរអ៊ីស្លាមដែលបានបំផ្លិចបំផ្លាញតំបន់សាហែល (Sahel)។
គួររំឭកថា របបយោធាដែលបានដណ្តើមអំណាចកាលពីថ្ងៃទី២៦ ខែកក្កដា បានច្រានចោលកាលបរិច្ឆេទផុតកំណត់ថ្ងៃទី៦ ខែសីហា ដែលបានកំណត់ដោយសហគមន៍ ECOWAS ឱ្យចុះចេញពីអំណាច។ ផ្ទុយទៅវិញ ក្រុមយោធាបានបញ្ជាឱ្យបិទដែនអាកាសរបស់ប្រទេសនីហ្សេ និងប្តេជ្ញាការពារប្រទេសនីហ្សេ ប្រឆាំងនឹងការវាយប្រហាររបស់បរទេសទៀតផង។
ដោយឡែក សហគមន៍ ECOWAS បានសន្យាថានឹងអនុវត្តការវិធានការដាក់ទណ្ឌកម្ម ដោយហាមឃាត់ការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិលើអ្នកដែលរារាំងការវិលត្រឡប់ចូលកាន់អំណាចរបស់លោក បាហ្សោម។ ប្រែសម្រួលដោយ៖ ធា សុណា