ប្តីប្រពន្ធមួយគូ នៅខេត្តបាត់ដំបង កែច្នៃពោតអប់អនាម័យ អាចដាក់លក់ក្នុងផ្សារទំនើបធំៗទូទាំងប្រទេស

បាត់ដំបង៖ ពោត​ជាដំណាំមួយ​ប្រភេទដែលទើប​ផ្តើម​មាន​សារៈ​សំខាន់​ខ្លាំងឡើងៗរហូត​ដល់កម្រិតថ្នា​ក់​ជាតិនៅដើមឆ្នាំ​១៩១០ គឺ​នៅពេលដែលបារាំងដើរប្រមូលទិញពោតពីប្រទេសក្រោមចំណុះរបស់ខ្លួន។

បច្ចុប្បន្នពោត​គឺ​ជា​​អាហារ​ដ៏​ពេញ​និយម​បំផុតមួយ​​នៅ​​ទូទាំង​ពិភពលោក ដោយ​សារ​តែ​វា​មាន​រសជាតិ​ឆ្ងា​ញ់​ ព្រមទាំងមានសារជាតិចិញ្ចឹមជាច្រើន​ដូចជា​ ​ជាតិ​សរសៃ​ វីតាមីន​ និង​ជាតិ​រ៉ែ​។

ដំណាំប្រភេទនេះ គេអាច​កែច្នៃវាចេញទៅជាអាហារច្រើន​​មុខ និងជាចំណីចំណុក ឬអាហារសម្រន់កែច្នៃច្រើ​នសន្ធឹកសន្ធាប់។ នៅកម្ពុជាពលរដ្ឋក៏និយមបរិភោគពោត និងកែច្នៃបន្តិចបន្តួច​ដោយខ្លួន​ឯងនៅផ្ទះផ​ងដែរ។ លើសពីនេះទៅទៀត ប្តីប្រពន្ធមួយគូនៅខេត្តបាត់ដំបង ​មានជំនាញកែច្នៃពោតទៅជាផលិត​ផលកែ​ច្នៃដាក់លក់ក្នុងផ្សារទំនើបធំៗនៅភ្នំពេញ និងខេត្តចំនួនប្រាំមួយផងដែរ។

អ្នកស្រី នុត សុភ័ស្ត ជា​ម្ចាស់​ និងតំណាងឱ្យ​សិប្បកម្ម «​ស្រី​មុំ​កែច្នៃ​គ្រាប់​ធញ្ញជាតិ»​​ បានឱ្យដឹងថា អ្នកស្រី និងស្វាមី បានដំណើរការសិប្បកម្មខ្នាតតូចមួយនេះ​អស់រយៈពេល ៨ឆ្នាំមក​ហើយ​ ពោលគឺ​ចាប់ផ្តើម​ជា​មួ​យទុនតិចតួច ​លក់​ច្រក​ថង់​ប្លាស្ទិក​ និង​ចង​កៅស៊ូ​ធម្មតា​ រហូត​មាន​ការ​វេច​ខ្ចប់​ស្តង់​ដារ​ និងអនាម័យហើ​យអាចដាក់លក់ក្នុងផ្សារទំនើបធំៗ។

បើក្រឡេកទៅក្រោយបន្តិចមុន​បើក​សិប្បកម្ម​ផ្ទាល់​ខ្លួន​ អ្នក​ស្រីបានឱ្យដឹងថាខ្លួន​​ និង​ស្វាមី​ គឺ​គ្រាន់​ជា​អ្នក​ធ្វើ​​ការ​ធម្មតា​ដូច​គេ​ ដូច​ឯង ហើយ​ថែម​ទាំង​គ្មាន​បទពិសោធន៍​ដំណើរ​ការ​អាជីវកម្ម​ ឬ​សិប្បកម្ម​នោះ​ទេ។ ​ប៉ុ​ន្តែ​​នៅពេលមាន​កូន ការ​ចំណាយ​មាន​ការ​កើន​ឡើង​ ជា​មូលហេតុ​ចម្បង​មួយ​ដែល​ជំរុញ​ឱ្យ​អ្នក​ស្រី​គិត​ឡើ​ង​​វិញ​ពី​ការងារ​ចំណូល​តិច​តូច​ស្ដួចស្ដើង​របស់​ខ្លួន​ ហើយ​ផ្តើមទៅចាប់បន្ថែមជា​របរ​លក់​ដូរ ​ច្នៃ​ពោត​លក់​តាម​អនឡាញនៅ​គ្រា​ដំបូង។

អ្នក​ស្រី នុត សុភ័ស្ត បាន​បន្ត​ថា ៖ «យើង​បន្ត​មក​រហូត​ដល់​ពេល​កូវីដ១៩​ យើងបាត់បង់ទាំង​ការងារ​ថែម​​ទៀត​ ទើប​ខ្ញុំ ​និង​ស្វាមី​ងាក​មក​ផ្ដោត​លើ​របរ​នេះ ហើយ​ក៏​ទទួល​បាន​ផល​គាប់​ប្រសើរ​ក្នុង​ឆ្នាំ​ ២០២២ និង​២០២៣នេះ»។

បច្ចុប្បន្ន​សិប្បកម្ម​ស្រី​មុំ​ បានពង្រីក​ការ​កែច្នៃ​ផលិតផល​ចំនួន​បួនផលិតផល រួមមាន គីមឈី​, អំបិល​បង្គា​លីង, បាញ់​ត្រាង​ និង​​ពោត​អប់​ដែល​ជា​ផលិត​សំខាន់​ជាង​គេ​មាន​​២រសជាតិ​ គឺ​រសជាតិ​ស្លឹក​ខ្ទឹម​ និង​រសជាតិ​ហិរ​។

សម្រាប់ទី​ផ្សារ​ធំ​ៗចម្បងរបស់ពោតអប់របស់អ្នកស្រី នុត សុភ័ស្ត មានដូចជា ​ផ្សារ​ទំនើប​ជីបម៉ុង​គ្រប់​សាខា ក្នុង​រាជធានី​ភ្នំពេញ, ផ្សារ​ CP Fresh Mart និង​មាន​នៅ​តាម​បណ្ដាម៉ាតក្នុង​ខេត្ត​ចំនួនប្រាំមួយ ផ្សេងទៀត រួមទាំង​ការ​លក់​រាយ​តាម​អ៊ីនធឺណិត និង​តាម​ហាង​កាហ្វេ​នានាផងដែរ។

ទាក់ទិននឹងការផលិត និងវត្ថុ​ធាតុ​ដើម ​​គ្រាប់​ពោតនេះ អ្នក​ស្រីបាន​ឱ្យ​ដឹង​ថា សិប្បកម្មអ្នកស្រី​ប្រើប្រាស់​ ​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​សុទ្ធ​សាធ​​ដែល​មក​ពី​ស្រុក​សំឡូត និង​ស្រុក​មោង​ឫស្សី ក្នុងគោលដៅដើម្បី​លើក​ស្ទួយ​ដល់​ជីវភាព​កសិករ​។ចំណែកឯ​បរិមាណ​ក្នុង​ការ​ផលិត​អ្នកស្រីថា ​វា​អាស្រ័យ​ទៅ​លើ​ការ​កុម្ម៉ង់​របស់​អតិថិជន​ផ្ទាល់​ បើ​គិត​មធ្យម​វិញ​ក្នុង​ ១ថ្ងៃ​ ​អាច​ផលិត​បាន​ពី ២០-៣០គីឡូក្រាម​។

ជុំ​វិញ​ការ​ផលិត​នេះ​ដែរ អ្នក​ស្រី នុត សុភ័ស្ត និយាយថា មិនមានផលវិបាកអ្វីខ្លាំងនោះទេ និង​មិន​ត្រូវ​ពេល​ចំណាយ​យូរ​ពេក​នោះដែរ ពោល​គឺ​ត្រឹម​មួយ​ថ្ងៃ​នឹង​អាច​បញ្ចប់​ការ​ផលិត​ និង​វេច​ខ្ចប់​បាន​រួច​រាល់​។

អ្នក​ស្រី​បាន​រៀប​រាប់​ឱ្យ​ដឹង​ថា​ ពោត​អប់​​មាន​រសជាតិ​ប្លែក​ខុស​ពី​ពោត​កែច្នៃ​ដទៃ និង​សូម្បី​តែរសជាតិរបស់​ពោតបំពង ឬហៅថា Popcornក៏ខុសគ្នាដែរ​ ដោយ​សារ​តែ​វត្ថុ​ធាតុ​ដើម​ជា​ពោត​ក្នុង​ស្រុក​ មាន​គុណភាព​ខ្ពស់​ ស្រស់​ល្អ​ នៅ​ពេល​ដែល​កែច្នៃ​ទៅ​​ ​មាន​រស​ជាតិ​ឆ្ងាញ់​ ហើយ​ស្រួយ។

ពោត​អប់​កែច្នៃ​របស់​សិប្បកម្ម​ស្រី​មុំ មាន​បីជម្រើស សម្រាប់​កញ្ចប់​ ១០០ក្រាម មាន​តម្លៃ បួនពាន់​រៀល, ២០០ក្រាម ប្រាំបីពាន់​រៀល និង​កញ្ចប់​៤០០ក្រាម មាន​តម្លៃ ១៥.០០០​រៀល។ សម្រាប់ការ​លក់​ពោតអប់នេះ អ្នក​ស្រី សុភ័ស្ត និយាយ​ថា​ ឥវ៉ាន់​ដែល​ផលិត​រួច​រាល់​ ​​កម្រ​មាន​សល់​ណាស់​ពោល​គឺ​លក់​ចេញ​អស់​ៗ​តែ​​ម្ដង​។

ដោយឡែកទាន់​ទិន​ទៅ​​នឹង​គម្រោង​ទៅ​ថ្ងៃ​មុខ អ្នក​ស្រី នុត សុភ័ស្ត បាន​ឱ្យ​ដឹង​ថា ​៖ «ទៅ​ថ្ងៃ​មុខ​ ពួក​ខ្ញុំ​មាន​គម្រោង​ធំ គឺ​យើង​មិន​ចង់​គ្រាន់​តែ​ជា​សិប្បកម្ម​ខ្នាត​គ្រួសារ​ទេ យើង​ចង់​ពង្រីក​ឱ្យ​វា​ក្លាយ​ទៅ​ជា​សហគ្រា​ស​១ ដែល​អាច​ផ្គត់​ផ្គង់​ទី​ផ្សារ​កាន់​តែ​ធំ​នៅ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​។ ឥឡូវ​នេះ​ដោយ​សារ​យើង​កង្វះ​ទុក យើង​ត្រូវ​តែ​ធ្វើ​ទៅ​តាម​លទ្ធភាព​សិន»។

ក្នុង​នាម​ជា​ម្ចាស់​សិប្បកម្ម​ខ្មែរ​មួយរូប អ្នក​ស្រី​សំណូម​ពរ​ទៅ​កាន់​ផ្សារ​ទំនើប និង​បណ្ដា​​ម៉ាត​នានា​ ឱ្យ​ជួយ​នាំ​ចូល​រាល់​ផលិតផល​ខ្មែរ​ និង​កុំ​ដាក់​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​តឹង​តែង​ខ្លាំង​ពេក​សម្រាប់​សិប្បកម្ម​លក្ខណៈ​គ្រួសារ​ ឬ​សិប្បកម្ម​តូច​ៗ ដើម្បី​ឱ្យ​ផលិតផល​ខ្មែរ​អាច​ជ្រាប​ចូល​ទៅ​កាន់​ទីផ្សារ​ងាយ​ជាង​មុន។

ជាមួយ​គ្នា​នេះ អ្នក​ស្រី​ក៏​សំណូម​ពរ​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​ នាំ​គ្នា​ជួយ​គាំទ្រ​លើក​ស្ទួយ​ផលិតផល​ក្នុង​ស្រុក​ទាំ​ង​អស់​គ្នា​ ដើម្បី​សេដ្ឋកិច្ច​ជាតិ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង៕

ដោយ៖ស្រ៊ុន សិរីវឌ្ឍនៈ

ads banner