ការពង្រឹងគុណភាពការងារបន្ថែមទៀតរបស់នគរបាលខេត្តតាកែវ ត្រូវបានអគ្គស្នងការនគរបាលជាតិជំរុញ
តាកែវ៖ អគ្គស្នងការនគរបាលជាតិឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា ស្របពេលដែលមានកន្លែងធ្វើការសមស្របថ្មីការងារក៏ត្រូវតែដើរស្របគ្នាដែរ ។លោកក៏បានជំរុញឱ្យស្នងការខេត្តតាកែវពង្រឹងកិច្ចការពារសុខសុវត្ថិភាព និងពង្រឹងគុណភាពការងារបន្ថែមទៀត ដើម្បីជួយដោះស្រាយ ក៏ដូចជាបម្រើសេវាជូនពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ការជំរុញនេះត្រូវបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មីរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវកាលពីថ្ងៃទី ១០ ខែសីហាឆ្នាំ២០២៣នេះ។នេះបើតាមប្រភពអគ្គស្នងការដ្ឋាននគរបាលជាតិ។

នាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា អគាររដ្ឋបាលថ្មីរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវតម្លៃជិត៨០ម៉ឺនដុល្លារ គឺជាសមិទ្ធផលថ្មីសម្រាប់ខេត្តតាកែវ ដោយអនុវត្តតាមនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ជាមួយគ្នានេះ លោកថា កន្លែងធ្វើការសមស្របថ្មីស្អាតការងារក៏ត្រូវតែដើរស្របគ្នា និងត្រូវពង្រឹងគុណភាពការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតផងដែរ។
ឯកឧត្តម នេត សាវឿន បានបន្តថា យើងបានរកឃើញបញ្ហាប្រឈម និងកង្វល់របស់ប្រជាពលរដ្ឋចំនួនប្រាំចំនុច ដែលក្នុងនាមស្នងការនគរបាលខេត្តតាកែវ ក៏ដូចជាគណៈបញ្ជាការខេត្តត្រូវប្រើប្រាស់កម្លាំងសរុបទាមទាររួមគ្នាជួយដោះស្រាយនិងប្រឹងប្រែងក្នុងការប្រយទ្ធប្រឆាំងបទល្មើសទាំងនោះ។ ក្នុងនោះរួមមាន បទល្មើសព្រហ្មទណ្ឌ ការលួចឆក់ ប្លន់ក្នុងមូលដ្ឋាន ការប្រើប្រាស់ក៏ដូចជាចរចរណ៍គ្រឿ្ងងញៀន ជាពិសេសគឺសារធាតុគីមីផ្សំក្នុងការផលិតគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ការកែរប្រែអត្តចរិករបស់មន្ត្រីនគរបាលក្នុងមូលដ្ឋាន និងការពង្រឹងការផ្តល់សេវាសាធារណៈ ច្រកចេញចូលតែមួយជូនប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យបានរហ័សទាន់ពេលវេលានូវរាល់ឯកសាផ្សេងៗ និងមិនត្រូវកោសរូសនោះឡើយ។

ក្នុងពិធីនេះឯកឧត្តមឧត្តមសេនីយ៍ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវបានឱ្យដឹងថា ជុំវិញសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសម្រាប់ខេត្តតាកែវ បើគិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ គឺមានបទល្មើសព្រហ្មទណ្ឌកើនឡើង ៧៧ករណី ស្មើនឹង ៦៨ភាគរយគឺ ១៩១ លើ ១១៤ ធៀបឆមាសទី១ ឆ្នាំ២០២២។ទោះយ៉ាងណា បទល្មើសខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាប ដោយទទួលបានលទ្ធផលខ្ពស់ គឺស្មើនឹង ៩៧ភាគរយ នៃបទបល្មើសដែលបានកើតឡើង ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន ២២៦នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ដោយឡែកបទល្មើសគ្រឿងញៀនវិញ បង្រ្កាបបាន ៧០ករណី ឃាត់ខ្លួន ១៤៩នាក់ (ស្រី ១០នាក់) និងវត្ថុតាងមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅតុលាការផងដែរ»។

ចំពោះ បទល្មើសក្មេងទំនើងវិញ ក៏បង្រ្កាបបាន ១៤ករណី ឃាត់ខ្លួន ៤០នាក់ ក្នុងនោះកសាងសំណុំរឿងបញ្ជូនទៅតុលាកាត ១០ករណី មនុស្ស ២៤នាក់ និងអនុវត្តវិធានការរដ្ឋបាល អប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ជូនឱ្យអាណាព្យាបាលវិញ ៤ករណី មនុស្ស ១៦នាក់។ ចំណែកឯ គ្រោះថ្នាក់ចរាចរណ៍វិញ បានកើតឡើង ៧៦ លើ ៤១លើក កើន ៣៥លើក ស្មើនឹង ៨៥ភាគរយ បណ្តាលឱ្យមនុស្សស្លាប់ ៣៤ លើ ៣៤ និងរងរបួស ១១០ លើ ៩៧ កើន ១៣នាក់ ស្មើនឹង ១៣ភាគរយ។

ក្នុងនាមស្នងការនគរបាលខេត្តតាកែវលោកបានប្តេជ្ញា នឹងខិតខំពង្រឹងគុណភាពការងារបន្ថែមទៀត ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសការបង្កភាពអាណាធិបតេយ្យក្នុងសង្គម។
ក្រៅពីជំរុញឱ្យស្នងការខេត្តតាកែវ ពង្រឹងគុណភាពការងារបន្ថែមទៀតហើយនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានឱ្យស្នងការនគរបាលខេត្តតាកែវ ត្រូវផ្លាស់ប្តូឥរិយាបថ និងបម្រើប្រជាពលរដ្ឋដោយលក្ខណៈទន់ភ្លន់ដឹងសុខទុក្ខប្រជាពលរដ្ឋផ្តល់ការទំនាក់ទំនង និងភាពងាយស្រួល ត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរ និងកម្លាំងពាក់ព័ន្ធពាក់ព័ន្ធ ត្រូវពង្រឹងវិន័យរបៀបរបបការងារ ពិសេសនគរបាលចរាចរណ៍អនុវត្តនៅលើដងផ្លូវ ត្រូវតែពង្រឹងសីលធម៌ និងត្រូវមានគុណធម៌ផងដែរ៕
ដោយ៖ បូរ ពេជ្យហ្សាលីន