រដ្ឋមន្រ្តីក្រសួងអប់រំ ថ្លែងអំណរគុណដល់អង្គការ FCA ដែលបានរួមចំណែកក្នុងការជួយវិស័យអប់រំកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំអង្គការជំនួយព្រះវិហារហ្វាំងឡង់ (FCA) ចូលជួបសម្ដែងការគួរសម និងគោរពរាយការណ៍ជូនពីឧត្តមានុវត្តគម្រោងអប់រំ និងផែនការបញ្ចប់បេសកកម្មរបស់អង្គការ ក្នុងព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ។
លោក វង្ស មករា តំណាងអង្គការ FCA បានគោរពរាយការណ៍ជូន ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី អំពីវឌ្ឍនភាពការងាររបស់អង្គការ FCA ក្នុងការអនុវត្តគម្រោងអប់រំចំនួន៣ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ៖

គម្រោងមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា៖ អនុវត្តក្នុងគ្រឹះស្ថានមធ្យមសិក្សាចំនួន ៤០ ក្នុងនោះ ខេត្តបាត់ដំបង ៣០ និងខេត្តបន្ទាយមានជ័យ ១០ និងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង ។ គម្រោងពង្រឹងគុណភាពអប់រំប្រកបដោយបរិយាបន្ននៅកម្រិតបឋមសិក្សា៖ អនុវត្តនៅសាលាបឋមសិក្សាចំនួន ១៧ ក្នុងខេត្តបាត់ដំបង ។ គម្រោងឌីជីថល និងការសិក្សាប្រកបដោយបរិយាបន្នរបស់កុមារ៖ អនុវត្តនៅសាលាបឋមសិក្សាចំនួន ៧ ក្នុងខេត្តបាត់ដំបង។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវការថ្លែងអំណរគុណដល់អង្គការ FCA ដែលបានបំពេញបេសកកម្មរួមចំណែកក្នុងការជួយដល់វិស័យអប់រំកម្ពុជារយៈពេល ៩ ឆ្នាំកន្លងមកនេះ ទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមានគួរជាទីមោទនៈ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ជូនតំណាងអង្គការ FCA ថា ក្រសួងនឹងបន្ដផ្ដល់ការគាំទ្រដល់គ្រឹះស្ថានមធ្យមសិក្សាទាំងអស់ខាងលើ និងបន្ដយន្ដការការងារដើម្បីធានានិរន្ដរភាពនៃការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា តាមរយៈនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូទាំងអស់ បន្ទាប់ពីអង្គការបញ្ចប់បេសកកម្មជាផ្លូវការនាចុងឆ្នាំ២០២៣ខាងមុខ៕

ដោយ-រ៉ាវុធ