មេដឹកនាំយោធានីហ្សេព្រមានប្រឆាំងនឹងការធ្វើអន្តរាគមន៍យោធា
នីញ៉ាម៉េ៖ មេដឹកនាំយោធាថ្មីនីហ្សេ នៅថ្ងៃទី១៩ ខែសីហានេះ បានអះអាងថា ការផ្លាស់ប្តូរអំណាចនឹងមិនលើសពីបីឆ្នាំនោះទេ ហើយបានព្រមានថា ការធ្វើអន្តរាគមន៍យោធាណាមួយលើប្រទេសខ្លួន នឹងមិនងាយស្រួលសម្រាប់អ្នកពាក់ព័ន្ធនោះទេ។

លោកឧត្តមសេនីយ អាប់ឌួរ៉ាហាម៉ាណេ ធីអានី បាននិយាយនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍យ៉ាងដូច្នេះថា មហិច្ឆតារបស់ពួកយើងគឺមិនមែនដើម្បីរឹបអូសអំណាចទេ និងថា ការផ្លាស់ប្តូរអំណាចណាមួយនឹងមិនលើសពីបីឆ្នាំទេ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ប្រសិនបើមានការធ្វើអន្តរាគមន៍យោធា ឬការវាយប្រហារមួយប្រឆាំងនឹងពួកយើង នោះវានឹងមិនងាយស្រួលសម្រាប់អ្នកពាក់ព័ន្ធនោះទេ។

ការព្រមានរបស់លោក ធីអានី ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីគណៈប្រតិភូមកពីប្លុកតំបន់អាហ្វ្រិកខាងលិច (ECOWAS) បានធ្វើដំណើរមកដល់ប្រទេសនីហ្សេ ដើម្បីជំរុញការចរចាផ្លូវការទូតចុងក្រោយ មុនពេលសម្រេចចិត្តថាតើត្រូវចាត់វិធានការយោធាប្រឆាំងនឹងមេដឹកនាំយោធាថ្មីនីហ្សេដែរឬអត់។

ជាមួយគ្នានេះ ក្រុមប្រតិភូបានជួបប្រធានាធិបតីនីហ្សេដែលត្រូវបានបណ្តេញចេញពីអំណាច គឺលោក មហាំម៉ាត់ បាហ្សូម ដែលត្រូវបានឃុំឃាំងជាមួយគ្រួសាររបស់គាត់នៅឯគេហដ្ឋានផ្លូវការរបស់ប្រធានាធិបតី ចាប់តាំងពីគាត់ត្រូវបានគេពីអំណាចដោយរដ្ឋរដ្ឋប្រហារកាលពីថ្ងៃទី២៦ ខែកក្កដាកន្លងមក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
