ក្រសួងអប់រំ ណែនាំឱ្យមានការពង្រឹងតួនាទី និងភារកិច្ចរបស់គណៈគ្រប់គ្រង និងគ្រូបងៀនក្នុងការផ្តល់សេវាអប់រំ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំមួយដើម្បីពង្រឹងតួនាទីនិងភារកិច្ចរបស់គណៈគ្រប់គ្រងនិងគ្រូបងៀនក្នុងការផ្តល់សេវាអប់រំនៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ ខណៈដែលកន្លងទៅក្រសួងបានមើលឃើញថា នៅមានគ្រូបង្រៀនមួយចំនួនតូច មិនទាន់បានបំពេញភារកិច្ចតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ នៅឡើយទេ។
តាមរយៈសេចក្តីណែនាំ របស់ក្រសួងអប់រំ ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡាសង្កេតឃើញថាលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងគ្រឹះស្ថាន មធ្យមសិក្សាសាធារណៈមួយចំនួនបានបំពេញកាតព្វកិច្ចប្រកបដោយការទទួលខុសត្រូវ។ ប៉ុន្តែក្រសួងបញ្ជាក់ថា នៅមានលោកគូ អ្នកគ្រូ និងគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈមួយចំនួនតូចនៅមិនទាន់បានបំពេញភារកិច្ចតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំនៅឡើយទេ។ ដើម្បីលើកកម្ពស់ការផ្តល់សេវាអប់រំឱ្យមាន គុណភាព និងប្រសិទ្ធភាពខ្ពស់និងដើម្បីធានាបាននូវគោលការណ៍គ្រប់គ្រងល្អ បង្រៀនល្អ និងរៀនល្អ ក្រសួងអប់រំ បានធ្វើការណែនាំតួនាទី និងភារកិច្ចរបស់នាយកសាលា នាយករងសាលា និងគ្រូបង្រៀន សារជាថ្មី ដើម្បីឱ្យបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងសេចក្តីណែនាំនោះ បានបញ្ជាក់ទៀតថា តួនាទី និងភារកិច្ចរបស់នាយកសាលា ដើម្បីគ្រប់គ្រងសាលារៀនឱ្យមានប្រសិទ្ធភាព នាយកសាលារៀនមានតួនាទីជាទីប្រឹក្សាគរុកោសល្យ អធិការអចិន្ត្រៃយ៍ មន្ត្រីរដ្ឋបាល អ្នកចចារ អ្នកអប់រំ អ្នកផ្តល់សេវាកម្ម អ្នកពិគ្រោះយោបល់ ជាភ្នាក់ងារអភិវឌ្ឍន៍សហគមន៍ និងជាអាជ្ញាធរអប់រំលើការងារគ្រប់គ្រងរដ្ឋបាល ការងារគ្រប់គ្រងការរៀន និងបង្រៀនការគ្រប់គ្រង រួមជាមួយនឹងការអនុវត្តនូវភារកិច្ចសំខាន់ៗមួយចំនួនទៀតផងដែរ។
ដោយឡែកនាយករងបានបែងចែកជានាយករងទទួលបន្ទុកការងាររដ្ឋបាលមានតួនាទីជាសេនាធិការឱ្យនាយកលើការងាររដ្ឋបាល ផែនការបុគ្គលិក ហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិរដ្ឋ និងការងារទំនាក់ទំនង និងមានកិច្ចមួយចំនួនទៀត ,នាយករងទទួលបន្ទុកការងារបច្ចេកទេសមានតួនាទីជាសេនាធិការឱ្យនាយកលើការអនុវត្តកម្មវិធីសិក្សា និងមានភារកិច្ចមួយចំនួនទៀត។ នាយករងទទួលបន្ទុកការងារយុវជន កីឡា សិល្បៈ និងយេនឌ័រមានតួនាទីជាសេនាធិការឱ្យនាយកលើការងារយុវជន កីឡា វិន័យ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន សិល្បៈ យេនឌ័រ និងការងារទំនាក់ទំនង និងភារកិច្ចមួយចំនួនទៀត។
ដោយឡែក តួនាទី និងភារកិច្ចរបស់គ្រូបង្រៀនវិញ ត្រូវបំពេញស្តង់ដារសេវាគ្រប់គ្រងសាលារៀនឱ្យមានប្រសិទ្ធភាព គ្រូបង្រៀនត្រូវបំពេញកាតព្វកិច្ច៤០ ម៉ោងក្នុងមួយសប្តាហ៍ ក្នុងនោះគ្រូបង្រៀនកម្រិតមូលដ្ឋានត្រូវបង្រៀន១៨ម៉ោង និងម៉ោងគាំទ្រ២២ម៉ោង។ ចំពោះគ្រូបង្រៀនកម្រិតឧត្តមត្រូវបង្រៀន១៦ម៉ោង និងម៉ោងគាំទ្រ២៤ម៉ោង រួមជាមួយនឹងភារកិច្ច សំខាន់ៗមួយចំនួនទៀត។
ក្រៅពីការណែនាំពីតួនាទីនិងភារកិច្ចការងារហើយ ក្រសួងអប់រំ តាមរយៈសេចក្តីណែនាំនេះ បានដាក់ចេញនូវយន្តការ និងនីតិវិធីនៃការអនុវត្តចំពោះ គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ ជាពិសេសការតម្រូវឱ្យនាយកសាលារៀន ត្រូវទប់ស្កាត់ការយកម៉ោងរដ្ឋទៅបម្រើការងារក្នុងវិស័យឯកជន និងលុបបំបាត់បាតុភាពមិនប្រក្រតីនានាក្នុងសាលារៀនដូចជា បង្រៀនគួរក្នុងម៉ោងរដ្ឋ យកវិញ្ញាសារបង្រៀនគួរទៅ ប្រឡងប្រចាំខែ ឆមាស និងប្រឡងនានា ទិញលក់ពិន្ទុ ឬអវត្តមាន លក់មេរៀន និងលួចម៉ោងសិក្សាជាដើម៕ ដោយ៖ វណ្ណ សុជាតា