ភ្លើងឆេះព្រៃនៅភាគខាងលិចប្រទេសកាណាដា បង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួន
អូតាវ៉ា៖ មន្ត្រីនៅភាគខាងលិចនៃរដ្ឋ ប៊្រីដធីស ខូឡុំប៊ី ប្រទេសកាណាដា នៅថ្ងៃទី១៩ ខែសីហានេះ បានអង្វរអ្នកស្រុករាប់ម៉ឺននាក់ឱ្យស្តាប់ការព្រមាន និងជម្លៀសខ្លួនចេញទៅកាន់តំបន់មានសុវត្ថិភាព ខណៈដែលភ្លើងឆេះព្រៃដ៏ខ្លាំងក្លាកំពុងគំរាមកំហែងទីតាំងនៅតាមជ្រលងភ្នំអូកាណាហ្គេន រួមទាំងទីក្រុងខេឡូណា ផងដែរ។

រដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្នរដ្ឋ ប៊្រីដធីស ខូឡុំប៊ី លោកស្រី បូវីន ម៉ា បាននិយាយថា មនុស្សប្រហែល ៣០,០០០នាក់ស្ថិតនៅក្រោមការបញ្ជាឱ្យជម្លៀសខ្លួនជាបន្ទាន់ ខណៈដែលមនុស្ស ៣៦,០០០នាក់ទៀតស្ថិតនៅក្រោមការប្រុងប្រយ័ត្ន ដើម្បីត្រៀមភៀសខ្លួន។

ចាប់តាំងពីមានបទបញ្ជាឱ្យជម្លៀសខ្លួនកាលពីថ្ងៃពុធសប្តាហ៍នេះ មនុស្សភាគច្រើនបានភៀសខ្លួនតាមជើងហោះហើរសង្គ្រោះបន្ទាន់ នេះបើតាមរដ្ឋមន្ត្រីបរិស្ថាននៃដែនដីភាគពាយ័ព្យ លោក ហ្សេន ថមសុន បង្ហោះសារនៅលើបណ្តាញសង្គមអ៊ិច ដែលពីមុនត្រូវបានគេស្គាល់ថា ជាធ្វីតធើ។

ទីក្រុងខេឡូណា នៃរដ្ឋ ប៊្រីដធីស ខូឡុំប៊ី ដែលមានប្រជាជនចំនួន ១៥០,០០០នាក់ គឺជាទីតាំងចុងក្រោយបង្អស់ ដែលរងការគំរាមកំហែងពីភ្លើងឆេះព្រៃធ្ងន់ធ្ងរទូទាំងប្រទេសកាណាដា នៅក្នុងរដូវក្តៅនេះ ដែលបានធ្វើឱ្យផ្ទៃដីរាប់លានហិកតាឆេះ។

នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បាននិយាយថា លោកបាននិយាយជាមួយអភិបាលរដ្ឋ ប៊្រីដធីស ខូឡុំប៊ី លោក ដេវីដ អ៊ីបាយ អំពីការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងស្ថានភាពភ្លើងឆេះព្រៃដ៏គួរឱ្យភ្ញាក់ផ្អើល ហើយបានសន្យាថា នឹងផ្តល់ធនធានសហព័ន្ធ ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយដ៏អាក្រក់នេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

