​របាយការណ៍​៖ ទ្រព្យ​សម្បត្តិ​សកល​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ ចាប់​តាំង​ពី​វិបត្តិ​ហិរញ្ញ​វត្ថុ​ឆ្នាំ​ ២០០៨ ​

​អន្តរជាតិ៖ របាយការណ៍​ទ្រព្យ​សម្បត្តិ​សកល​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​​​បាន​រក​ឃើញ​ថា​ទ្រព្យ​សម្បត្តិ​​សកល​ ដែល​​វាស់​វែង​ជា​ប្រាក់​ដុល្លារ​អាមេរិក​បច្ចុប្បន្ន​ បាន​ធ្លាក់​ចុះជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​មុន​ ចាប់​តាំង​ពី​វិបត្តិ​ហិ​រញ្ញ​វត្ថុ​ឆ្នាំ​២០០៨។នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​តួកគី​ Anadolu Agency។  

របាយការណ៍​ដែល​ចង​ក្រង​ដោយ​​ធនាគារ​ស្វីស​ UBS ​និង​ Credit Suisse​ បង្ហាញ​ថា​ ធៀប​ទៅ​នឹង​ឆ្នាំ​ ២០​២១ ​​ទ្រព្យ​​សម្បត្តិ​​​ឯកជន​សរុបក្នុង​ឆ្នាំ​ ២០២២​​ បាន​ធ្លាក់​ចុះ​ ២,៤ ភាគ​រយ ​​​ឬ​​ស្នើ​នឹង​ចំនួន​ ១១,៣ ទ្រីលាន​ដុល្លារ​ ដែល​ធ្វើ​ឱ្យ​ទ្រព្យ​សម្បត្តិ​ឯកជន​មាន​ត្រឹម​ ៤៥៤,៤ ទ្រីលាន​ដុល្លារ​។ ​

របាយការណ៍​ដដែល​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​​ទ្រព្យ​សម្បត្តិ​សម្រាប់​​មនុស្ស​ពេញ​វ័យ​ម្នាក់នៅ​ឆ្នាំ​២០​២២​​​​ បាន​ធ្លាក់​ចុះ​រហូត​ដល់​ ៣,៦ ភាគ​រយ​ ឬ​ ៣ ១៩៨ ដុល្លារ​ ពោល​គឺ​​​មក​ត្រឹម​ ៨៤ ៧១៨ ដុល្លារ​/​ម្នាក់​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​​។

​យោង​ទៅ​តាម​ការ​សិក្សា​នៃ​របាយការណ៍​ការ​ធ្លាក់​ចុះ​ភាគ​ច្រើន​អាច​បណ្តាល​មក​ពី​ការ​ឡើង​ថ្លៃ​នៃ​ប្រាក់​ដុល្លារ​អាមេរិក​ ធៀប​ទៅ​នឹង​រូបិយ​ប័ណ្ណ​រប​ស់​​ប្រទេស​ជា​ច្រើន​ទៀត​។

​ទ្រព្យ​សកម្ម​ហិរញ្ញ​វត្ថុ​ ​មាន​​ចំណែក​ភាគ​ច្រើន​​ក្នុង​​ការ​ធ្លាក់​ចុះ​នៃ​ទ្រព្យ​សម្បត្តិ​ក្នុង​ឆ្នាំ​ ២០២២​ ​ខណៈ​​​ទ្រព្យ​សកម្ម​មិន​មែន​ហិរញ្ញ​វត្ថុ​ ដែល​ភាគ​ច្រើន​ជា​អចលនៈ​ទ្រព្យ​ នៅ​តែ​មាន​ស្ថិរភាព​ ទោះ​បី​ជា​អត្រា​ការ​ប្រាក់​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ក៏​ដោយ​។​

ការ​សិក្សា​ក៏​បាន​បង្ហាញ​ពី​ភាព​ខុស​គ្នាផ្សេង​ៗ​ទៅ​តាម​​​​តំបន់​លើ​​​​ការ​អភិវឌ្ឍន៍​ទ្រព្យ​សម្បត្តិ​។​ ការ​បាត់​បង់​ទ្រព្យ​សម្បត្តិ​សកល​ គឺ​មាន​ច្រើន​នៅ​​តំបន់​អ្នក​មាន​ដូច​ជា​ អាមេរិក​ខាង​ជើង​ និង​អឺរ៉ុប​ ដែល​រួម​គ្នា​ខាត​បង់​រហូត​ដល់​ ១០,៩ ទ្រីលាន​ដុល្លារ​។  ​

​ផ្ទុយ​​​ទៅ​​វិញ​ ភាព​​​ផ្ទុយ​​គ្នា​នេះ​ ​​​​​បង្ហាញ​​ឱ្យ​​ឃើញ​​នៅ​​អាមេរិក​​ឡាទីន​។​ នៅ​ទីនោះ ​ការ​សិក្សា​បាន​​មើល​ឃើញ​​ពី​ការ​កើន​ឡើង​សរុប​នៃ​ទ្រព្យ​សម្បត្តិ​ចំនួន​ ២,៤ ទ្រីលាន​ដុល្លារ​​ ដោយ​កំណើន​នេះ​​កើត​ចេញ​ពី​​​ការ​​ឡើង​​ថ្លៃ​​រូបិយប័ណ្ណ​​ជា​​មធ្យម​ ៦ ភាគរយ​ ធៀប​​នឹង​​ប្រាក់​​ដុល្លារ​​អាមេរិក​។

របាយការណ៍​​បន្ត​បង្ហាញ​ទៀត​ថា​ ប្រទេស​ដែល​មាន​ការ​កើន​ឡើង​ទ្រព្យ​សម្បត្តិ​ខ្ពស់​បំផុត​ ​រួម​មាន​រុស្ស៊ី ​ម៉ិកស៊ិក​ ឥណ្ឌា ​និង​ប្រេស៊ីល​។​

​បើ​​និយាយ​​​ពី​​ទ្រព្យ​សម្បត្តិ​​សម្រាប់​​មនុស្ស​​ពេញ​វ័យម្នាក់​ ​ប្រទេស​​ស្វ៊ីស​​​នាំ​មុខ​​គេ​​ជាមួយ​​នឹង​​ប្រាក់​​ចំនួន​​ ៦៨​៥ ២៣០ ដុល្លារ/ម្នាក់​​ ហើយ​បន្ទាប់​មក​គឺ​សហរដ្ឋ​អាមេរិក​ ហុងកុង​ អូស្រ្តាលី​ និង​ដាណឺម៉ាក​។ ​

​បន្ថែម​ជា​មួយ​គ្នា​នេះ​ ​អ្នក​ស្រាវ​ជ្រាវ​នៃ​របាយការណ៍​បាន​និយាយ​ថា​ ទ្រព្យ​សម្បត្តិ​សកល​នឹង​កើន​ឡើង​ ៣៨ ភាគរយ​ក្នុង​រយៈ​ពេល​ ៥​ ឆ្នាំ​ខាង​មុខ​ ដែល​ឈាន​ដល់​ ៦២៩ ទ្រីលាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២៧​។​ លើស​ពី​នេះ ​កំណើន​​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​ ​រំពឹង​ថា​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​និន្នាការ​ពិភព​លោក​ផ្សេង​ៗ​៕

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ Global wealth down for first time since 2008 financial crisis: Study https://www.aa.com.tr/en/economy/global-wealth-down-for-first-time-since-2008-financial-crisis-study/2968202

ads banner