ចំនួនអ្នកស្លាប់ដោយសារការបាក់ដីនៅអណ្តូងរ៉ែត្បូងនៅមីយ៉ាន់ម៉ាកើនឡើងដល់ ៣១នាក់

ណៃពិដោ៖ ក្រុមអ្នកជួយសង្គ្រោះបាននិយាយ កាលពីថ្ងៃពុធសប្តាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារការបាក់ដីនៅឯអណ្តូងរ៉ែថ្ម នៅតំបន់ដាច់ស្រយាលនៃប្រទេសមីយ៉ាន់ម៉ាបានកើនដល់ ៣១ នាក់ហើយ ខណៈមនុស្ស ៨ នាក់នៅតែបាត់ខ្លួន។

ហេតុការណ៍បាក់ដី នៅប្រទេសមីយ៉ាន់ម៉ានេះ បានកើតឡើង កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅ នៅជាយក្រុងហាកាន (Hpakant) នៃរដ្ឋខាជីន (Kachin) បន្ទាប់ពីតំបន់នោះ បានទទួលរងការធ្លាក់ភ្លៀងខ្លាំងនិងគ្រោះទឺកជំនន់។ ក្រុមសង្រ្គោះបានប្រាប់ថា ពួកគេបានរកឃើញសាកសពមនុស្សប៉ុន្មាននាក់ថែមទៀត កាលពីព្រឹកថ្ងៃពុធ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់៣១នាក់ ហើយ៨នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួននៅឡើយ។

បើតាមក្រុមសង្រ្គោះ ពំនូកដីធំមួយកម្ពស់ប្រហែល១៥០-១៨០ម៉ែត្រ ដែលបន្សល់ទុកដោយប្រតិបត្តិការជីករុករបស់ក្រុមហ៊ុនឧស្សាហកម្មរ៉ែ បានជួបសភាពទ្រុធទ្រោម ដោយសារតែភ្លៀងធ្លាក់ខ្លាំងរួចក៏បាក់ស្រុតតែម្តង។ រដូវភ្លៀងបានបង្ខំឱ្យប្រតិបត្តិការរុករករ៉ែត្រូវបានផ្អាក ប៉ុន្តែក្រុមអ្នកដែលត្រូវបំណាក់ដីវាយប្រហារទាំងនោះ ហើយធ្លាក់ចូលទៅក្នុងបឹង គឺទំនងជាអ្នករស់នៅក្នុងតំបន់ ដែលព្យាយាមស្វែងរកវត្ថុមានតម្លៃនៅក្នុងពំនូកដី។

គួរបញ្ជាក់ថា ការរុករករ៉ែថ្លើមថ្មនៅមីយ៉ាន់ម៉ា គឺជាអាជីវកម្មដែលរកប្រាក់កម្រៃបានយ៉ាងច្រើន ហើយគេដឹងថា មីយ៉ាន់ម៉ាគឺជាប្រភពធនធានរ៉ែថ្លើមថ្មធំជាងគេរបស់ពិភពលោក។

ការបាក់ដីនៅអណ្តូងរ៉ែត្បូងមិនមែនកើតឡើង លើកដំបូងទេ ពោល កាលពីឆ្នាំ២០២០ មនុស្សរហូតដល់ជិត៣០០នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះរអិលបាក់ដីយ៉ាងធំមួយ នៅអណ្តូងរ៉ែមួយកន្លែងក្នុងក្រុង ហាកាន (Hpakant)៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner