អាជ្ញាធរខេត្តកំពង់ឆ្នាំង ដំាកូនឈើប្រភេទព្រៃលិចទឹកចំនួន ២០០០ ដើម
កំពង់ឆ្នាំង៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង សហការជាមួយស្រុកបរិបូរណ៌ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នេះ បានដាំកូនឈើប្រភេទព្រៃលិចទឹកចំនួន ២ ០០០ ដើម នៅលើផ្ទៃដីប្រមាណប្រាំហិកតា ស្ថិតនៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ត្រង់ចំណុចត្រពាំងស្តុកត្រាវ ដែលជាទីតាំងដីដែលរាជរដ្ឋាភិបាលកាត់យកមកគ្រប់គ្រងវិញ។
លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌របស់ខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំ និងចូលរួមក្នុងពិធី ដាំកូនឈើនេះ បានប្រាប់ឱ្យដឹងថា ការដាំកូនឈើប្រភេទព្រៃលិចទឹកនេះ ក្នុងគោលបំណងស្តារឡើងវិញនូវលើទីតាំងដីប្រមាណប្រាំហិកតា ដែលត្រូវបានជនខិលខូចឈូសឆាយ ទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិ ។
លោក ចេង ដូណា បានបន្តថា ៖ «ប្រភេទកូនឈើព្រៃលិចទឹកដែលត្រូវបានដាំនៅពេលនេះ គឺជាប្រភេទកូនរំាង និងដើមម្តេញ ដែលជាប្រភេទឈើធុននឹងទឹក ជាពិសេស ដើមម្តេញ អាចមានផ្លែឱ្យប្រជានេសាទ អាចបេះ យកទៅពិសារ បាន ។ រីឯ ដើមរាំងមានផលប្រយោជន៍សម្រាប់ឱ្យត្រីពងកូន និងជ្រក នៅពេលរដូវទឹកឡើង»។
លោកបន្ថែមថា អាជ្ញាធរស្រុក នឹងបន្តស្នើសុំសហការជាមួយនឹងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តដាំកូនឈើព្រៃលិចទឹក នៅក្បែរៗនោះទៀត ព្រោះនៅសល់ដីប្រមាណ ២៥ ហិកតាទៀត ខណៈដីសរុបដែលត្រូវបានជនខិលខូចលួចឈូសឆាយយកធ្វើជាកម្មសិទ្ធិ មុនមានបទបញ្ជារបស់ប្រមុខនៃរាជដ្ឋាភិបាល ប្រមាណជាជាង ៣០ ហិកតានៅក្នុងតំបន់នោះ។
ទាក់ទងនឹងការដាំកូនឈើព្រៃលិចទឹកនេះ ដែរ លោម ម៉ម ឈឿន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានប្រាប់ឱ្យដឹងដែរថា កន្លងមកនេះ អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធនានា តែងតែបន្តដាំកូនឈើនៅលើទីតាំងដីដែលនៅទំនេរ ជាពិសេសដីនៅតំបន់បឹងទន្លេសាប ដើម្បីផ្តល់ទីជម្រកដល់ត្រីពង-កូន ក្នុងរដូវទឹកឡើង ។
លោកបានថ្លែងថា ៖ «មិនមែតែដាំកូនឈើនៅតំបន់បឹងទន្លេសាបនៅក្នុងមូលដ្ឋានខេត្តទេ រដ្ឋបាលខេត្តបានដាំនៅតាមដងផ្លូវ ហើយកាលពីពេលថ្មីៗនេះ ក៏មានការរៀបចំពិធី ដំាកូនឈើនៅក្នុងខេត្តយើងផងដែរ ក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ យើង។ កិច្ចការងារនេះ ខេត្តបានយកចិត្តទុកដាក់ខ្លាំងណាស់»៕
ដោយ៖គឹម យុត្ថារ៉ូ


