ក.ប.ប និងទីភ្នាក់ងារ GIZ ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការអនុវត្តគម្រោង COMPETE II ឱ្យទទួលបានលទ្ធផលល្អ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការកន្លែងបន្លំ «ក.ប.ប.» និងទីភ្នាក់ងារGIZ បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការដោយដាក់ចេញនូវផែនការអនុវត្តការងារបន្តឱ្យបានជោគជ័យស្របតាមគម្រោង COMPETE II ដើម្បីជួយជ្រោមជ្រែងដល់ការអភិវឌ្ឍគោលនយោបាយ និងច្បាប់ស្តីពីការប្រកួតប្រជែងនៅប្រទេសកម្ពុជា។

ភាគីទាំងបានបង្ហាញការប្តេជ្ញាចិត្តនេះ នៅក្នុងកិច្ចប្រជុំពិភាក្សាការងាររវាងឯកឧត្តម ផាន អូន ប្រតិភូរាជ
រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប. ជាមួយលោក Frank Tibitanzl នាយកគម្រោងCOMPETEប្រចាំតំបន់អាស៊ានកាលពីថ្ងៃទី១៨ខែសីហា។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាននិងសហការីនៃអគ្គនាយកដ្ឋាន ក.ប.ប. និង លោក Frank Jattke ប្រធានក្រុមការងារអាស៊ាននៃទីភ្នាក់ងារ GIZ ប្រចាំប្រទេសកម្ពុជា និងតំណាងទីភ្នាក់ងារ GIZ ផងដែរ។ នេះបើតាមការ ក.ប.ប.។

ថ្លែងក្នុងកិច្ចប្រជុំនោះឯកឧត្តម ផាន អូន បានកោតសរសើរនិងថ្លែងអំណរគុណដល់ទីភ្នាក់ងារ GIZ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងស្អិតរមួតទាំងផ្នែកជំនួយបច្ចេកទេសនិងហិរញ្ញវត្ថុក្រោមគម្រោង COMPETE II ដែលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពស្ថាប័នរបស់អគ្គនាយកដ្ឋាន ក.ប.ប.។
ជាមួយគ្នានេះដែរ លោក Frank Tibitanzl ក៏បានធ្វើការកើតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋាន ក.ប.ប. ដែលសម្រេចបានសមទ្ធិផលជាច្រើនគួរជាទីមោទនៈ។
តាមរយៈជំនួបពិភាក្សានេះ ភាគីទាំងពីរបានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការដោយដាក់ចេញនូវផែនការអនុវត្តការងារបន្ត ដើម្បីសម្រេចឱ្យបាននូវលទ្ធផលដទៃផ្សេងទៀត ស្របតាមគម្រោង COMPETE II រហូតដល់ឆ្នាំ២០២៥។

គួរជម្រាបថា អគ្គនាយកដ្ឋាន ក.ប.ប និងទីភ្នាក់ងារ GIZ កាលពីខែឧសភា ឆ្នាំ ២០២៣ បានចុះហត្ថលេខារួមគ្នាលើកំណត់ហេតុនៃការព្រមព្រៀងគ្នាលើការអនុវត្តគម្រោង COMPETE II ដើម្បីបន្តការជួយជ្រោមជ្រែងដល់ការអភិវឌ្ឍគោលនយោបាយ និងច្បាប់ស្តីពីការប្រកួតប្រជែងនៅប្រទេសកម្ពុជា ដែលមានរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមចាប់ពីចុងខែវិច្ឆិកាឆ្នាំ២០២២រហូតដល់ចុងខែតុលាឆ្នាំ២០២៥៕ ដោយ៖ សុខ រក្សា

ads banner