ស៊ី​ម៉ាក់ និង​អង្គ​ការ​ជប៉ុន បាន​ចាប់​ផ្ដើម​អនុ​វត្ត​គម្រោង​បោស​សម្អាត​មីន​តោន​ក្នុង​ខេត្ត​បាត់​ដំបង

អត្ថបទដោយ៖
CPA

បាត់ដំបង៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(​ស៊ី​ម៉ាក់,CMAC) ​និង​អង្គ​ការ​ជប៉ុន បាន​​ចុះ​អនុ​ស្ស​រ​ណៈ​យោគ​យល់​គ្នា​លើ​គម្រោង «​បោស​សម្អាត​មីន​តោ​ន​​តាម​សហគមន៍​» ក្នុង​ខេត្ត​បាត់​ដំបង ដែល​មាន​ទំហំ​ទឹក​ប្រាក់​​ជាង៤៣ម៉ឺន​ដុល្លារ​ ។ពិធីចុះហត្ថលេខាបាន​ធ្វើ​ឡើង​ កាលពី​​ថ្ងៃ​ទី​១៥ ខែ​សីហា​ ដែល​មាន​ឯកឧត្តម ​ ហេង  រតនា អគ្គ​នាយក​ស៊ី​ម៉ាក់ រួម​ជា​មួយ​លោក តាកាអ៊៊ិយ៉ាម៉ា រីអូ(Takayama Ryoj) ប្រធាន​អង្គ​ការ​ IMCCD ។

ប្រភពអង្គភាពស៊ីម៉ាក់ បាន​ឱ្យដឹងថា គម្រោង​ «​បោស​សម្អាត​មីន​តោន​តាម​សហគមន៍​» នេះ ​មាន​រយៈ​​ពេលមួយ​ឆ្នាំ ដោយ​ចាប់​ផ្ដើម​អនុ​វត្ត​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២៣ ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០​២៤ ខណៈ​ដែល​គម្រោង​នេះ មាន​ផែន​ការ​បោស​សម្អាត​ផ្ទៃ​ដី​ចម្ការ​មីន​តោន​ស្ថិត​ក្នុង​ខេត្ត​បាត់​ដំបង​។ ​គម្រោង​នេះ មាន​ការ​គាំ​ទ្រ​ដោយ​អង្គ​ការ​មិន​រក​ប្រាក់​ចំណូល​របស់​ជប៉ុន (Japan Non-Profit Organization (NPO) ដែល​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន ៤៣ ៧១៤ ដុល្លារ​អាមេរិក ។គម្រោង​ដើម្បី​លើក​កម្ពស់​សកម្ម​ភាព​សេដ្ឋ​កិច្ច​សង្គម​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ក្រោយ​បោស​សម្អាត​មីន​ក្នុង​ខេ​ត្ត​បាត់​ដំបង​។

អង្គ​ភាព​ស៊ី​ម៉ាក់ បាន​បញ្ជាក់​ថា ៖ «គម្រោង​នេះ​ដែរ គឺ​បាន​ផ្ដោត​សំខាន់​លើ​ការ​បោស​សម្អាត​គ្រាប់​មីន​ប្រ​ឆាំង​មនុស្ស និង​សំណល់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ ជា​ពិសេស​ការ​បោស​សម្អាត​គ្រាប់​មីន​ប្រឆាំង​រថ​​ក្រោះ​​»។

​ឯកឧត្តម ហេង រតនា បាន​ថ្លែង​ឱ្យ​ដឹង​ថា ការ​ចុះ​អនុ​ស្សរ​ណៈ​យោ​គ​យល់​គ្នា​ជា​មួយ​អង្គ​ការ​របស់​ជប៉ុន​លើ​គម្រោង «​បោស​សម្អាត​មីន​តោន​តាម​សហគមន៍​» ដែល​កិច្ច​សហ​កា​រ​គ្នា​នេះ វា​គ្រាន់​តែ​ជា​រូប​ភាព​តូច​មួយ​ក្នុង​ការ​គាំ​ទ្រ​តែ​ក្រុម​ដោះ​មីន​តោន ដែល​មាន​ថវិកា​ប្រមាណ​ជិត ៥០ ​ម៉ឺន​ដុល្លារ សម្រាប់​អនុវត្ត​រយៈ​ពេល ១​ឆ្នាំប៉ុណ្ណោះ​។

លោកបាន​​បន្ថែម​ថា ទោះ​បី​ជា​គម្រាង​នេះ​មាន​ទំហំ​តូច​ក្ដី ប៉ុន្តែ​តាម​បទ​ពិសោធន៍​ក្នុង​កិច្ច​សហ​ការ​គ្នា​កន្លង​ម​ក​ ​ឃើញ​ថា​មាន​ចំណុច​កំពុង​ប្រឈម​មួយ​ចំនួន ត្រូវ​បាន​គម្រោង​នេះ​​ចូល​រួម​ជួយ​ដោះ​ស្រាយ និង​កាត់​ប​ន្ថយ​រាល់​ការ​លំបាក​របស់​អង្គ​ភាព​ស៊ី​ម៉ាក់​៕  ដោយ៖ជា សុខនី

ads banner