សាលារៀនចំនួនបួនក្នុងខេត្តសៀមរាប ត្រូវបានជ្រើសរើសអនុវត្តគម្រោងសាកល្បងស្ដីពីការអប់រំ STEM បែបថ្មី
ភ្នំពេញ៖ សាលារៀនចំនួនបួនក្នុងខេត្តសៀមរាប រួមមាន អនុវិទ្យាល័យ អរញ្ញរង្សី, អនុវិទ្យាល័យ ហ៊ុន សែន រលួស, អនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ចាន់ស និងអនុវិទ្យាល័យកែវពណ៌ ត្រូវបានជ្រើសរើសធ្វើជាសាលាគោលដៅ ដើម្បីអនុវត្តគម្រោងសាកល្បងស្ដីពីការអប់រំ STEM បែបថ្មីឈ្មោះថា “STEM Skills4Girls” ក្នុងគោលដៅផ្តល់ឱ្យស្ត្រីវ័យក្មេងកម្ពុជា នូវសិទ្ធអំណាច ជំនាញ និងចំណេះដឹង ដើម្បីឈោងចាប់ឱកាសការងារក្នុងវិស័យបច្ចេកវិទ្យា។

យោងតាមការផ្សព្វផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣ ឱ្យដឹងថា សិស្សានុសិស្សនៃសាលាគោលដៅ នឹងទទួលបានអត្ថប្រយោជន៍ដូចជា ការសិក្សាសាកល្បងកម្មវិធីសិក្សា STEM ដែលត្រូវបានចងក្រងឡើងស្របតាមគោលដៅអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ការទទួលបានការណែនាំពីអ្នកជំនាញផ្នែកឧស្សាហកម្មបច្ចេកវិទ្យា និងឱកាសចូលរួមប្រកួតប្រជែងកម្មវិធី Game Jam/hackathon។

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣ បានសហការជាមួយ អង្គការយូនីសេហ្វ និងអង្គការការិយាល័យនវានុវត្តន៍ នៃប្រទេសស៊ុយអែត បើកវគ្គបណ្ដុះបណ្ដាលគ្រូដឹកនាំ ក្នុងគម្រោងសាកល្បងស្ដីពីការអប់រំ STEM បែបថ្មីឈ្មោះថា “STEM Skills4Girls” ក្នុងគោលដៅផ្តល់ឱ្យស្ត្រីវ័យក្មេងកម្ពុជា នូវសិទ្ធអំណាច ជំនាញ និងចំណេះដឹង ដើម្បីឈោងចាប់ឱកាសការងារក្នុងវិស័យបច្ចេកវិទ្យានិងបញ្ជ្រាបឧស្សាហកម្ម Gaming Education ក្នុងវិស័យអប់រំ។

បើតាម ក្រសួងអប់រំ វគ្គបំប៉ននេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅអនុវិទ្យាល័យ អរញ្ញរង្សី ខេត្តសៀមរាប ដែលមានការចូលរួមដោយតំណាងអង្គការ យូនីសេហ្វ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ តំណាងមន្តីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំស្រុក គណៈគ្រប់គ្រង និងគ្រូបង្រៀននៃសាលាគោលដៅទាំង៤ យុវសិស្ស និងគ្រូដឹកនាំមកពីវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

ក្រសួងបន្តថា វគ្គបណ្ដុះបណ្ដាល បានផ្តោតទៅលើការណែនាំអំពី ការអប់រំ STEM និងឧស្សាហកម្មហ្គេម ក្នុងប្រទេសកម្ពុជា ការផ្សារភ្ជាប់ការបណ្តុះបណ្តាល ជាមួយជំនាញទន់មុខរបរការងារក្នុងវិស័យហ្គេម ការប្រមូលធាតុចូលពីលោកគ្រូអ្នកគ្រូ ដើម្បីឈានទៅបង្កើតកម្មវិធីសិក្សា STEM ដែលស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងសមស្របតាមបរិបទកម្ពុជា៕ ដោយ៖ គឹម យុត្ថារ៉ុ
