លោក ឡាវរូវ ៖ បច្ចុប្បន្នគ្មានការរំពឹងទុក សម្រាប់កិច្ចចរចាសន្តិភាពនៅអ៊ុយក្រែនរវាងរុស្ស៊ី និងលោកខាងលិចទេ
មូស្គូ៖ ប្រមុខការទូតរុស្ស៊ីបានលើកឡើងថា ប្រទេសរបស់លោកបានចាត់ទុកការអំពាវនាវបែបលាក់ពុតរបស់លោកខាងលិច ឱ្យមានការចរចាសន្តិភាពនៅអ៊ុយក្រែន ជា “ល្បិចកល”។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ បានបញ្ជាក់ថា បច្ចុប្បន្នមិនមានការរំពឹងទុកណាមួយ សម្រាប់កិច្ចចរចាសន្តិភាពនៅអ៊ុយក្រែនរវាងរុស្ស៊ី និងលោកខាងលិចទេ ខណៈដែលអ្នកឧបត្ថម្ភលោកខាងលិចបន្តជំរុញឱ្យអ៊ុយក្រែនបង្កើនការវាយលុក។
លោក ឡាវរូវ បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ជាមួយទស្សនាវដ្ដីកិច្ចការអន្តរជាតិយ៉ាងដូច្នេះថា ជាអកុសល មិនមានការរំពឹងទុកណាមួយ សម្រាប់កិច្ចពិភាក្សារវាងរុស្ស៊ី និងលោកខាងលិចទេ នៅពេលនេះ។

លោក ឡាវរូវ បានចង្អុលបង្ហាញថា រុស្ស៊ីបានចាត់ទុកការអំពាវនាវដ៏ពុតត្បុតរបស់បស្ចិមប្រទេសសម្រាប់ការចរចាសន្តិភាពនៅអ៊ុយក្រែន ជាល្បិចកល ដែលមានបំណងអូសបន្លាយពេលវេលា ដើម្បីផ្តល់ឱកាសឱ្យកងកម្លាំងអ៊ុយក្រែនប្រមូលផ្តុំគ្នាឡើងវិញ ហើយបង្កើនសព្វាវុធ និងគ្រាប់រំសេវដល់ពួកគេ។
លោកថា ទោះជាយ៉ាងណាក៏ដោយ វាគឺជាផ្លូវនៃសង្រ្គាម… មិនមែនជាដំណោះស្រាយដោយសន្តិភាពទេ… វាច្បាស់ណាស់សម្រាប់ពួកយើង៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា