ទីក្រុងហាណូយរបស់វៀតណាមរាយការណ៍ពីការកើនឡើងករណីកើតជំងឺគ្រុនឈាម
ហាណូយ៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់វៀតណាម (CDC) បានបញ្ជាក់ថា ទីក្រុងហាណូយបានកត់ត្រាការកើនឡើងយ៉ាងខ្លាំង ជុំវិញករណីកើតជំងឺគ្រុនឈាមកាលពីខែកក្កដា។
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺទីក្រុងហាណូយ (CDC) បានព្យាករណ៍ថា ស្ថានភាពជំងឺគ្រុនឈាម នឹងមានភាពស្មុគស្មាញក្នុងពេលដ៏ខ្លីខាងមុខ ដោយសារតែជំងឺរាតត្បាតមួយនេះកំពុងលេចឡើងលឿនជាងឆ្នាំមុនៗ។ ទន្ទឹមគ្នា អគ្គនាយកដ្ឋានថ្នាំបង្ការ ដែលស្ថិតក្រោមក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ឆ្នាំនេះ ទីក្រុងហាណូយមានអ្នកកើតជំងឺគ្រុនឈាមរហូតដល់៣.១៨០នាក់ កើនឡើង៥.៧ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តួយ៉ាង មន្ទីរពេទ្យក្នុងតំបន់មានអ្នកជំងឺបញ្ជូនទៅសម្រាកព្យាបាលប្រហែល២០ករណីក្នុងមួយថ្ងៃ ខណៈដែលនៅមន្ទីរពេទ្យកុមារជាតិ មានកុមារជាច្រើននាក់បានកើតជំងឺនេះឡើងវិញ។ ជំងឺគ្រុនឈាមអាចផ្លាស់ប្តូរពីស្រាលទៅធ្ងន់ធ្ងរ ដូច្នេះអ្នកជំងឺត្រូវតែទៅពិនិត្យ និងមានផែនការព្យាបាលសមស្របជាបន្ទាន់។ ជារៀងរាល់ឆ្នាំ ជំងឺគ្រុនឈាមតែងតែផ្ទុះឡើងនៅចន្លោះខែតុលា ដល់ខែធ្នូ នៅទីក្រុងហាណូយ។ យ៉ាងណាមិញ ឆ្នាំនេះចំនួនករណីកើតជំងឺគុ្រនឈាមបានកើនឡើងលឿនជាងធម្មតា។
បើតាមក្រសួងសុខាភិបាលវៀតណាម ចាប់តាំងពីដើមឆ្នាំមក ប្រទេសវៀតណាមមានមនុស្សកើតជំងឺគ្រុនឈាមចំនួន ៥៧.២៩៥ករណី ក្នុងនោះ១៣នាក់បានស្លាប់។ ចំនួនអ្នកស្លាប់ និងកើតជំងឺគ្រុនឈាម ត្រូវបានព្យាករណ៍ថា នឹងកើនឡើងបន្ថែមទៀត។ ទន្ទឹមគ្នា ក្រសួងបានស្នើដល់មន្ទីរសុខាភិបាលខេត្ត និងក្រុង ត្រូវពង្រឹងវិធានការបង្ការ និងទប់ស្កាត់៕ ប្រភព៖ Vietnam News ប្រែសម្រួលដោយ៖ ឈឹម ទីណា

