បណ្ឌិត គិន ភា ៖ ទំនាក់ទំនងកម្ពុជា-ចិននឹងកាន់តែស្អិតរមួតក្នុងសម័យដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាល ហ៊ុន ម៉ាណែត
ភ្នំពេញ៖ នៅដើមឆ្នាំ២០២៣ក្នុងខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងកម្ពុជា-ចិន ជាមួយដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីដើមខែកុម្ភៈឆ្នាំ២០២៣កន្លងទៅ ប្រទេសទាំងពីរបានប្រកាសជាឆ្នាំមិត្តភាពកម្ពុជា-ចិនគឺជាកាលានុវត្តភាពក្នុងការកសាងសហគមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិននិងកិច្ចសហប្រតិបត្តិការ«ឆកោណត្បូងពេជ្រ» ប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
នៅថ្ងៃទី៧ ខែសីហា ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីមន្ត្រីអាណត្តិទី៧ នៃរដ្ឋសភាដើម្បីរៀបចំសមាសភាពរាជរដ្ឋាភិបាលថ្មីជាផ្លូវការ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។
ជុំវិញបញ្ហានេះក៏មានការវែកញែកពីអនាគតទំនាក់ទំនងរវាងកម្ពុជានិងចិនថា តើនឹងមានការប្រែប្រួលបែបណានៅក្នុងអាណត្តិដឹកនាំប្រទេសដោយឯកឧត្តមកិត្តិទេសាភិបាល ហ៊ុន ម៉ាណែត នាពេលខាងមុខ។
បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានផ្តល់បទសម្ភាសពាក់ព័ន្ធនឹងបញ្ហានេះ និងទស្សនៈផ្ទាល់របស់លោកចំពោះទំនាក់ទំនងកម្ពុជា-ចិនផងដែរ។កិច្ចសម្ភាសមានខ្លឹមសារដូចខាងក្រោម៖
សំណួរ៖តើរដ្ឋាភិបាលថ្មីទំនងនឹងមានទិសដៅក៏ដូចជាគោលនយោបាយការបរទេសបែបណា ហើយអាចនឹងបន្តការអនុវត្តមរតកពីរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ឬយ៉ាងណា?
លោក គិន ភា៖ កម្ពុជាប្រកាន់ខ្ជាប់នូវនយោបាយការបរទសអព្យាក្រឹត្យអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ និងព្រះរាជាណាចក្រកម្ពុជាអនុវត្តគោលនយោបាយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក ដែលមូលដ្ឋានស្របតាមរដ្ឋធម្មនុញ្ញត្រង់មាត្រា៥៣។ ខ្ញុំយល់ថា នយោបាយការបរទេសអាណត្តិទី៧ ដឹកដោយបណ្ឌិតហ៊ុន ម៉ាណែត មានលក្ខណៈជាក់ស្តែងនិយមដែលធានានូវផលប្រយោជន៍ជាយុទ្ធសាស្រ្តរបស់កម្ពុជា។ ទិសដៅនេះនឹងមិនផ្លាស់ប្តូរក្របខ័ណ្ឌគោលយោបាយឡើយ។ ប៉ុន្តែអាចផ្លាស់ប្តូរវិធីសាស្រ្តអនុវត្ត ដែលអាចបត់បែនជាងមុន ឆ្លាតជាងមុន និងល្អជាងមុន។
សំណួរ៖តើលោកយល់ថាទំនាក់ទំនងនៃរដ្ឋាភិបាលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលគណបក្សកុម្មុយនីស្តចិន នឹងមានទិដ្ឋភាពបែបណា?
លោក គិន ភា៖ ខ្ញុំយល់ថា ទំនាក់ទំនងកម្ពុជា-ចិន នៅអាណត្តិរដ្ឋាភិបាលថ្មី នឹងនៅរក្សាស្ថានភាពល្អដដែល ព្រោះចិននៅតែជាឆ្អឹងខ្នងសំខាន់ទាំងនយោបាយ សេដ្ឋកិច្ច និងយុទ្ធសាស្រ្ត ជាប្រទេសមួយមិនអាចខ្វះបានសម្រាប់កម្ពុជា។ ជាមរតកប្រវត្តិសាស្រ្ត ប្រទេសទាំងពីរ បានជំរុញទំនាក់ទំនងឈានដល់កម្រិតកំពូល រាប់ចាប់តាំងពីកម្រិតដៃគូយុទ្ធសាស្រ្ត មកដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយឈានមកចុះកិច្ចព្រមព្រៀងកសាងសហគមន៍កម្ពុជា-ចិន ដែលមានជោគវាសនាតែមួយ។ នៅខែកុម្ភៈ ឆ្នាំ២០២៣ ប្រទេសទាំង២ បានលេចចេញទំនាក់ទំនង «ឆកោណត្បូងពេជ្រ»។ ទំនាក់ទំនងប្រទេសទាំងពីរ នឹងមិនប្រែប្រួលឡើយ។
សំណួរ៖តើចិននិងកម្ពុជាមើលឃើញពីផលប្រយោជន៍និងសារៈសំខាន់ក្នុងទំនាក់ទំនងទ្វេភាគីនេះយ៉ាងណាខ្លះ? នៅចំពោះមុខស្ថានភាពភូមិសាស្រ្តនយោបាយបច្ចុប្បន្ន និងតទៅខាងមុខ?
លោក គិន ភា៖ កម្ពុជា និងចិន ទទួលបានផលប្រយោជន៍នយោបាយ យុទ្ធសាស្រ្ត សេដ្ឋកិច្ច និងការទូតទៅវិញទៅមក។ កម្ពុជាត្រូវការចិនក្នុងផ្នែកនយោបាយ ព្រោះជាធម្មតាប្រទេសតូចដូចកម្ពុជាត្រូវការមានទំនាក់ទំនងល្អ ស៊ីជម្រៅជាមួយមហាអំណាច។ ជាជញ្ជីងនយោបាយការបរទេសសម្រាប់កម្ពុជា។
ក្នុងផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម យើងត្រូវការការវិនិយោគពីចិន ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង២ យើងត្រូវការជំនួយផ្សេងៗ ជាពិសេសលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតួយ៉ាង ស្ពាន ផ្លូវថ្នល់ ជាដើម ខណៈចិនជាប្រទេសធំទី១ ក្នុងជំនួយអភិវឌ្ឍន៍ និងការវិនិយោគវិស័យនេះ។
ក្នុងវិស័យទេសចរណ៍ ចិនជាភ្ញៀវទេសចរបរទេសលំដាប់ទី១។ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនក៏មានសញ្ញាណល្អមួយដែរ។
ចិនត្រូវការកម្ពុជាផងដែរ សម្លឹងឃើញផលប្រយោជន៍ពីកម្ពុជា។ នៅក្នុងលំហរប្រកួតប្រជែងភូមិសាស្ត្រនយោបាយ នៅពេលសហរដ្ឋអាមេរិកចាប់ផ្តើមដាក់យុទ្ធសាស្រ្តមកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ចិនត្រូវការសម្ព័ន្ធមិត្ត ឬដៃគូយុទ្ធសាស្រ្តស៊ីជម្រៅដើម្បីគាំទ្រគ្នា។
កម្ពុជា ជាសមាជិកអាស៊ាន ជាតំបន់មានសក្តានុពល ដែលដើរតួជាកូនជញ្ជីងតថ្លៃអំណាចយ៉ាងសំខាន់ ខណៈគោលការណ៍អាស៊ានប្រើប្រាស់កុងសង់ស៊ីស ដែលការទាញឱ្យអាស៊ានទៅខាងចិន ឬសហរដ្ឋអាមេរិក ទាមទារការសម្រេចជាឯកច្ឆន្ទ។ អ៊ីចឹងបើសហរដ្ឋអាមេរិក ឬចិន ចាប់បានប្រទេសសមាជិកអាស៊ានរៀងៗខ្លួន វារក្សាបាននូវតុល្យភាពមួយ។
សំណួរ៖តើរដ្ឋាភិបាលបន្ទាប់នឹងមានទំនាក់ទំនងការបរទេសបែបណា នៅចំពោះមុខការប្រទាញប្រទង់រវាងចិន និងអាមេរិក? ក្នុងនោះមានការលើកឡើងថា រដ្ឋាភិបាលបន្ទាប់អាចមានការផ្សះផ្សារទំនាក់ទំនងជាមួយលោកខាងលិចជាដើមតើក្នុងទិដ្ឋភាពនេះអាចជះឥទ្ធិពលបែបណាដល់ទំនាក់ទំនងកម្ពុជា-ចិន ឬកម្ពុជាជ្រើសយកទំនាក់ទំនងស្អិតរមួតជាមួយចិនដដែល?
លោក គិន ភា៖ ខ្ញុំមើលឃើញរដ្ឋាភិបាលកន្លងមកព្យាយាមធ្វើពិពិធកម្មការទូតជាមួយបណ្តាប្រទេសផ្សេងៗ។ នៅចំពោះមុខ ការប្រកួតប្រជែងឥទ្ធិពលមហាអំណាច ខ្ញុំយល់ថា កម្ពុជាត្រូវធ្វើឱ្យទំនាក់ទំនងការបរទេសស្ថិតលើអាទិភាពដែលផ្តល់លើផលប្រយោជន៍ជាយុទ្ធសាស្រ្តរបស់ខ្លួន។ កម្ពុជាមិនមែនឈរនៅខាងចិន ឬសហរដ្ឋអាមេរិកដាច់ខាតទេ គឺកម្ពុជាឈរនៅខាងកម្ពុជា ខណៈផលប្រយោជន៍ជាអាទិភាពរបស់កម្ពុជាគឺ សន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍន៍ ការពង្រឹងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ការពង្រីកតួនាទីក្នុងកិច្ចការតំបន់ និងអន្តរជាតិ។
យើងមិនអាចរើសប្រទេសណាមួយជំនួសប្រទេសណាមួយទេ គឺកម្ពុជាជ្រើសរើសផលប្រយោជន៍សម្រាប់មាតុភូមិ ប្រជាជាតិរបស់ខ្លួន។
ទោះរដ្ឋាភិបាលដឹកនាំដោយឥស្សរជនរូបណាក៏ដោយក៏ទំនាក់ទំនងកម្ពុជា-ចិន នៅតែមានភាពចាំបាច់ ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក នៅតែសំខាន់ កម្ពុជា-អឺរ៉ុបនៅតែសំខាន់ ព្រោះប្រទេសទាំងនេះផ្តល់ផលប្រយោជន៍ដល់កម្ពុជាក្នុងទិដ្ឋភាពផ្សេងគ្នា។
រដ្ឋាភិបាលថ្មីត្រូវលៃលកបែបណា ដែលចិននៅតែជាមិត្តភាពដែកថែប ហើយសម្រាប់ជាមួយសហរដ្ឋអាមេរិក អឺរ៉ុប និងបណ្តាប្រទេសបស្ចឹមលោក យើងអាចពង្រឹងបន្ថែម ជួសជុល ប៉ះប៉ូវឱ្យប្រសើរឡើងថែមទៀត វាកាន់តែល្អ។
សំណួរ៖សម្រាប់លោកផ្ទាល់តើអ្វីដែលជាជម្រើសល្អសម្រាប់បន្ទាត់នយោបាយការបរទេសនៅចន្លោះការប្រកួតប្រជែងឥទ្ធិពលរបស់មហាអំណាចបែបនេះ? ចិន និងអាមេរិក ក៏ដូចជាទំនាស់រវាងរុស្ស៊ី និងអឺរ៉ុប ព្រមទាំងការចង់បានភាពមហាអំណាចរបស់ឥណ្ឌាជាដើម?
លោក គិន ភា៖ សម្រាប់ចិន និងសហរដ្ឋអាមេរិក កម្ពុជាត្រូវតែព្យាយាមស្វែងរកតុល្យភាពទំនាក់ទំនង ជាពិសេសការធ្វើឱ្យទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកឱ្យប្រសើរឡើង ។ចំណែកជាមួយចិនវិញ មិនត្រូវបន្ថយបានទេ កម្ពុជាត្រូវពង្រឹងបន្ថែមទៀតជាមួយចិន។
នៅចន្លោះរុស្ស៊ី និងអឺរ៉ុប កម្ពុជាគួររក្សាការសម្រេចចិត្តពីមរតកការទូតសម្តេច ហ៊ុន សែន នៅពេលរុស្ស៊ីបើកប្រតិបត្តិការវាយលុកអ៊ុយក្រែន ព្រោះកម្ពុជានៅប្រកាន់ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ មិនគាំទ្រការប្រើប្រាស់កម្លាំងបាយពីរដ្ឋមួយលើរដ្ឋអធិបតេយ្យភាព មិនគាំទ្រការបំបែករដ្ឋ ជាពិសេសបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែន។
ដើម្បីរក្សាតុល្យភាព រុស្ស៊ីដៃគូប្រវត្តិសាស្រ្តតាំងពីសម័យសង្គ្រាមត្រជាក់ជាមួយកម្ពុជា ដោយឡែកអឺរ៉ុបជាបណ្តាប្រទេសដែលមានសក្តានុពលផ្នែកអភិវឌ្ឍន៍ និងសម្រាប់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ វាមិនមែនជាជម្រើសល្អទេ ក្នុងការយកលោកខាងលិចជាសត្រូវ ដែលយើងត្រូវធ្វើតុល្យភាព កម្ពុជាត្រូវបញ្ជាក់ទៅកាន់អន្តរជាតិថា យើងធ្វើនយោបាយការបរទេសដើម្បីផលប្រយោជន៍ប្រទេសខ្លួន ដែលអាចមើលឥណ្ឌាជាគំរូបានក្នុងដំណាក់កាលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
ក្នុងបរិបទរះឡើងនូវមហាអំណាចថ្មី តួយ៉ាង ឥណ្ឌា កម្ពុជាគួរសម្លឹងឃើញមហាអំណាចអាស៊ីមួយនេះ ខណៈឥណ្ឌាមានប្រជាជនជាង ១ ៦០០ លាននាក់នាពេលបច្ចុប្បន្នជាទីផ្សារមួយដ៏ធំ។ កម្ពុជាគួរស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌា។ទំនាក់ទំនងល្អជាមួយឥណ្ឌាជាធម្មានុរូបសំខាន់ក្នុងទំនាក់ទំនងអន្តរជាតិផងដែរ ព្រោះឥណ្ឌាជាប្រទេសអព្យាក្រឹត្យធំជាងគេ ជាប្រទេសប្រជាធិបតេយ្យធំជាងគេក្នុងលោក។
ខ្ញុំមើលហួសពីនេះ កម្ពុជាគួរពង្រឹងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងនូវ៉េស្សេឡង់។ កូរ៉េខាងត្បូងជាសក្តានុពលសំខាន់ក្នុងតំបន់ ជាអ្នកវិនិយោគធំសម្រាប់កម្ពុជា ជាប្រទេសម្ចាស់ជំនួយសំខាន់។ ជប៉ុន ជាកូនសោរសម្រាប់កម្ពុជាសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ អូស្ត្រាលី និងនូវ៉េស្សេឡង់ ជាគោលដៅសំខាន់មួយក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា៕
ដោយ៖សំបាន ច័ន្ទដារ៉ា