មន្រ្តីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា៖ រយៈពេល១៩ឆ្នាំ ដើមឈើប្រមាណពីរលានដើមហើយ ត្រូវបានដាំនៅក្នុងតំបន់រមណីយអង្គរ

អត្ថបទដោយ៖
CPA

សៀមរាប៖ មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរាបាន​ថ្លែង​ឱ្យដឹងនា​ថ្ងៃទី​១៦ ខែសីហា ​​ថា ក្នុងរយៈពេល១៩ឆ្នាំកន្លងមក​ ដើមឈើប្រមាណពីរលានដើមហើយ ត្រូវបានដាំដុះនៅក្នុងតំបន់អង្គរ ដោយចំនួន​នេះមិនបានរាប់បញ្ជូលនូវ​​កូនឈើ ដែល​បានចែកចាយ​ទៅកាន់ស្ថាប័នរដ្ឋ និងឯកជនឡើយ។

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានលើកឡើងដូចនេះ ក្នុង​ពលលោក​ដឹកនាំ​​មន្ត្រី និងបុគ្គ​លិក អាជ្ញាធរជាតិអប្សរា ចំនួនជិត ៥០០នាក់ ​រួមគ្នាដាំកូនឈើ និងស្មៅ នៅខាងមុខប្រាសាទអង្គរ ដែលមាន​កូនឈើចម្រុះចំនួន ១ ២០០ ដើម និងស្មៅចំនួន៤០០ម៉ែត្រការរ៉េ ត្រូវបានដំាដុះនៅលើផ្ទៃដីចំនួនក​ន្លះហិកតា នាបរិវេណខាងមុខប្រាសាទអង្គរវត្ត ក្បែស្រះត្រពាំងសេស។

តាមរយៈអាជ្ញាធរជាតិអប្សរា ឯកឧត្តម ​ហង់ ពៅ ​​បាន​លើកឡើងថា ក្រោយការបង្កើតឱ្យមាននាយកដ្ឋានគ្រ​ប់គ្រងទឹក និងព្រៃឈើ នាអំឡុងឆ្នាំ២០០៤មក នាយកដ្ឋាននេះបានរៀបចំផែនការធ្វើយ៉ាងណាឱ្យតំបន់រ​មណីយដ្ឋានអង្គរ មានដើមឈើកាន់តែច្រើន។

លោកបាន​បញ្ជាក់ថា​៖ «ដោយក្នុងរយៈពេល១៩ឆ្នាំកន្លងមកនេះ ដើមឈើសរុបប្រមាណ២លានដើមហើយ ត្រូវបានដាំដុះនៅក្នុងតំបន់អង្គរ នេះមិនបានរាប់បញ្ជូលការចែកចាយកូនឈើ ទៅកាន់ស្ថាប័នរដ្ឋ និងឯកជនឡើយ»។

ឯកឧត្តម ហង់ ពៅ បានបន្ថែមថា ​នៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ ក្រោយការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំឡើងវិញនៅក្នុងតំបន់អង្គរ ដោះស្រាយនូវបញ្ហាផលប៉ះពាល់ទេសភាពវប្បធម៌ និងតម្លៃជាសកលរបស់អង្គរ ទើបអាជ្ញាធរជាតិអប្សរា មានឱកាស​ដើម្បីបង្កើនការថែទាំនិងលើកតម្លៃតំបន់រមណីយដ្ឋានអង្គរ។ក្នុងនោះចាប់ពីកំលុងចុងឆ្នាំ២០២២ មកដល់បច្ចុប្បន្ន កូនឈើចម្រុះចំនួនជាង ៤៧,០០០ដើម ត្រូវបានដំាដុះយ៉ាងឆាប់រហ័ស លើផ្ទៃដីទំនេរ នៅជុំវិញតំបន់អង្គរ។ នេះបើតាម​លោក ហង់ ពៅ បញ្ជាក់។

​ដើមឈើមានអត្ថប្រយោជន៍ច្រើនណាស់​ ជាពិសេសសម្រាប់ប្រាសាទបុរាណ ក្នុងនោះធាតុបីដែលមិនអា​ច​ចែកដាច់ពីគ្នាបាន រួមមាន៖ ទឹក ព្រៃឈើ និងប្រាសាទ។

ឯកឧត្តមបន្តថា​៖ «ដូចយើងដឹងហើយថា ស្ថិរភាពរបស់ប្រាសាទ ត្រូវមានទំនាក់ទំនងនឹងទឹកក្រោមដី ដូច្នេះបើសិនជាយើងដាំដើមឈើ ដើមឈើទាំងនោះនឹងជួយកាត់បន្ថយភាពរំហួតនៃទឹកនៅក្រោមដី។ ក្នុងនោះដើមឈើ ដុះនៅជិតប្រាសាទ នឹងបញ្ចេញសំណើម ធ្វើរស្មីសំយោគ ជួយកាត់បន្ថយកម្តៅនៃប្រាសាទ ជាហេតុនាំឱ្យថ្មមិនងាយនិងប្រះ ឬរលំ ឬភាពសិករិករឹលនៃប្រាសាទ»។ ​

​ទីតាំងដែលបានដាំស្មៅ និងកូនឈើឡើងវិញនេះ ជាទីតាំងល្អបំផុតនៅបរិវេណខាងមុខប្រាសាទអង្គរ ព្រោះ​ទីនេះកន្លងមកជាកន្លែងដែលអាជ្ញាធរជាតិអប្សរា រៀបចំជាសំណង់សម្រាប់ដាក់សម្ភារៈ ដើម្បីបម្រើកា​រងារជួសជុលស្ពានហាល និងការប្រើប្រាស់ផ្សេងៗ។

តំបន់អង្គរ នឹងកាន់តែមានភាពស្រស់បំព្រង ពោពេញទៅដោយព្រៃឈើ មានលក្ខណៈលម្អដល់ប្រាសាទ និងបន្ថែមគុណភាពនៃជីវិត សម្រាប់ភ្ញៀវទេសចរដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ៕ដោយ៖នាង សុគន្ធា

ads banner