មន្រ្តីជាន់ខ្ពស់សុខាភិបាលអំពាវនាវពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងបន្ត បន្ទាប់ពីចន្លោះពី៦ទៅ៨ខែ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ បើទោះបីជាស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩នៅកម្ពុជាមានការថយចុះគួរឱ្យកត់សម្គាល់ក្តី ប៉ុន្តែមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលនៅតែអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងបន្តបន្ទាប់នៅតាមមូលដ្ឋានមណ្ឌលសុខភាព បន្ទាប់ពីខ្លួនបានចាក់វ៉ាក់សាំងចន្លោះពីប្រាំមួយទៅ ប្រាំបីខែ ឡើងទៅ។

នេះការអំពាវរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ក្នុងឱកាសប្រជុំបូកសរុបលទ្ធផលការងារ (គ.វ.ក-១៩) និងប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលដល់មន្ដ្រី បុគ្គលិក កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។

អំឡុងពេលផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននាឱកាសនោះលោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា កន្លងទៅនេះ អង្គការសុខាភិបាលពិភពលោក (WHO) បានប្រកាសថា វីរុសកូវីដ១៩ បានឆ្លងនិងបានកើតរួចមកហើយ ប៉ុន្តែបញ្ហានេះនៅមានបន្តទៀតនៅលើពិភពលោក គ្រាន់តែថាបញ្ហានេះលែងជាក្តីកង្វល់របស់អន្តរជាតិ។ ទន្ទឹមនោះ អង្គការសុខភាពពិភពលោកក៏បានផ្តល់នូវអនុសាសន៍ដល់បណ្តាប្រទេសជាសមាជិក ឱ្យបន្តយកចិត្តទុកដាក់ដោយគិតគូរការផ្តល់ការចាក់វ៉ាក់សាំងនេះទៅជាប្រចាំ។

ជាមួយគ្នានេះ លោកជំទាវបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជាប្រចាំនៅកម្ពុជា នឹងធ្វើការងារជាបណ្តើរ ហើយ(គ.វ.ក-១៩) កំពុងតែប្រតិបត្តិដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ប៉ុន្តែមិនមានការដាក់ចេញជាយុទ្ធនាការឬទីតាំងចល័តទៀតទេ។ លោកជំទាវថា យើងក៏មិនត្រូវភ្លេចដែលការចាក់វ៉ាក់សាំងនេះ ថ្វីត្បិតតែស្ថានភាពមានការធូរស្រាលច្រើន ប៉ុន្តែការចាក់វ៉ាក់សាំងនេះ ដោយមានការឯកភាពខ្ពស់សម្តេចតេជោថាយើងនឹងបន្តក្នុងរូបភាពបែបជាប្រចាំ ហើយនៅតែឈរលើគោលការណ៍ស្ម័គ្រចិត្តដដែរ។ អ៊ីចឹងមានន័យថា បងប្អូនប្រជាពលរដ្ឋនៅពេលណាចាក់ហើយចាប់ពីប្រាំមួយខែឬប្រាំបីខែឡើង អាចស្ម័គ្រចិត្តដើម្បីទៅទទួលការចាក់វ៉ាក់សាំងដូសជាបន្តបន្ទាប់។ មានន័យថាការផ្តល់វ៉ាក់សាំងនេះធ្វើនៅតាមមូលដ្ឋានសុខាភិបាល នៅតាមមណ្ឌលសុខាភាពឬក៏មន្ទីរពេទ្យនានា។

ក្នុងឱកាសនោះដែរលោកជំទាវ ឱ វណ្ណឌីន ថ្លែងអំណរគុណទៅដលសហការីទាំងអស់នៅទូទាំងប្រទេស ជាពិសេសថ្នាក់ដឹកនាំបណ្តាស្ថាប័ន ក្រសួង និងថ្នាក់ក្រោមជាតិ កន្លងមកនេះបានចូលរួមយ៉ាងសកម្មនៅក្នុងការងារចាក់វ៉ាក់សាំងកូវីដ១៩ ដែលជំរុញឱ្យការងារនេះមានវឌ្ឍនភាពល្អប្រសើរ។
លោកស្រីក៏បានថ្លែងអំណរគុណទៅដល់ក្រសួងការពារជាតិ ក្រុមគ្រូពេទ្យកងទ័ព ក្នុងនោះក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា និងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងៗទៀត ដែលបានចូលរួមចំណែកយ៉ាងសកម្មជាទីបំផុត នៅក្នុងការផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ១៩ រហូតដល់យើងទទួលបាននូវជោគជ័យ។

លោកជំទាវបានរំឮកផងដែរថា ការងារចាក់វ៉ាក់សាំងជាយុទ្ធសាស្រ្ត១ នៅក្នុងយុទ្ធសាស្រ្តចំនួនប្រាំមួយ ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានដាក់ចេញកន្លងទៅនេះ ហើយបានប្រកាសឱ្យធ្វើយុទ្ធនាការតាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២១។ លោកជំទាវថាបន្តថា នៅពាក់កណ្តាលខែមីនា ឆ្នាំ ២០២១ សម្ដេចតេជោនាយករដ្ឋមន្រ្តីបានប្រកាសបង្កើតនូវគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសផងដែរ ហើយយើងសង្កេតឃើញថា វឌ្ឍនភាពក្រោយបង្កើតនូវ (គ.វ.ក-១៩) ការចាក់វ៉ាក់សាំងមានល្បឿនលឿនមែនទែន។

លោកជំទាវថា៖«ស្របពេលគ្រានោះការឆ្លងចូលសហគមន៍ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងតែមានការឆ្លងទ្រង់ទ្រាយក្នុងចំនួនច្រើន។ អ៊ីចឹង! ការចាក់វ៉ាក់សាំងនេះ គឺរុញក្នុងល្បឿនមួយប្រឡងប្រណាំងជាមួយនឹងល្បឿននៃការឆ្លងកូវីដ ១៩។ ប៉ុន្តែល្បឿននៃការចាក់វ៉ាក់សាំងដែលយើងជំរុញបានលឿននេះ ក៏ជាការចូលរួមចំណែកមួយដ៏ធំធេងនៅក្នុងការធ្វើឱ្យមានភាពស៊ាំបុគ្គល មានភាពស៊ាំសហគមន៍របស់យើង ដែលធ្វើឱ្យសង្គមកម្ពុជា ជាពិសេសរហូតទៅដល់ការសម្រេចបាននូវគោលដៅ ១០លាននាក់ នៅត្រឹមចុងខែតុលា ឆ្នាំ ២០២១ និងមានការបើកប្រទេសបានលឿនផងដែរ»។

តាមរបាយការណ៍ផ្លូវការរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៨ ខែសីហានេះ កម្ពុជាពុំបានរកឃើញអ្នកឆ្លងថ្មី គ្មានអ្នកជាសះស្បើយ និងមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ។ ចំណែកលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៦៦%៕ ដោយ៖ សុខ រក្សា

ads banner