ក.ប.ប៖ ពលរដ្ឋ១០នាក់នៅខេត្តកំពង់ចាមត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ សង្ស័យពុលចំណីអាហារ

អត្ថបទដោយ៖
CPA

កំពង់ចាម៖ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សាខាខេត្តកំពង់ចាម បានយកសំណាកគំរូដូចជា ទឹកម្ទេស ទឹកស៊ីអ៊ីវ ទឹកសៀង និងទឹកស្រូបបាយ ទៅធ្វើការពិសោធន៍ បន្ទាប់ពីមានពលរដ្ឋ១០នាក់ សង្ស័យពុលចំណីអាហារនៅអាហារដ្ឋានមួយកន្លែង។

យោងតាម «ក.ប.ប.»បានឱ្យដឹងថា នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ក្រោយទទួលបានដំណឹងថាមានប្រជាពលរដ្ឋពុលអាហារស្ថិតនៅភូមិកំផ្លាក ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប.បានបញ្ជាផ្ទាល់ភ្លាមៗទៅកាន់មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ចាមឱ្យចុះត្រួតពិនិត្យកន្លែងកើតហេតុផ្ទាល់ភ្លាមៗតែម្ដង។

បន្ទាប់មកមន្រ្តីជំនាញសាខាខេត្តកំពង់ចាម បានចុះទៅកន្លែងកើតហេតុ ក៏ដូចជាមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋដែលពុលអាហារនោះផង និងសាកសួរនាំព័ត៌មានមួយចំនួនអំពីការពុល ដែលមានចំនួន ១០នាក់។

ក.ប.ប. បញ្ជាក់ថា តាមការសាកសួរពីប្រជាពលរដ្ឋ ការពុលអាហារគឺបន្ទាប់ពីបានពិសារបាយភ្លៅមាន់ដែលនៅទីតាំងកន្លែងកើតហេតុតែម្ដង។ ក.ប.ប. បន្តថា តាមការបំភ្លឺរបស់ម្ចាស់ហាងបាយភ្លៅមាន់គាត់ទើបតែបើកលក់បាន១៥ថ្ងៃតែប៉ុណ្ណោះ ដែលមានគ្រឿងផ្សំមួយចំនួនដែលមានការសង្ស័យ ទើបមន្រ្តីជំនាញបានស្រង់យកសំណាកគំរូដូចជាទឹកម្ទេស ទឹកស៊ីអ៊ីវ ទឹកសៀង និងទឹកស្រូបបាយ ដើម្បីបញ្ជូនមកអគ្គនាយកដ្ឋានដើម្បីធ្វើការពិសោធន៍រកលទ្ធផលជាក់ស្ដែងនៃការពុល។

កន្លងមកក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ លើបញ្ហា សុខភាព ពុលចំណីអាហារ និងពុលស្រា ជាដើម ប៉ុន្តែក្រសួងបានសង្កេតឃើញថា ករណីពុលអាហារ និងករណីពុលស្រា នៅតែបន្តកើតឡើងនៅតាមសហគមន៍នៃបណ្តាខេត្តមួយចំនួន៕ ដោយ៖ សុខ រក្សា

ads banner