និយ័តករធានារ៉ាប់រងកម្ពុជា៖ ទីផ្សារធានារ៉ាប់រងកម្ពុជាបច្ចុប្បន្ន មានការរីកចម្រើនគួរឱ្យកត់សម្គាល់
ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជាបានឱ្យដឹងថា ទីផ្សារធានារ៉ាប់រងកម្ពុជាបច្ចុប្បន្ន មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានបុព្វលាភ ដុលសរុបកើនឡើងដល់ប្រមាណ ៣៣២លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២។ដោយឡែកត្រឹមឆមាសទី១ ឆ្នាំ២០២៣ បុព្វលាភធានារ៉ាប់ដុល សម្រាប់អាជីវកម្មធានារ៉ាប់រង មានប្រមាណ ៩៤ លានដុល្លារ ដែលមានកំណើនប្រមាណ១,៨៨ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២២។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងបែបនេះក្នុងកម្មវិធីសម្ពោធផលិតផលធានារ៉ាប់រងបន្ថែម គ្រុបមេដប្រូ និង គ្រុបមេដប្រូ ផ្លើស របស់ក្រុមហ៊ុន ហ្វតត ឡាយហ៏ អីសួរិនស៍ (ខេមបូឌា) ម.ក នៅព្រឹកថ្ងៃទី១៨ ខែសីហាកន្លងទៅ។ លោកបានលើកឡើងថា ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា នៅតែរក្សាបានកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ ក្នុងរង្វង់ប្រមាណ១០ភាគរយ ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២។

លោកបន្តថា វិស័យធានារ៉ាប់រងបានរួមភាគទាន ក្នុងសេដ្ឋកិច្ចកម្ពុជា (Insurance Penetration Rate) ជាអត្រាប្រមាណ ១,១៧ភាគរយ និងដង់ស៊ីតេធានារ៉ាប់រង (Insurance Density) មានប្រមាណ ២០,៥៣ ដុល្លារអាមេរិក ក្នុងមនុស្សម្នាក់ក្នុងឆ្នាំ២០២២ ដែលនេះបញ្ជាក់ថាទីផ្សារធានារ៉ាប់រងកម្ពុជានៅមាន សក្ដានុពលធំធេងសម្រាប់ការអភិវឌ្ឍនាពេលអនាគត»។
លោកបន្ថែមថា ការរីកលូតលាស់នៃវិស័យ ធានារ៉ាប់រងអាយុជីវិតនេះ ក៏បានបង្ហាញឱ្យឃើញតាមរយៈភាពសម្បូរបែបនៃផលិតផល ធានារ៉ាប់រងដែលមាននៅលើទីផ្សារដូចជា ផលិតផលធានារ៉ាប់រងអាយុជីវិតមានកាលកំណត់ ផលិតផលអាយុជីវិតមួយជីវិតកាល ផលិតផលធានារ៉ាប់រងទាយជ្ជទាន និងផលិតផលធានារ៉ាប់រងបន្ថែមលើសុខភាពជាដើម។
លោក យក់ ចំរើនឫទ្ធិ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានមានប្រសាសន៍ថា ផលិតផលគ្រុបមេដប្រូ ក្នុងវិស័យធានារ៉ាបរ់ង គឺជាផលិតផលបន្ថែមតែមួយគត់ ដែលផ្តល់ការធានារ៉ាប់រងយ៉ាងទូលំទូលាយផ្នែកសុខភាពដល់និយោជិតរបស់លោកអ្នក និងអ្នកក្នុងបន្ទុករបស់និយោជិតទៅតាមគម្រោងដែលបានជ្រើសរើស។

លោកបានបញ្ជាក់ថាអត្ថប្រយោជន៍នៃផលិតផលនេះគឺ ទូទាត់សំណងលើថ្លៃសេវាវេជ្ជសាស្ត្រទាំងឡាយដែលកើតមានឡើងនៅពេលដែលនិយោជិត ឬអ្នកក្នុងបន្ទុករបស់និយោជិតចូលព្យាបាលដោយសម្រាកក្នុងមន្ទីរពេទ្យដែលបណ្តាល មកពីជំងឺ ឬគ្រោះថ្នាក់ ជាមួយនឹងជម្រើសនៃការទទួលបានការព្យាបាលទូទៅ និងសង្គ្រោះបន្ទាន់ ទាំងក្នុងតំបន់អាស៊ី និងជុំវិញពិភពលោក »។
បើតាមនិយ័តករធានារ៉ាប់រងកម្ពុជា គិតត្រឹមថ្ងៃទី ១៩ខែសីហា ឆ្នាំ២០២៣ មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ កំពុងធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានចំនួន ១៤ ៕ ដោយ៖ វណ្ណ សុជាតា